ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និងវិទ្យាស្ថានជាតិ NIPTICT កាលពី រសៀល ថ្ងៃទី២១ខែមិថុនា នេះ បានរៀបចំពិធីប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌ មាន កម្ពុជា ដល់ក្រុមហ៊ុនដែលទទួល ជ័យលាភីប្រចាំឆ្នាំ ២០១៨ និងការជួបជុំរវាងក្រុមហ៊ុន បច្ចេកវិទ្យា សាជីវកម្ម ធនាគារ គ្រឹះស្ថាន ហិរញ្ញវត្ថុ ស្ថាប័នរដ្ឋ និងក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មថ្មី។
ការប្រកួតប្រជែងពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកម្ពុជា គឺជាកម្មវិធីប្រកួត ប្រជែង ថ្នាក់ជាតិដែលផ្តល់ឱកាស ដល់យុវជន ក្នុងការជំរុញនវានុវត្តន៍ ក្នុងវិស័យបច្ចេកវិទ្យាគម នាគមន៍ និងព័ត៌មាន ក៏ដូចជាលើកទឹកចិត្តបង្កើតគំនិតថ្មីៗក្នុងចំណោមក្រុមហ៊ុនឯកជន និងស្ថាប័ន ពាក់ព័ន្ធនឹងវិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជ័យលាភីលេខ១ ដែលមានប្រាក់រង្វាន់ ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក បានទៅលើក្រុមហ៊ុន Morakot VB ដែលជាក្រមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលផ្តោត សំខាន់លើប្រព័ន្ធធនាគារ សម្រាប់ គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ ធនាគារ ហាងបញ្ចាំ និងប្រតិបត្តិករ ឥណទាន។
ជ័យលាភីលេខ ២ ដែលមានប្រាក់រង្វាន់ ៣ពាន់ដុល្លារសហរដ្ឋអាមេរិក បានទៅលើក្រុមហ៊ុន SoyoCambodiaជាកម្មវិធីទស្សនាភាពយន្តដំបូងគេបំផុតក្នុងប្រទេសកម្ពុជា ដែលបណ្តុំទៅដោយ ភាពយន្ត ខ្មែរ ថៃ ចិន កូរ៉េ និង ហូលីវូដ រាប់ពាន់រឿង ជាមួយនឹងការប្រែសម្រួលជាភាសាខ្មែរ និង ផ្តល់ភាពងាយស្រួលនិងសំបូរបែបក្នុងការទស្សនាបាននៅលើឧបករណ៍គ្រប់ប្រភេទគ្រប់ពេលនិងគ្រប់ទីកន្លែង។
ជ័យលាភីលេខ ៣ ដែលមានប្រាក់រង្វាន់ ២ពាន់ដុល្លារសហរដ្ឋអាមេរិក បានទៅលើក្រុមហ៊ុន បេនជី ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលផ្តោតសំខាន់ក្នុងការគាំទ្រ សហគ្រាសធុនតូច និង មធ្យម ដើម្បីអោយពួកគេអាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ ទទួលបាន និងធ្វើការទូទាត់ វិក្ក័យបត្រ លឿន ព្រមទាំងអាចទទួលបានកម្ចី ដោយផ្អែកលើ របាយការណ៍ហិរញ្ញវត្ថុ តែប៉ុណ្ណោះ ។ ក្រៅពីជ័យលាភីខាងលើ ក៏បានផ្ដល់ពានរង្វាន់ល្អបំផុតតាមវិស័យ មួយចំនួនទៀត។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគម បានមានប្រសាសន៍ថា ក្រៅពីប្រកួតក្នុងស្រុក កម្ពុជាក៏នឹងបញ្ជូនយុវជនទៅប្រកួតជាលក្ខណៈអន្តរជាតិ នៅតាមបណ្តា ប្រទេសជាច្រើនទៀត ដើម្បីដកស្រង់បទពិសោធន៍ និងវាស់វែងសមត្ថភាព បន្ថែមរបស់យុវជន យើង។
សូមបញ្ជាក់ថា ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា២០១៨ ផ្តល់នូវពាន រង្វាន់ចំពោះសមិទ្ធិផល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលមានភាពច្នៃប្រឌិតខ្ពស់ បំផុតក្នុង ប្រទេសកម្ពុជា រៀបចំឡើងដោយ វិទ្យាស្ថានជាតិ NIPTICT និងមានការឧបត្ថម្ភគាំទ្រពី មូលនិធិ នៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍ លើវិស័យ ទូរគមនាគមន៍ និងបច្ចេក វិទ្យា គមនាគមន៍និងព័ត៌មាន និងវិស័យឯកជនមួយចំនួនទៀត។