ភ្នំពេញ ៖ ក្រសួងព័ត៌មានបានបញ្ជាឲ្យបិទគេហទំព័រផ្សព្វផ្សាយព័ត៌មានចំនួន១៧ ត្រូវបានក្រសួងព័ត៌មាន បិទផ្អាកបណ្តោះអាសន្នរយៈពេល៤៨ម៉ោង ចាប់ពីម៉ោង១២ យប់ថ្ងៃទី២៧ រហូតដល់ម៉ោង១២យប់ថ្ងៃទី២៩ កក្កដា ដើម្បីរក្សាភាពស្ងប់ស្ងាត់ទាំងនៅថ្ងៃ ស និងបោះឆ្នោត។ នេះបើតាមការបញ្ជាក់របស់ ឯ.ឧ. ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិង សោតទស្សន៍នៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃសៅរ៍ទី២៨ កក្កដា នេះ។
ឯ.ឧ ផុស សុវណ្ណ ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិង សោតទស្សន៍នៃក្រសួងព័ត៌មានបានបញញជាក់ថា ការបិទគេហទំព័រទាំងនេះ គឺធ្វើឡើងទៅតាមការអំពាវនាវរបស់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលស្នើឲ្យមានភាពស្ងប់ស្ងាត់នៅថ្ងៃ ស និងនៅថ្ងៃបោះឆ្នោត ពោល គឺមិនឲ្យផ្សព្វផ្សាយព័ត៌មានណាដែលប៉ះពាល់ដល់ដំណើរការបោះឆ្នោត។
ឯ.ឧ. ផុស សុវណ្ណ បានលើកឡើងថា គេហទំព័រដែលក្រសួងព័ត៌មានបញ្ជាឲ្យបិទនេះ គឺដោយសារមិនមានម្ចាស់ច្បាស់លាស់ និងមិនបានចុះបញ្ចីនៅក្រសួងព័ត៌មាន។ ការណ៍នេះ ធ្វើឲ្យក្រសួងព័ត៌មានមិនដឹងថា តើត្រូវផ្ញើសេចក្តីជូនដំណឹងទៅកាន់អ្នកណា និងនៅកន្លែងណានោះទេ។ លោកផុស សុវណ្ណ បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន គឺជាអ្នកគ្រប់គ្រង និងទទួលខុសត្រូវទៅលើការចុះផ្សាយរបស់បណ្តាវេបសាយព័ត៌មានទាំងអស់។ ដូច្នេះហើយ ចង់ឫមិនចង់ ក្រសួងត្រូវតែចាត់វិធានការ ដើម្បីឲ្យស្របទៅនឹងច្បាប់ស្តីពីការបោះឆ្នោតរបស់គ.ជ.ប។
ក្រោយការចាត់វិធានការរបស់ក្រសួងព័ត៌មាននេះ អ្នកគ្រប់គ្រងលើវិទ្យុVOD បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយការពារពីភាពត្រឹមត្រូវ និងស្របច្បាប់នៃវេបសាយព័ត៌មានVOD របស់ខ្លួនដែរ។
ក្នុងចំណោមគេហទំព័រផ្សព្វផ្សាយព័ត៌មានទាំង១៧នេះ ក៏មាន វេបសាយវិទ្យុVOD វិទ្យុVOA វិទ្យុអាស៊ីសេរី និងវេបសាយកាសែតភ្នំពេញប៉ុស្តិ៍ ដែរ ដែលវេបសាយទាំងនេះ ត្រូវបានបិទដំណើរការតាំងពីម៉ោង១២ យប់ថ្ងៃទី ២៧ កក្កដា មកម្ល៉េះ។
ទោះជាយ៉ាងណាក្តី ឯ.ឧ ផុស សុវណ្ណ បានបញ្ជាក់ថា ការបិទវេបសាយបែបនេះ មិនមែនជារឿងចម្លែកអ្វីនោះទេ ដោយហេតុថា កាលពីអាណត្តិមុនៗ ក្រសួងព័ត៌មានក៏ធ្លាប់បានធ្វើដូច្នេះដែរ ទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលគ្មានច្បាប់៕