កណ្តាល ៖ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយ ជាមួយកម្មករ កម្មការិនីរោងចក្រ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ នេះ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាកំពុងជំរុញវិស័យឧស្សាហកម្ម ដែលរួមចំណែកមួយផ្នែកធំសម្រាប់សេដ្ឋកិច្ចជាតិ និងសេវាកម្មផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រកាត់ដេរ ចំនួនជាង៦៥ម៉ឺននាក់ហើយ ក្នុងជំនួបចំនួន៤៨លើក បើគិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ មកដល់ ព្រឹកថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០១៨នេះ ក្នុងការបន្តជួបសំណេះសំណាលរវាងសម្តេចតេជោ ជាមួយកម្មករ និយោជិត ចំនួនជាង២ម៉ឺន៧ពាន់នាក់ទៀត មកពីរោងចក្រចំនួន១៨ ក្នុង ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ក្នុងចំណោមរោងចក្រទាំង១៨នេះ មានរោងចក្រកាត់ដេរសំលៀកបំពាក់ចំនួន 12, ផលិតស្បែកជើងចំនួន២, ផលិតកាបូបចំនួន ២, ផលិតចំណីសត្វចំនួន 1 និងផលិតកេសកាតុងចំនួន១។ រោងចក្រទាំងនេះ មានអ្នកវិនិយោគមកពីប្រទេសចិនចំនួន13, កូរ៉េចំនួន២, សិង្ហបុរីចំនួន 1, ថៃចំនួន1 និងខ្មែរចំនួន1។
ក្នុងពិធីសំណេះសំណាលដែរធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ចេងឌូបាយី កម្ពុជា ចិន ស្ថិតក្នុងភូមិព្រៃរកា , ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល នាពេលនេះ សម្តេចតេជោ បានបន្តអំពាវនាវដល់ថៅកែរោងចក្រ យកចិត្តទុកដាក់ដល់សុខមាលភាព និង បរិយាកាសការងារ របស់កម្មករនិយោជិត ដែលកត្តានេះ នឹងជំរុញអោយការងាររបស់កម្មករ កាន់តែមានប្រសិទ្ធភាព និងផ្តល់ប្រាក់ចំណេញច្រើនមកដល់រោងចក្រវិញ។ សម្តេចតេជោ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់ខ្លាំងដល់ សុខទុក្ខកម្មករដែរ តាមរយៈការដំឡើងប្រាក់ឈ្នួលអប្បរមាជារៀងរាល់ឆ្នាំ រួមនិងគោលនយោបាយគាំពារសង្គមជាច្រើនទៀត។ ទន្ទឺមនេះ កាលពីថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០១៨ សាលាក្រុងភ្នំពេញក៏បានដាក់អោយដំណើរការខ្សែរថយន្តសាធារណៈបន្ថែមទៀត ភ្ជាប់មកដល់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និង កំពុងសិក្សាការតភ្ជាប់ខ្សែរថយន្តក្រុងទៅកាន់ក្រុងតាខ្មៅផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរមិនគិតថ្លៃរបស់កម្មករនៅក្រៅក្រុងភ្នំពេញ។
សម្តេចតេជោ បានពន្យល់ថា ពេលនេះ ជាពេលដែលកម្ពុជាត្រូវជម្រុញការអភិវឌ្ឍវិស័យឧស្សាហកម្ម ប៉ុន្តែមិនមែនមានន័យថា កម្ពុជាបោះបង់ចោលវិស័យកសិកម្មនោះទេ។
នេះជាការអភិវឌ្ឍជាដំណាក់កាល ខណៈដែលវិស័យកសិកម្ម បានរួមចំណែកក្នុងសេដ្ឋកិច្ចសរុបរបស់កម្ពុជា២៥ភាគរយ វិស័យឧស្សាហកម្មមាន៣៥ភាគរយ និងសេវាកម្មមាន ៤៥ភាគរយ។ដើម្បីសម្រេចអោយបានសម្រាប់ការអភិវឌ្ឍវិស័យទាំងនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយឧស្សាហកម្ម គោលនយោបាយកសិពាណិជ្ជកម្ម និងគោលនយោបាយកសិឧស្សាហកម្ម ផងដែរ។
គួរកត់សំគាល់ថា ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយពង្រាយរោងចក្រ សហគ្រាសទៅតាមបណ្តាខេត្ត ដែលជាចក្ខុវិស័យ និងជាគោលនយោបាយអាទិភាពមួយ ត្រូវបានអនុវត្តរយៈពេលជិត២០ឆ្នាំមកហើយ បន្ទាប់ពីនយោបាយពង្រាយសាលារៀនទៅតាមភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងបង្ខិតការងារទៅជិតកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយចំណាកស្រុក។
ដោយឡែក គ្រាន់តែក្នុងខេត្តកណ្តាល
បើតាមរបាយការណ៍របស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា មកដល់ពេលនេះ ខេត្តកណ្ដាលមានរោងចក្រសហគ្រាសគ្រឹះស្ថានចំនួន 462 មានកម្មករនិយោជិតចំនួនជាង 15ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុប 363 លានដុល្លារអាមេរិក។ក្នុងនោះរោងចក្រកាត់ដេរសំលៀកបំពាក់និងផលិតស្បែកជើងមានចំនួន 168 មានកម្មករនិយោជិត ចំនួន 13ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង ៣២២លានដុល្លារក្នុងមួយឆ្នាំ៕