ក្រូចថ្លុង​ខេត្តក្រចេះត្រូវបាន​ប្រកាស​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​កម្រិត​អន្តរជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 June, 2018 ក+ ក-

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួងពាណិជ្ជកម្ម​ជា​សេនាធិការ បានប្រកាស​ដាក់​ផលិតផល​ក្រូចថ្លុង​កោះ​ទ្រង់ ក្នុង​ខេត្តក្រចេះ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI )​បន្ទាប់ពី​ផលិតផល​កំពុងមាន​ឈ្មោះ​ល្បី​លើ​គុណភាព​ឆ្ងាញ់ ហើយ​ការដាក់បញ្ចូល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នេះដែរ វា​នឹង​អាចអោយ​កសិករ​និង​អ្នក​ផលិត​ទទួលបាន​ផលប្រយោជន៍​ច្រើន​បន្ថែមទៀត ។

​ដើម្បី​បង្កើន​ភាពល្បីល្បាញ​នៃ​ផលិតផល​ក្រូចថ្លុង​កោះ​ទ្រង់ ក្នុង​ខេត្តក្រចេះ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បានសម្រេច​ដាក់បញ្ចូល​ជា​ផ្លូវការ​នូវ​ផលិតផល​មួយ​នេះ ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ ( GI ) និង​បានប្រកាស​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ម្សិលមិញ​នេះ ក្រោម​វត្តមាន​លោក ប៉ាន សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ។

​នៅក្នុង​ពិធី​ប្រកាស​ដាក់​ជា​ផ្លូវការ​នេះដែរ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា ដោយ​មើលឃើញ​ពី​សារៈសំខាន់​នេះ ទើប​ក្រសួងពាណិជ្ជកម្ម ដែលមាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា ជា​សេនាធិការ បាន​ខិតខំ​ផ្តួចផ្តើម​គម្រោង​អភិវឌ្ឍន៍ «​ក្រូចថ្លុង​កោះ​ទ្រង់​» ឲ្យ​ទៅជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ដោយ​ប្រើប្រាស់​ជំនួយ​បច្ចេកទេស និង​ហិរញ្ញប្បទាន ផ្តល់​តាមរយៈ​អង្គការ​កម្ម​សិ​ទិ្ធ​បញ្ញា​ពិភពលោក រហូត ទទួលបាន​ផ្លែផ្កា​គួរ​ជាទី​មោទនៈ នេះ​ចាត់ទុកជា​សមិទ្ធផល​ថ្មី​មួយទៀត របស់​ក្រសួងពាណិជ្ជកម្ម​បន្ថែម​ពីលើ​សមិទ្ធផល​ជាច្រើន​ដែល​ក្រសួង​ទទួលបាន​នាពេល​កន្លងមក​។ ការដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ក្រូចថ្លុង​កោះ​ទ្រង់ នឹង​ជួយ ការពារ​អត្តសញ្ញាណ​ផលិតផល​ប្រពៃណី បង្កើត​ឱកាស​ការងារ និង​បង្កើន​ប្រាក់ចំណូល​កាន់តែច្រើន​សម្រាប់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ព្រមទាំង​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក ។
​លោក​បន្តថា ចាប់តាំងពី​ក្រសួងពាណិជ្ជកម្ម បាន​ជំរុញ​ការអភិវឌ្ឍ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «​ក្រូចថ្លុង​កោះ​ទ្រង់​» បានធ្វើ​ឲ្យ​តម្លៃ​ក្រូចថ្លុង កើនឡើង​ពី ៥.០០០ រៀល រហូតដល់ ១២. ០០០ ក្នុង​មួយ​ផ្លែ ហើយនឹង​បន្ត​កើនឡើង​ថែមទៀត នាពេល​អនាគត ។

​លោកស្រី ជាន រី​ណា ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​សមាគម​អ្នក​ដាំ​ក្រូចថ្លុង​កោះ​ទ្រង់​ខេត្តក្រចេះ​បានអោយដឹងថា បច្ចុប្បន្ន​សមាគម​អ្នក​ដាំ​ក្រូចថ្លុង​កោះ​ទ្រង់​ក្រចេះ មាន​សមាជិក​ដែលជា​ផលិតករ និង​អាជីវករ​សរុប​ចំនួន ១៥៥​គ្រួសារ មកពី​សង្កាត់​កោះ​ទ្រង់ ឃុំ​វឌ្ឍនៈ​និង​មាន​ដើម​ក្រូចថ្លុង​សរុប​ចំនួន ១៣.៧៩០​ដើម ហើយ​ក្នុងនោះ​ក្រូចថ្លុង ២.៤៧៤​ដើម​អាច​ទទួលផល ។ ការដាក់បញ្ចូល​ជា​ផ្លូវការ​នូវ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​របស់​ក្រូចថ្លុង​កោះ​ទ្រង់ នឹងធ្វើ​អោយ​អ្នក​ដាំ​ក្រូចថ្លុង កោះ​ទ្រង់​ក្រចេះ អាច​ទទួលបាន​ផលប្រយោជន៍​បន្ថែមទៀត ដូចជា​ទទួលបាន​កេរ្តិ៍ឈ្មោះ​កាន់តែ​ល្បី​និង​កាន់​តែមាន​អ្នក​ស្គា​ល់ពី​គុណភាព​ក្រូចថ្លុង​នៅ​កោះ​ទ្រង់។

​លោកស្រី Allexandra Grazioli ( អេ​ឡិច​ហ្សា​ន់​ដ្រា ហ្ក្រា​ហ្ស៊ូ​លី ) តំណាង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​បានអោយដឹង​ថា ក្នុង​ពិភព​សាកលភាវូបនីយកម្ម​ដែល​យើង​កំពុង​រស់នៅ​បច្ចុប្បន្ននេះ ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​ផលិតករ ដើម្បី​បង្កើត​និង​បង្ហាញ​ផលិតផល​របស់ខ្លួន ប្រសិនបើ​ពួកគេ​ចង់​ទទួលជោគជ័យ​និង​អាច​ប្រកួតប្រជែង​ជាមួយ​ផលិតករ​និង​ប្រតិបត្តិ​ករ​ដទៃទៀត​នៅក្នុង​ទីផ្សារ​សាកលលោក​។ ចក្ខុវិស័យ​ស្តីពី​ការប្រើប្រាស់​កម្មសិទ្ធិបញ្ញា អោយ​បានល្អ​បំផុត​ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ​ប្រទេស​របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បានបង្ហាញ​នៅថ្ងៃនេះ ហើយក៏​បានបង្ហាញ​ផងដែរ​នៅ​វេទិកា​អន្តរជាតិ​និង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ។

​គួរ​បញ្ជាក់ថា តាមរយៈ​ក្រសួងពាណិជ្ជកម្ម រាជរដ្ឋាភិបាល​បាន ខិតខំ​ដាក់បញ្ចូល​ផលិតផល​មួយចំនួនទៀត​ក្រៅពី​ក្រូចថ្លុង​កោះ​ទ្រង់ ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ ដូចជា ម្រេច​កំពត និង​ស្ករត្នោត​កំពង់ស្ពឺ ជាដើម​៕