ភ្នំពេញ ៖ ដើម្បីកាត់បន្ថយហានិភ័យ នៃការខាតបង់ លើដំណាំកសិកម្មរបស់កសិករកម្ពុជា មូលនិធិកិច្ចសហប្រតិបត្តិការអាឡឺម៉ង់ហៅកាត់ថា G.I.Z. បានអនុវត្តគម្រោងសេវាកម្មធានារ៉ាប់រងលើដំណាំកសិកម្ម ប្រមាណ ៥ឆ្នាំមកហើយ តែចំនួនកសិករដែលទទួលយកគម្រោងនេះនៅមានតិចតួចនៅឡើយ ដូចនេះទើប G.I.Z. នៅតែបន្តស្វែងរកដៃគូ សហការជាមួយបណ្ដាក្រុមហ៊ុនធានារ៉ាប់រងឯកជន ក្នុងការផ្ដល់សេវាកម្មធានារ៉ាប់រងជូនកសិករលើដំណាំកសិកម្មនានា ជាពិសេសដំណាំស្រូវដែលជាដំណាំអាទិភាពតែម្តង។ មូលនិធិកិច្ចសហប្រតិបត្តិការ GIZ កំពុងស្វែងរកកិច្ចសហការជាមួយបណ្ដាដៃគូអភិវឌ្ឍន៍នានាដើម្បីជួយលើកស្ទួយជីវភាព និងកាត់បន្ថយការខាតបង់របស់កសិករកម្ពុជា ក្នុងករណីមានហានិភ័យណាមួយកើតឡើងជាយថាហេតុដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ជាដើម ។
បច្ចុប្បន្ននេះ GIZ បានស្វែងរកឃើញក្រុមហ៊ុនធានារ៉ាប់រងមួយដែលបានស្ម័គ្រចិត្តផ្ដល់សេវាធានារ៉ាប់រងប្រភេទថ្មីនេះជូនកសិករកម្ពុជា ។
តាមសេចក្តីប្រកាសរបស់ GIZ បានអោយដឹងថា ជាជំហានដំបូង មូលនិធិនេះ នឹងបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយដល់កសិករជាគ្រូបង្គោល ដើម្បីអោយពួកគាត់ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលបន្តដល់កសិករដទៃក្នុងមូលដ្ឋាន និងកសិករក្នុងខេត្តដែលមូលធិនិកំពុងធ្វើប្រតិបត្តិការ ។
បើតាមលោកបណ្ឌិត Gunter Riethmacher ( ហ្កាន់ធើ រៀសម៉ាឈើ ) នាយកគ្រប់គ្រងមូលនិធិGIZប្រចាំប្រទេសកម្ពុជា បានអោយដឹងថា ក្នុងជំហានដំបូងរបស់ខ្លួនលើកិច្ចសហការលើកស្ទួយវិស័យកសិកម្មកម្ពុជា, GIZ នឹងណែនាំទៅកសិករបង្គោលដែលមានចំណេះដឹងខ្ពស់ជាងគេមកទទួលយកនូវអ្វីដែល GIZ នឹងផ្ដល់ជូនកសិករ ។
ចំណែក លោក នី លីហួង អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនធានារ៉ាបរង់ហ្វតតេ ដែលជាក្រុមហ៊ុនសហការដំបូងជាមួយGIZ បានអោយដឹងថាការផ្ដល់សេវាកម្មធានារ៉ាប់រងលើដំណាំស្រូវ និងដំណាំកសិកម្មដទៃទៀត បានធ្វើប្រមាណ៤ទៅ៥ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០១៤មក ក៏ប៉ុន្តែសម្រាប់ឆ្នាំនេះ ជាមធ្យោបាយថ្មី ហើយក៏មិនទាន់ដឹងថាវានឹងទៅជាយ៉ាងណាដែរ ដោយសារការធានារ៉ាប់រងលើដំណាំកសិកម្ម មានភាពស្មុគ្រស្មាញបន្តិចជាងការធានារ៉ាប់រងផ្សេងៗ ។
អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនធានារ៉ាបរង់ហ្វតតេ រូបនេះបានបញ្ជាក់ថាចាប់តាំងពីបានធ្វើសហការជាមួយ GIZ រហូតមកដល់ពេលនេះ កសិករដែលបានទិញសេវាធានារ៉ាប់រងពីហ្វតតេ មានចំនួនប្រមាណ១០០នាក់ ទៅលើការធានាដំណាំស្រូវនៅក្នុងរដូវវស្សា ។ ចំនួននេះ នៅមានតិចតួចនៅឡើយ ព្រោះវាជាកញ្ចប់សេវាថ្មីរបស់ខ្លួន ហើយប្រជាកសិករក៏មិនទាន់បានយល់ដឹងជ្រៅជ្រះប៉ុន្មាននោះទេ ដូចនេះទាមទារអោយមានការបណ្ដុះបណ្ដាលនិងពន្យល់បន្ថែមពីការធានារ៉ាប់រងទៅលើដំណាំរបស់ពលរដ្ឋ ។
លោកបានពន្យល់ថា ការទិញកញ្ចប់សេវាធានារ៉ាបរង់លើដំណាំ គឺត្រូវបានគិតជាហិចតា ជាក់ស្ដែងក្នុងមួយហិចតា ក្រុមហ៊ុនត្រូវសងត្រលប់ទៅវិញនូវអ្វីដែលគាត់បានខាតបង់។ ឧទាហរណ៍ថា មួយហិចតាគាត់ចំណាយ៣៤០ដុល្លារអាមេរិក ដូចនេះសំណងដែលក្រុមហ៊ុននឹងត្រូវសងគាត់វិញចំនួន ៣៤០ដុល្លារអាមេរិកដូចគ្នា តែជាក់ស្តែងការទិញកញ្ចប់ធានារ៉ាប់រងនេះ ត្រឹមតែ២៥ដុល្លារទៅ៣០ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយហិចតា ។
លោកបញ្ជាក់បន្ថែមថា ការធានារ៉ាប់រងលើដំណាំនេះ គឺធានាទៅលើតែគ្រោះទឹកជំនន់ និង រាំងស្ងួតប៉ុណ្ណោះ ហើយសម្រាប់ឆ្នាំនេះដែរ ក្រុមហ៊ុនហ្វតតេក៏បានត្រៀមទុនសម្រាប់ផ្ដល់សំណងដល់កសិករដែរ ព្រោះការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម ថាឆ្នាំនេះ កម្ពុជានឹងរងនូវគ្រោះទឹកជំនន់ធ្ងន់ ដូចនេះហើយដំណាំរបស់កសិករមួយចំនួន អាចនឹងរងការខូចខាត ការសងត្រលប់ទៅកសិករនឹងច្រើនជាងឆ្នាំមុនៗ៕