ភ្នំពេញ ៖ ទីភ្នាក់ងារសារព័ត៌មាន របស់រដ្ឋ ហៅកាត់ថា AKP បានផ្សាយនៅពេលថ្មីៗនេះថា រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៣ ដល់២០១៧ កម្ពុជាមានថាមពលអគ្គិសនីដែលអាចផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុកសរុបប្រមាណ៨១,៤ភាគរយ។ ចំនួននេះ បានកើនពី ៤៣,៧ ភាគរយ នៅឆ្នាំ២០១៣ និង៨១,៤ភាគរយ ក្នុងឆ្នាំ២០១៧។ កំណើននេះ បានធ្វើឲ្យបរិមាណនាំចូលឋាមពលអគ្គិ សនី នាពេលបច្ចុប្បន្នកាន់តែថយចុះ គឺពី ៥៦,៣ភាគរយ មកត្រឹម១៨,៦ភាគរយ នៅរយៈពេលដូច គ្នាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា បានបង្ហាញឥ្យដឹងថា ក្រៅពីប្រភពអគ្គិសនីដើរដោយវារីអគ្គិសនី និងធ្យូងថ្ម រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជំរុញការចូល រួមអភិវឌ្ឍន៍ដល់ប្រភពអគ្គិសនីស្អាត ដូចជាប្រភពអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ នៅខេត្ត ស្វាយរៀង មានអានុភាព១០មេហ្កាវ៉ាត់។ ក្រៅពីនោះកម្ពុជា ក៏មានប្រភពថាមពលកកើតឡើងវិញដែរដូចជាប្រភពថាមពលជីវម៉ាស ប្រព័ន្ធពន្លឺព្រះអាទិត្យតាមផ្ទះនៅតំបន់ជនបទ និងប្រព័ន្ធថាម ពល ពន្លឺព្រះអាទិត្យ សម្រាប់សាកអាគុយ គម្រោងចង្ក្រានប្រសិទ្ធភាព ឬចង្ក្រានប្រណីត ជាដើម ។
អាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានឲ្យដឹងដែរថា បច្ចុប្បន្នកម្ពុជា មានគម្រោងវារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង រោងចក្រអគ្គិសនីដើរដោយដុតធ្យូងថ្ម ២កន្លែង នៅខេត្តព្រះសីហនុ និងមួយកន្លែងទៀតនៅខេត្តកណ្តាល។ ជាមួយគ្នាក៏មានទំបន់វារីអគ្គិសនី៦កន្លែង ក្នុងនោះ៤កន្លែងនៅខេត្តកោះកុង ,មួយកន្លែងនៅខេត្តកំពត និងមួយកន្លែងទៀតនៅខេត្តពោធិ៍សាត់ ៕