ភ្នំពេញ ៖ ខណៈកម្ពុជា មានធនាគារពាណិជ្ជចំនួន៣៩ កំពុងធ្វើប្រតិបត្តិការអាជីវកម្មផ្នែកហិរញ្ញវត្ថុ ធនាគារពាណិជ្ជថ្មីមួយទៀតដែលមានមូលដ្ឋាននៅក្រុងហុងកុង បានទទួលអាជ្ញាប័ណ្ណជាផ្លូវការ ធ្វើប្រតិបត្តិការហិរញ្ញវត្ថុ នៅកម្ពុជា ដែលធ្វើអោយកំណើនធនាគារពាណិជ្ជកើនឡើង៤០ ។
ក្នុងពេលប្រទេសកម្ពុជាកំពុងតែរៀបចំការបោះឆ្នោតថ្នាក់ជាតិ ការវិនិយោគនានាពីក្រៅប្រទេសនៅតែមានជាហូរហែរ ដោយសារតែការជឿទុកចិត្តលើស្ថិរភាពនយោបាយក៏ដូចជាសេដ្ឋកិច្ចកម្ពុជា ជាក់ស្ដែងធនាគារជាតិនៃកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណ ដល់ធនាគារក្រៅប្រទេសមួយទៀត គឺធនាគារ ឈីហ្វ ( Chief ) សម្រាប់ធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ និងបានក្លាយជាធនាគារពាណិជ្ជ ទី៤០ ក្នុងប្រទេសកម្ពុជា ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារ ឈីហ្វ របស់ហុងកុងដែលទើបបានទទួលអាជ្ញាប័ណ្ណពី ធនាគារជាតិ បានអោយដឹងថា ខ្លួនមានបទពិសោធន៍ជាធនាគារពាណិជ្ជនៅហុងកុងអស់រយៈពេលជាង៤០ឆ្នាំមកហើយ។ ចំពោះការបង្ហាញវត្តមាននិងទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជនៅក្នុងប្រទេសកម្ពុជា ធនាគារនេះរំពឹងថានឹងបម្រើសេចក្តីត្រូវការរបស់ខ្លួន ទៅអតិថិជនក្នុងប្រទេសកម្ពុជាបានយ៉ាងល្អ ។
លោកបណ្ឌិត សឿង ម៉ូរ៉ារឹទ្ធ នាយកធនាគារពាណិជ្ជឈីហ្វប្រចាំកម្ពុជា បានបញ្ជាក់ថា ដោយសារតែការកើនឡើងនូវតម្រូវការសេវាកម្មធនាគារ ទើបធនាគារ ឈីហ្វ ត្រូវបានលើកទឹកចិត្តអោយពង្រីកនូវសេវាកម្មទាំងនោះ ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជន ។
លោកបន្តថា ប្រទេសកម្ពុជា បានធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ចរបស់ខ្លួន ហើយបានបើកទ្វារយ៉ាងទូលំទូលាយ ដល់ពិភពលោកបន្ទាប់ពីការបោះឆ្នោតលើកដំបូង ដែលស្ថិតក្រោមការឧបត្ថម្ភដោយអង្គការសហប្រជាជាតិ ។ បច្ចុប្បន្នរាល់សកម្មភាពវិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យទាំងអស់ដោយរួមទាំងវិស័យហិរញ្ញវត្ថុផងនោះ មានកំណើនយ៉ាងខ្លាំងហើយនៅតែបន្តរីកចម្រើនទៅមុខឥតឈប់ឈរ ។
លោកបន្ថែមថា ដោយសារតែស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចរួមជាមួយនឹងសន្តិភាពយ៉ាងបរិបូរណ៍ ដែលប្រទេសកម្ពុជាទទួលបានចាប់តាំងពីចុងឆ្នាំ ១៩៩៨ មកនោះ បានធ្វើអោយប្រទេសកម្ពុជា មានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលវែងបំផុត នៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ ។
បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងឆមាសទី១ឆ្នាំ២០១៨នេះ បានអោយដឹងថាក្នុងឆមាសទី១ ឆ្នាំ ២០១៨នេះ ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅតែបន្តរក្សាកំណើនខ្ពស់ ដែលជាលក្ខខណ្ឌអំណោយផលដល់ការរីកចម្រើន និងភាពរឹងមាំនៃប្រពន្ធ័ធនាគារនៅកម្ពុជា នាពេលអនាគត និងជាមូលដ្ឋានដ៏សំខាន់ចំពោះការធ្វើប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងបរិយាប័ន្ន ។
របាយការណ៍ដដែលនេះបានបង្ហាញផងដែរថា ក្នុងដំណាច់ឆមាសទី១ ឆ្នាំ ២០១៨ ធនាគារពាណិជ្ជដែលកំពុងធ្វើប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា មានចំនួន ៣៩ធនាគារ ក្នុងនោះធនាគារពាណិជ្ជមកពីបរទេសមានចំនួន ១២ ធនាគារក្នុងស្រុក១២ និង បុត្រសម្ព័ន្ធធនាគារចំនួន ១៥ ។ ក្រៅពីធនាគារពាណិជ្ជក៏មានធនាគារឯកទេសចំនួន ១៥ផងដែរ ។ មិនតែប៉ុណ្ណោះ មីក្រូហិរញ្ញវត្ថុសរុបមានចំនួន ៧០គ្រឹះស្ថានផងដែរ ក្នុងនោះ មាន៧អាចមានសិទ្ធិទទួលប្រាក់បញ្ញើពីអតិថិជន ។
ចំណែកទ្រព្យសកម្មក្នុងវិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុក្នុងដំណាច់ឆមាសទី១នេះដែរកើនឡើងដល់ ១៤៩ទ្រីលានរៀល រឺស្មើនឹងប្រមាណ៣៧ពាន់លានដុល្លារអាមេរិក។ ក្នុងនោះប្រាក់បញ្ញើមាន ៨៦,៦ទ្រីលានរៀលឬ ២១ពាន់៦រយលានដុល្លារអាមេរិក។ ឥណទានមានប្រមាណ៩០,៨ទ្រីលានរៀល ឬស្មើនឹង២២ពាន់៧រយលានដុល្លារអាមេរិក ៕