ភ្នំពេញ ៖ មុខរបរចូលព្រៃ ឡើងភ្នំរុករកដើមចន្ទន៍ក្រស្នាដើម្បីកាប់យកខ្លឹម របស់អ្នកស្រុកក្នុងខេត្តពោធិសាត់បានក្លាយជាប្រពៃណីមួយ តកូនចៅ ជាពិសេសអ្នកស្រុកនៅជុំវិញតំបន់ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទំនៀមទម្លាប់នេះ មានតាំងពីយូរលង់ណាស់មកហើយ។ បច្ចុប្បន្ននេះ នៅមានស្រុកភ្នំក្រវាញតិចតួចប៉ុណ្ណោះ ដែលបន្តរក្សាមុខរបរនេះ ដើម្បីដោះស្រាយជីវភាពរស់នៅ បើទោះបីជាមានបរិមាណថយចុះច្រើន ឬលំបាកលំបិនបែបណាក្តី។
យោងតាមឯកសារមួយចំនួន បានបង្ហាញថា អ្នកឡើងភ្នំរកខ្លឹមចន្ទន៍មានជំនឿ និងកាន់ត្រណមតឹងរ៉ឹងណាស់ បើពុំនោះទេ អាចនឹងជួបគ្រោះកាចរហូតដល់បាត់បង់ជីវិតក៏មាន។ ប៉ុន្តែអ្នកដែលមានភ័ព្វសំណាង ក៏អាចជួបនឹងដើមចន្ទន៍ក្រស្នា ដែលមានខ្លឹមសុទ្ធល្អ តែមានតិចតួចណាស់ដែលមានសំណាង។
ខេត្តពោធិ៍សាត់ គឺជាខេត្តមួយដែលសម្បូរទៅដោយសម្បត្តិ ធនធានធម្មជាតិជាច្រើនដូចជា ដើមចន្ទន៍ក្រស្នា, ដើមក្រវាញ, ដង្កោ, ដីប្លី, វល្លិ៍ផ្តៅ, ជ័រទឹក, ជ័រចុង, ថ្មកែវ និងរុក្ខជាតិផ្សំឱសថបុរាណជាច្រើនទៀត។ ប៉ុន្តែអ្នកប្រកបមុខរបរឡើងភ្នំ ច្រើនសំដៅរកខ្លឹមចន្ទន៍ព្រោះមានតម្លៃខ្ពស់ជាងរុក្ខជាតិផ្សេងៗ។ ដើមខ្លឹមចន្ទន៍មួយដើមមានឈ្មោះរហូតដល់៥០-៦០ឈ្មោះ ចាប់ពីសម្បកក្រៅ រហូតដល់សាច់ខាងក្នុង ដូចជា សាច់ខាងក្នុងលេខ១ គេហៅថា កែនលេខ១ បន្ទាប់មកកែនលេខ២, ៣… ប៉ាកក្វាន, ខ្នងហ៊ុ, សាកម៉ាកតុ, តុដំរី ៘ អ្នកស្រុកភ្នំក្រវាញបានមួយចំនួនប្រកបរបររក ខ្លឹមចន្ទន៍ នេះ តកូនតចៅ ពុំសូវធ្វើស្រែចម្ការទេ ដែលភាគច្រើនគឺ ជនជាតិព័រ។ ជនជាតិព័រប្រកាន់ទំនៀមទម្លាប់បានល្អណាស់ ទាំងអ្នកឡើងភ្នំ ទាំងអ្នកនៅចាំផ្ទះ។
មុនពេលចេញដំណើរឡើងភ្នំ គេបានបបួលគ្នាដែលនៅភូមិផងរបងជាមួយ រៀបចំជាក្រុមមានចំនួនពី២០ទៅ៣០នាក់ ត្រៀមអង្ករ ស្បៀងអាហារ ស្រា រៀងៗខ្លួន សម្រាប់រយៈពេល២០ថៃ្ង។ មួយថៃ្ងមុនចេញដំណើរ គេនាំគ្នារៀបចំពិធីសែនព្រេនតាមប្រពៃណី រួចនាំគ្នារាំច្រៀងដូចពិធីបេះក្រវាញអ៊ីចឹងដែរ។
