ណាតូ ៖ សន្និសីទប្រចាំឆ្នាំរបស់មេដឹកនាំសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ដែលគេស្គាល់ថា Nato ក្នុងទីក្រុង ប្រ៊ូសែល ប្រទេស បែលហ្ស៊ិក បានបញ្ចប់នៅថ្ងៃ ព្រហស្បតិ៍ម្សិលមិញ ដោយមានការខ្វែងគំនិតគ្នា មួយចំនួន ពិសេសរវាង សហរដ្ឋអាមេរិក និង អាល្លឺម៉ង់ ទាក់ទងនឹងការចំណាយសម្រាប់វិស័យការពារសម្ព័ន្ធភាពយោធា និងការចោទរបស់លោក ដូណាល់ ត្រាំ ដែលថា អាល្លឺម៉ង់ ក្លាយជាចំណាប់ខ្មាំងរបស់ រុស្ស៊ី ដោយសារតែកិច្ចព្រមព្រៀងថាមពល ។
អាល្លឺម៉ង់ បានអនុញ្ញាតឲ្យ រុស្ស៊ី សាងសង់បំពង់ប្រេងឆ្លងកាត់ដែនទឹករបស់ខ្លួន ព្រមទាំងទិញថាមពលពី រុស្ស៊ី មានតម្លៃច្រើនពាន់លានដុល្លារ ជាអ្វីដែលលោក ដូណាល់ ត្រាំ អះអាងថា មិនបានជួយឲ្យ Nato កាន់តែខ្លាំង ប៉ុន្តែបែរជាធ្វើឲ្យប្រទេស រុស្ស៊ី ទទួលបានប្រាក់ច្រើនពាន់លានពីប្រទេសដែលជាសមាជិក Nato ។
លោក ដូណាល់ ត្រាំ ចោទសួរថា តើមានគុណសម្បត្តិដូចម្ដេចនៅពេលដែល អាល្លឺម៉ង់ បង់ប្រាក់រាប់ពាន់លានទៅឲ្យ រុស្ស៊ី ដើម្បីថាមពល នៅពេលដែល សហរដ្ឋអាមេរិក ចំណាយច្រើនលើសលប់ទៅលើវិស័យការពារជាតិរបស់សម្ព័ន្ធភាពយោធាធំបំផុតលើពិភពលោកមួយនេះ ដើម្បីការពារសមាជិករបស់ខ្លួន ក្នុងនោះមាន អាល្លឺង់ ផងដែរ ។ ប្រធានាធិបតី សហរដ្ឋអាមេរិក បញ្ជាក់ថា អាល្លឺម៉ង់ ទទួលបានការផ្គត់ផ្គង់ថាមពលប្រមាណ 60% ទៅ 70% ពី រុស្ស៊ី ។
ចំណែកអធិការបតី អាល្លឺម៉ង់ លោកស្រី អង់ជីឡា មឺកែល ការពារគោលនយោបាយថាមពលរបស់ រដ្ឋាភិបាលទីក្រុង ប៊ែកឡាំង ដោយបញ្ជាក់ថា អាល្លឺម៉ង់ គឺជាប្រទេសផ្ដល់វិភាគទាន ច្រើនបំផុតទីពីរសម្រាប់វិស័យការពារជាតិ Nato បន្ទាប់ សហរដ្ឋអាមេរិក ហើយ អាល្លឺម៉ង់ ជាប្រទេសឯករាជ្យ ដែលត្រូវមានការសម្រេចចិត្តដោយឯករាជ្យ ។ ទោះយ៉ាងណា លោក ដូណាល់ ត្រាំ មានគម្រោងជួបទ្វេភាគីជាមួយប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក្នុងទីក្រុង ហេស៊ីងស្គី ប្រទស ហ្វាំងឡង់ មុនពេលបន្តដំណើរទៅប្រទេស អង់គ្លេស ។
ក្រោយសន្និសីទ NATO ចេញសេចក្ដីថ្លែងការណ៍រួម 79 ចំណុច ក្នុងនោះមានបញ្ហាប្រទេស អ៊ុយ ក្រែន រហូតដល់គំនិតផ្ដើមបង្កើតកងកម្លាំងប្រយុទ្ធថ្មី ដែលមានឈ្មោះថា 30-30-30-30 គឺទាហានជើងគោក 30 កងពលតូច ទាហានអាកាស 30 ក្រុម ទាហានជើងទឹកមាន30នាវា ហើយបង្កើតឡើងឲ្យបានក្នុងរយៈពេល 30 ថ្ងៃ ។
គំនិតផ្ដួចផ្ដើមនេះ ធ្វើឡើងបំណងទប់ទល់នឹងឥទ្ធិពលរបស់ រុស្ស៊ី ដែលបង្កើនសកម្មភាពយោធាយ៉ាងខ្លាំងក្បែរព្រំដែនអឺរ៉ុបខាងកើត ធ្វើឲ្យប្រទេសជាប់ព្រំដែន រុស្ស៊ី ព្រួយបារម្ភយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់ដូចដែលកើតឡើងទៅលើប្រទេស អ៊ុយក្រែន ក្នុងឆ្នាំ 2014 ៕