ភ្នំពេញ ៖ ផ្សារពាណិជ្ជកម្មដ៏ធំមួយក្រោមការវិនិយោគរបស់វិនិយោគិនចិន មកពីខេត្តស៊ីឈួន នៅតាមបណ្ដោយផ្លូវជាតិលេខ៤ នឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសផ្ដល់នូវប្រាក់ចំណូល ផ្តល់ឱកាសការងារ និងទាក់ទាញការវិនិយោគបន្ថែមទៀតពីបរទេសមកកាន់កម្ពុជា។
ខណៈវិស័យសំណង់លំនៅឋាន និងសំណង់អគារផ្សេងៗទៀតនៅកម្ពុជា កំពុងមានការរីកដុះដាលជាបន្តបន្ទាប់ វិនិយោគិនចិនបានសម្លឹងមើលពីការវិនិយោគក្នុងវិស័យនេះ ដោយបានបើកផ្សារពាណិជ្ជកម្មដ៏ធំមួយនៅប៉ែកខាងលិចរាជធានីភ្នំពេញ នោះគឺផ្សារលក់រាយនូវគ្រឿងសង្ហារឹមសម្រាប់បំពាក់តាមអគារនិងលំនៅឋាន ។
ថ្លែងនៅក្នុងពិធីបើកដំណើរការជាផ្លូវការផ្សារពាណិជ្ជកម្ម ចេងឌូបាយី កាលពីព្រឹកថ្ងៃទី២១ ខែមិថុនានេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានចាប់អារម្មណ៌ថា វត្តមានរបស់ផ្សារពាណិជ្ជកម្មចិន នឹងផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងសម្រាប់សេដ្ឋកិច្ចកម្ពុជា ដោយសារផ្សារនេះ នឹងស្រូបយកទំនិញក្នុងស្រុក ដែលផលិតដោយសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញការនាំចេញ ។
លើសពីនេះ ផ្សារនេះ នឹងបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន លើកកម្ពស់វិស័យទេសចរណ៍ជាតិ ព្រមទាំងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន ថែមទៀត ។ រដ្ឋមន្ត្រីបន្តថា កំណើនរឹងមាំសេដ្ឋកិច្ចរបស់កម្ពុជា និងវឌ្ឍនភាពនៃវិស័យសំណង់ បានធ្វើឲ្យកើនឡើងនូវតម្រូវការប្រើប្រាស់សម្ភារៈ និងគ្រឿងសង្ហារឹមប្រណិតៗ។
ការមកដល់នៃផ្សារពាណិជ្ជកម្មចិន នឹងផ្តល់ជម្រើសកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បានជីវិតរស់នៅតាមបែបស៊ីវិល័យ ស្របតាមបរិបទរីកចម្រើននៃវិស័យសេដ្ឋកិច្ច ។ លោកបានអំពាវនាវ ដល់បណ្ដាសហគ្រិន និងផលិតករកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្ម ដាក់តាំងបង្ហាញផលិតផល និងមុខទំនិញ នៅក្នុងបរិវេណពិព័រណ៍ដែលផ្តល់ជូនដោយក្រុមហ៊ុន ចេងឌូបាយី ដើម្បីស្វែងរកអតិថិជន និងដៃគូពាណិជ្ជកម្ម មកពីប្រទេសចិន សំដៅលើការលក់ និងចែកចាយទៅកាន់ទីផ្សារធំៗនៅក្នុងប្រទេសចិន ។
លោកស្រី ឆាង យីង (Zhang Ying) អនុប្រធានមន្ទីរពាណិជ្ជកម្មនៃខេត្តស៊ីឈួនប្រទេសចិនបានអោយដឹងថា ប្រទេសកម្ពុជា កំពុងខិតខំប្រឹងប្រែងជំរុញយុទ្ធសាស្ត្រចតុកោណ សម្រាប់ការអភិវឌ្ឍន៍ជាតិ ហើយកម្ពុជានឹងក្លាយជាប្រទេសចំណូលខ្ពស់កម្រិតមធ្យម នៅឆ្នាំ ២០៣០ ។
លោកស្រីបន្តថា ចាប់តាំងពីការចាប់ផ្ដើមនៃគំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់មួយផ្លូវមួយមក វាបានទទួលជោគជ័យយ៉ាងល្អប្រសើរក្នុងវិស័យកសិកម្ម ថាមពល ការដឹកជញ្ជូន និងយុទ្ធសាស្ត្រចតុកោណ ។ ខេត្តស៊ីឈួនជាចំណុចសំខាន់នៃខ្សែក្រវ៉ាត់មួយផ្លូវមួយ និងជាច្រករបៀងចរាចរណ៍សំខាន់នៅអាស៊ីអាគ្នេយ៍ ។
ខេត្តនេះ មានដីសមត្ថភាពឧស្សាហកម្មយ៉ាងខ្លាំងក្លា និងបានចាក់គ្រឹះដ៏រឹងមាំ សម្រាប់ចិននិងអាស៊ីអាគ្នេយ៍ ដើម្បីបំពេញអោយគ្នាទៅវិញទៅមក និងសម្រេចបាននូវភាពរុងរឿងនិងការអភិវឌ្ឍន៍ជាទូទៅ ។គួរកត់សម្គាល់ថា បច្ចុប្បន្នប្រទេសចិន បានក្លាយជាដៃគូវិនិយោគធំបំផុតនៅកម្ពុជា ។
បើតាមកំណត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ស្តីពីទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បង្ហាញថា ចាប់ពីតាំងឆ្នាំ២០០៤ រហូតដល់ខែមិថុនា ឆ្នាំ២០១៧ ទឹកប្រាក់វិនិយោគពីប្រទេសចិន មានចំនួនសរុប ៧២៦ ពាន់លានដុល្លារ ហើយបានឈរក្នុងលំដាប់ទី១ ក្នុងចំណោមប្រទេសដៃគូទាំងអស់ ។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចិន នៅក្នុងឆ្នាំ២០១៧ សម្រេចបាន ៥ពាន់៨រយលានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជា មានចំនួន ១ពាន់លានដុល្លារ និងនាំចូលពីប្រទេសចិនមានចំនួន ៤ពាន់៧រយលានដុល្លារ ៕