លុះព្រឹកឡើង គេចេញដំណើរអស់ គឺសា្ងត់ភូមិតែម្តង។ ឯអ្នកនៅផ្ទះដូចជាប្រពន្ធ ម្តាយ ឬចាស់ទុំ ត្រូវតមប្រហែលគ្នានឹងក្រមុំចូលម្លប់ រហូតដល់អ្នកទាំងនោះត្រឡប់មកពីព្រៃវិញ។ គេមានជំនឿថា ពេលប្តីចេញទៅព្រៃប្រពន្ធនៅផ្ទះមិនអង្គុយកាំជណ្តើរ, មិនលីងអង្ករ, ខ្លាចស្រាំងឪម៉ាល់ តាឱ ទិចប្តីនៅឯព្រៃ, មិនលាបប្រេងលើសក់ ខ្លាចប្តីនៅព្រៃរបូតដៃជើងធ្លាក់ពីលើដើមឈើ ឬពីលើភ្នំ, ដាំបាយមិនគងវែកលើឆ្នាំង ខ្លាចប្តីមានគ្រោះថ្នាក់ដោយសារសត្វសាហាវ។
ចំពោះអ្នកឡើងភ្នំក៏ប្រកាន់ត្រណមដែរ ដូចជាមិនត្រូវនិយាយផ្តេសផ្តាស មិនអាចឈរនោមច្រាសគល់ឈើ បើចង់នោមត្រូវអង្គុយឱ្យទាប មិនអាចដេកចងអង្រឹង ឬក្រាលកៅស៊ូស្អាតបាតនោះទេ ព្រោះខ្លាចសត្វសាហាវស៊ី។
ទំនៀមទម្លាប់នេះជាប្រការមួយល្អប្រសើរ ទោះបីឃ្លាតឆា្ងយពីគ្នា ក៏ប្តីប្រពន្ធមិនអាចក្បត់គ្នាបានឡើយ ប្រសិនបើប្រពន្ធធ្វើខុសត្រណម ប្តីនៅព្រៃត្រូវតែជួបគ្រោះថ្នាក់ដោយខ្លាខាំ ឈឺ ឬមានហេតុការណ៍ចម្លែកជាមិនខាន។
ចំពោះអ្នកដែលទៅរកខ្លឹមចន្ទន៍ ពេលដែលឡើងទៅដល់ភ្នំប្រទះដើមចន្ទន៍ក្រស្នាហើយ គេនាំគ្នាដេកនៅនឹងគល់នោះ រួចអុជធូបផ្សង បើអ្នកនោះមានវាសនា យប់នោះអ្នកនោះនឹងឮសូរ “មេ” ឱ្យសំឡេង “ពើកៗ” (ឬសំឡេងចម្លែក) ជាប្រផ្នូលនៅត្រង់ណា ខ្លឹមចន្ទន៍ច្បាស់ជានៅត្រង់នោះ ហើយគេនិយមហៅថា “ព្រះអង្គ”។ ជួនកាលអ្នកមុនកាប់រំលំដើមចន្ទន៍ក្រស្នា បាន តែកាប់ចិញ្ច្រាំប៉ះចំឈើស្រាយ លុះអ្នកទៅក្រោយមានវាសនាគ្រាន់តែចិញ្ច្រាំ គល់ដែលនៅសល់ក៏ប្រទះឃើញខ្លឹមនៅទីនោះតែម្តង។
ដើមចន្ទន៍ក្រស្នា មិនដូចជាដើមឈើនាងនួន ឬដើមអម្ពិលដែលមានខ្លឹមតាំងពីគល់រហូតដល់ចុងនោះទេ។ ដើមចន្ទន៍ក្រស្នា ជួនកាលមានខ្លឹមនៅគល់ ជួនខ្លឹមនៅមែក ហើយសាច់លេខ២, លេខ៣នៅគល់ក៏មានដែរ។
ប៉ុន្តែទោះបីជាមិនបានខ្លឹម ក៏គេកាប់រំលំចិញ្ច្រាំស្រទាប់ ផ្សេងៗដែលអាចលក់បាន។ ម្យ៉ាងទៀតបើរកមិនបានខ្លឹមចន្ទន៍ ក៏គេស្រវារកជ័រចុង, ដង្កោ, ក្រវាញ, ឬយកថ្មកែវ ដោយមិនត្រឡប់មកផ្ទះវិញដោយដៃទទេនោះឡើយ។ បើមានគ្រោះថ្នាក់គេមានជំនឿថាខុសត្រណម ហើយអ្នកស្រុកទាំងនោះនៅតែរក្សាជំនឿតៗរហូតមកដល់សព្វថៃ្ង។
អ្នកដែលឡើងទៅរកខ្លឹមចន្ទន៍ច្រើន ជាអ្នកស្រុករស់នៅទីនោះ ចាស់ព្រឹទ្ធចាស់ព្រេងតាំងពីដូនតា ស៊ាំនឹងព្រៃភ្នំ មិនសូវមានជំងឺគ្រុនចាញ់ ឬជំងឺផ្សេងៗនោះឡើយ៕