ព្រះសីហនុ ៖ ចំណតផែពហុបំណងស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានបើកសម្ពោធ អោយដំណើរការជាផ្លូវការហើយ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា រួមនិងវត្តមានចូលរួមរបស់តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ផងដែរ។
ការសាងសង់ចំណតផែពហុបំណងថ្មីនេះ បានចំណាយរយៈពេល៤២ខែ ចាប់តាំងខែមករា ឆ្នាំ២០១៥ និងបានបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០១៨នេះ ដោយចំណាយថវិកាសាងសង់ប្រមាណ ៧៤លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែពហុបំណងកំពង់ផែក្រុងព្រះសីហនុ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ទទួលបន្ទុកលើការបង់ពន្ធ និងអាករផ្សេងៗ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចាត់ទុកថាប្រទេសជប៉ុនជាដៃគូអភិវឌ្ឍធំទី២ដែលបានជួយដល់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២មក ជាពិសេស គ្រាន់តែការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ភាគីជប៉ុន បានផ្តល់ហិរញ្ញប្បទានជាង៣០០លានដុល្លារអាមេរិកហើយ បើគិតមកដល់ពេលបច្ចុប្បន្ន។ សម្តេចតេជោ បានថ្លែងថា ចំណតផែពហុបំណងនេះ បានបង្កើនសមត្ថភាពមួយផ្នែកធំបន្ថែមទៀតសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលពីមុនអាចទទួលនាវាដឹកទំនិញចូលចតត្រឹមចំណុះ១ម៉ឺនតោនប៉ុណ្ណោះ ប៉ុន្តែចាប់ពេលនេះ គឺអាចអោយនាវាដឹកទំនិញខ្នាតធំទម្ងន់៥ម៉ឺនតោន ចូលមកចតដោយផ្ទាល់បាន និងអាចស្រូបយកនូវចំណែកទីផ្សាររហូតដល់ជាង៧០% នៃចរាចរណ៍ទំនិញចេញ-ចូលសរុបរបស់ប្រទេសកម្ពុជា។ចំណតផែពហុបំណងនេះ នឹងជួយគាំទ្រដល់មូលដ្ឋានភស្តុភារសម្រាប់ផ្គត់ផ្គង់ការរុករកប្រេង និងការធ្វើអាជីវកម្មប្រេងក្នុងដែនសមុទ្រកម្ពុជា ដែលនឹងជំរុញដល់ការអភិវឌ្ឍផែ្នកឧស្សាហកម្មប្រេងបន្ថែមទៀតផងដែរ។
សម្តេចតេជោ បានលើកឡើងថា ទោះជាពេលនេះកម្ពុជាបានពង្រីកចំណតផែពហុបំណង មានជម្រៅទឹក១៣ម៉ឺត្រកន្លះក៏ដោយ តែកម្ពុជា នឹងចាប់ផ្តើមសាងសង់កំពង់ផែទឹកជ្រៅថ្មីមួយទៀត ជម្រៅ១៤ម៉ឺត្រកន្លះ តម្លៃ២០៣លានដុល្លារអាមេរិក ដែលនឹងចាប់ផ្តើមសាងសង់ នាឆ្នាំ២០១៩ ហើយគ្រោងបញ្ចប់នាឆ្នាំ២០២៣ ដើម្បីបំពេញតម្រូវការជាក់ស្តែងក្នុងការដឹកជញ្ជូនទំនិញ។ សម្តេចតេជោ បានគូសបញ្ជាក់ថា កំណើនតម្រូវការជាបន្តបន្ទាប់នេះ គឺបង្ហាញយ៉ាងច្បាស់ពីស្ថេរភាពកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ដើម្បីប្រមូលធនធានសម្រាប់គម្រោងអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុនេះ សម្តេចតេជោ ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា មិនលក់ទៅអោយឯកជននោះឡើយ ទោះមានក្រុមហ៊ុនជាច្រើនចង់បានកំពង់ផែនេះក្តី ប៉ុន្តែវិធីដ៏ល្អគឺ កំពង់ផែបានបោះ ប័ណ្ណមូលប័តលក់រួចមកហើយ។
តាមការបញ្ជាក់របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងថា ចំណតផែពហុបំណង ដែលសម្ពោធបើកឲ្យដំណើររការជាផ្លូវការនាពេលនេះ រួមមាន៖ ចំណតផែទំនិញរាយប្រវែង ៣៣០ម៉ែត្រ ជម្រៅទឹក ១៣,៥ម៉ែត្រ និងចំណតផែមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេងប្រវែង ២០០ម៉ែត្រ ជម្រៅទឹក ៧,៥ម៉ែត្រ។ ចំណតផែពហុបំណងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយដ៏សំខាន់ សម្រាប់ដោះដូរផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក ដោយបានតភ្ជាប់ទៅនឹងផ្លូវជាតិលេខ២, លេខ៣, លេខ៤ ផ្លូវរថភ្លើង និងជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ៕