ទុនគ្រឹះស្ថាន​ធនាគារ​នៅ​កម្ពុជា​ជាង​៣១​ពាន់​លាន​ដុល្លាររួមចំណែក​ក្នុង​សេដ្ឋកិច្ច​រដ្ឋ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2018 ក+ ក-

​ភ្នំពេញ ៖ ស្រប​ពេលដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា កំពុង​ជំរុ្ញ​គោលនយោបាយ​ប្រើប្រាស់​រូបិយប័ណ្ណ​ប្រាក់រៀល​សម្រាប់​ប្រើប្រាស់​ក្នុង ប្រតិបត្តិការ​ហិរញ្ញវត្ថុ​នៅតាម​គ្រឹះស្ថាន​ធនាគា​នោះ វិស័យ​ធនាគារ​នៅ​កម្ពុជា ក៏មាន​ការរីកចម្រើន​គួរអោយកត់សម្គាល់ ដោយ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨ ទ្រព្យសកម្ម​សរុប​រប​ស់​គ្រឹះស្ថាន​ធនាគារ​ក្នុងប្រទេស​កម្ពុជា មាន​កំណើន​ជាង​១៦% ស្មើនឹង​ប្រមាណ​៣១​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈដែល ដើមទុន​សរុប​របស់​គ្រឹះស្ថាន​ធនាគារ​ទូទាំងប្រទេស​មា​ន​កំណើន ដល់​៣​ពាន់​៧​រយ​លាន​ដុល្លារ​។

​យោងតាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ទំហំ​ឥណទាន​នៃ​វិស័យ​ធនាគារ​បាន​កើនឡើង​ដល់​៧០,៦​ទ្រី​លាន​រៀល ស្មើនឹង​១៧​ពាន់​៦៥០​លាន​អាមេរិក ចំណែក​កំណើន​មូលនិធិ​កម្ចី​កើនឡើង​ប្រមាណ​៣៣% កើនឡើង​ដល់​៦,៦​ទ្រី​លាន​រៀល ស្មើនឹង ១​ពាន់​៦៥០​លាន​ដុល្លារ និង​កំណើន​ប្រាក់​បញ្ញើ​កើន​ដល់​ប្រមាណ ២១,៥% ដល់​៧៧,៨៨​ទ្រី​លាន​រៀល ស្មើនឹង​១៩​ពាន់​៤៧០​លាន​ដុល្លារ​។ របាយការណ៍​របស់​ធ​នាគារ​ជាតិ​នៃ​កម្ពុជា បង្ហាញថា គ្រឹះស្ថាន​ធនាគារ បាន​ពង្រីក​ការផ្តល់សេវា​ឱ្យ​កាន់តែ​ទូលំទូលាយ តាមរយៈ​ការពង្រីក​សាខា​រហូតដល់​៨៦២​សាខា ដែលមាន​ម៉ា​ស៊ី​ដក​ប្រាក់​និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ​(ATM)​កើន​ដល់​១​ពាន់​៥៩៣​ម៉ាស៊ីន​។

​រីឯ​ការប្រើប្រាស់​ប័ណ្ណឥណទាន ក៏មាន​ការកើនឡើង ប្រមាណ​៣៦,៦% ដល់​ចំនួន​៨​ម៉ឺន​៨៥៣៣ ប័ណ្ណ ខណៈដែល​ការប្រើ​ប័ណ្ណ​ឥណ​ព​ន្ឋ កើន​១៦,៤% ដល់​១​លាន​៩​សែន​ប័ណ្ណ​។ គួ​កត់សំគាល់ថា ការប្រើប្រាស់​ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ ជា​ប្រភព​ទុន​យ៉ាងសំខាន់ ដែល​គាំទ្រ​ដល់​ការបង្កើត និង​ពង្រីក​អាជីវកម្ម ក្នុងនោះ វិស័យ​ផ្សេងៗ ដែល​កំពុង​ប្រើប្រាស់​ឥណទាន រួមមាន ការលក់​រាយ​១៧,៤% ការលក់​បោះ​ដុំ​កើន ១១,៧% កសិកម្ម រុក្ខាប្រមាញ់​នេសាទ​កើន ៩,៤% សំណង់​កើន ៩,៥% ការឱ្យ​ខ្ចី​ទិញ​ផ្ទះ​ជា​កម្ម​សិទ្ឋិ​ផ្ទាល់ខ្លួន ៩,៤% សេវាកម្ម​មិនមែនរ​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ៧,១% កម្មន្តសាល ៥.៩% ការជួញដូរ​អចលនទ្រព្យ ៦,៣% សណ្ឋាគារ​និង​ភោជនីយដ្ឋាន​៤,៥% និង​វិស័យ​ផ្សេងៗ​១៨%​។

​សូមបញ្ជាក់ថា គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​២០១៨ នៅក្នុង​ប្រទេស​កម្ពុជា មាន​ធនាគារពាណិជ្ជ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ចំនួន​៤០​ធនាគារ​។ ធនាគារ​ឯកទេស​ចំនួន​១៥ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សរុប​ចំនួន ៧០​គ្រឹះស្ថាន​៕