ភ្នំពេញ ៖ ៧ខែដើមឆ្នាំ២០១៨ នេះ កម្ពុជាទទួលបានចំណូលសរុប ៦៩,៦៦លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យភ្ញៀវទេសចរបរទេសចំនួនជាង ១,៥៤លាននាក់។ ចំណូលនេះ បានកើនឡើង ១៥,៣៦% និងចំនួនភ្ញៀវទិញសំបុត្រ កើនឡើង ៨,៩៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ ថវិកាចំណូលនេះ ត្រូវបានរំលែកចូលរួមបរិច្ចាគជាង៣លានដុល្លារអាមេរិក ទៅក្នុងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី១ សីហា ២០១៨នេះ។
នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នេះ គ្រឹះស្ថានអង្គរ បានចេញរបាយការណ៍ថ្មី ដែលបង្ហាញថា ក្នុងខែកក្កដា កន្លងមក ចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជិត៨លាន២សែនដុល្លារអាមេរិក តែតួលេខនេះបង្ហាញថា មានការធ្លាក់ចុះ ០,៣៨ភាគរយ បើធៀបនឹងខែកក្កដា ឆ្នាំមុន។ ប៉ុន្តែបើគិតពីចំនួនភ្ញៀវទេសចរណ៍បរទេសដែលទិញបណ្ណវិញ មានជាង១៨ម៉ឺន៥ពាន់នាក់ គឺកើន១,៧៥ភាគរយ ។ ក្នុងចំនួនប្រាក់ចំណូលសរុបក្នុងខែកក្កដានេះ គ្រឹះស្ថានអង្គរ បានឧបត្ថម្ភថវិកាចូលក្នុងមូលនិធិមន្ទីរពេទ្យគន្ធបុផ្ផា ចំនួនជាង៣៧ម៉ឺនដុល្លារ។ របាយការណ៍របស់គ្រឹះស្ថានអង្គរ ក៏បានបង្ហាញពីប្រាក់ចំណូលសរុបពីការលក់សំបុត្រ រយៈ៧ខែ ឆ្នាំ២០១៨ ផងដែរ គឺមានចំនួន៦៩,៦៦លានដុល្លារអាមេរិក គឺកើនឡើងប្រមាណ១៥,៣៦ភាគរយ ធៀបនឹងឆ្នាំមុន។
ចំណែកចំនួនភ្ញៀវទេសចរទិញបណ្ណចូលទស្សនារមណីយ៌ដ្ឋានអង្គរ ក្នុងរយៈពេល៧ខែនេះ ក៏មានការកើនឡើងប្រមាណ៩ភាគរយ គឺមានចំនួនសរុប ជាង១៥ម៉ឺន៤ពាន់នាក់។ ប្រាក់ចំណូលសរុបរយៈពេល៧ខែនេះ គ្រឹះស្ថានអង្គរ បានបរិច្ចាគថវិកាចូលទៅមូលនិធីមន្ទីរពេទ្យគន្ធបុប្ផាចំនួនជាង៣លាន៨ម៉ឺនដុល្លារអាមេរិក។
សូមបញ្ជាក់ថា តម្លៃសំបុត្រសម្រាប់ភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេលមួយថ្ងៃ មានតម្លៃ ៣៧ដុល្លារ រយៈពេល៣ថ្ងៃមានតម្លៃ៦២ដុល្លារ និង រយៈពេលមួយអាទិត្យ មានតម្លៃ ៧២ដុល្លារ។
បើតាមការលើកឡើងរបស់ លោកម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បញ្ជាក់ថា ក្រៅពីរមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញ ក្នុងតំបន់អង្គរ ខេត្តសៀមរាប ក៏បានរៀបចំសេវាបដិសណ្ឋារកិច្ច និងសេវាទេសចរណ៍នានាជាច្រើនទៀតផងដែរ ក្នុងនោះ មានសណ្ឋាគារ ចំនួន២២០កន្លែង អាផាតម៉ិន៩កន្លែង ផ្ទះសំណាក់២៩៦កន្លែង ភោជនីយដ្ឋាន១៧១កន្លែង ហាងម៉ាស្សា ៥០កន្លែង ភ្នាក់ងារទេសចរណ៍ ២៨៨សាខា មគ្គុទេសទេសចរណ៍ ៤៨៣៤នាក់ រមណីយដ្ឋាន៣៥កន្លែង និងមធ្យោបាយដឹកជញ្ជូន សរុប៦២៣គ្រឿង រួមមានដូចជា តាក់ស៊ី ម៉ូតូឌុប និងកាណូត ដែលត្រូវបានចងក្រងជាសមាគម។ ការរីកចម្រើនក្នុងវិស័យទេសចរណ៍នេះ បានផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តប្រមាណ ២៨ម៉ឺននាក់ ក្នុងនោះ មានប្រជាពលរដ្ឋបម្រើការរងារផ្ទាល់ក្នុងវិស័យទេសចរណ៌ផ្ទាល់ ប្រមាណ៨ម៉ឺននាក់ និងដោយប្រយោលប្រមាណ២០ម៉ឺននាក់៕