ភ្នំពេញ ៖ តាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) រាយការណ៍ថា ៥ឆ្នាំចុងក្រោយ ពោលគឺចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៧ កម្ពុជាទទួលបានចំណូលពីវិស័យទេសចរណ៍សរុប ១៥.១៤៥ លានដុល្លារ សម្រាប់ដាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។
ទីភ្នាក់ងារ AKP បានរាយការណ៍ដោយសង្ខេបស្តីពីសមិទ្ធ ផលសំខាន់ៗរបស់រាជរដ្ឋាភិបាល ថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ កម្ពុជាទទួលបានចំណូលពីវិស័យទេសចរណ៍ រួមមានឆ្នាំ២០១៣ ទទួលចំណូលចំនួន ២.៥៤៧លានដុល្លារ, ឆ្នាំ២០១៤ ទទួលចំណូលបាន ២.៧៣៦លានដុល្លារ, ឆ្នាំ២០១៥ ទទួលចំណូលបាន ៣០១២លានដុល្លារ, ឆ្នាំ២០១៦ ទទួលចំណូលបាន ៣២១២លានដុល្លារ និងឆ្នាំ២០១៧ ទទួលចំណូលបាន ៣៦៣៨លានដុល្លារ។
ដោយឡែកគិតត្រឹមឆ្នាំ២០១៧ កម្ពុជាមានរមណីយដ្ឋានទេសចរណ៍ ដែលចុះបញ្ជីជាផ្លូវការប្រមាណ ៣៩៤ កន្លែង រួមមានរមណីយដ្ឋានទេសចរណ៍វប្បធម៌-ប្រវត្តិសាស្ត្រ ១១៤កន្លែង រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ-ធម្មជាតិ ២១កន្លែង រមណីយដ្ឋានកែច្នៃ៣៣កន្លែង រមណីយដ្ឋានទេសចរណ៍ វប្បធម៌-ធម្មជាតិ ២៧កន្លែង និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ១៩៦កន្លែង។
តាមរយៈរមណីយដ្ឋានទេសចរណ៍ទាំងនេះ បានជំរុញឲ្យមានការរីកចម្រើនផ្នែកសណ្ឋាគារចំនួន៧៨១ ហើយផ្ទះសំណាក់ចំនួន២.២០០។ ទីភ្នាក់ងារទេសចរណ៍មានជាង ៦០០កន្លែង ក្រុម ហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរ ៣៨ក្រុមហ៊ុន និងមគ្គុទ្ទេសក៍ទេសចរជាង ៥.២០០នាក់ ដែលជាមគ្គុ ទ្ទេសក៍ទេសចរភាសាចិន អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េ ម៉ាឡេស៊ី រុស្ស៊ី អេស្ប៉ាញ ថៃ និងវៀតណាម។ដោយឡែក ៤ខែដំបូង ក្នុងឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ២លាននាក់ ដោយកើនឡើងជិត១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។
តាមការព្យាករ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៦លាននាក់ នៅដំណាច់ឆ្នាំ២០១៨ និង ប្រមាណ ៧លាននាក់នៅឆ្នាំ២០២០ ដែលអាចនាំមកនូវចំណូលប្រមាណ ៥.០០០លានដុល្លារ ថែមទាំងអាចបង្កើតការងារបានប្រមាណ ១លាននាក់។
វិស័យទេសចរណ៍ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពិតជាចំណែកដ៏សំខាន់ក្នុងការបង្កើតការ ងារជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោលរាប់លាននាក់ក្នុងមួយឆ្នាំៗ ដែលធ្វើឲ្យប្រជា ពលរដ្ឋមានជីវភាពល្អប្រសើរ។ លើសពីនេះវិស័យទេសចរណ៍ ក៏ជាប្រភពចំណូលជាតិយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍកម្ពុជាឲ្យរីកចម្រើនបន្ថែមទៀត៕