ប្រវត្តិ​សង្ខេប​លោក​ Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 September, 2018 ក+ ក-

​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ ( Beat Richner ហៅ​ក្រៅ​ថា Beatocello) មាន​ដើមកំណើត​ជា​ជនជាតិ ស្វ៊ី​ស ប្រសូត​នៅ​ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ១៩៤៧ នាទី​ក្រុង ហ្ស៊ុ​យ​រិ​ក ប្រទេស ស្វ៊ី​ស ។

​​បន្ទាប់ពី​ទទួលបាន​ស​ញ្ញ​ប័ត្រ​ថ្នាក់បណ្ឌិត​ពេទ្យ នៅ​ឆ្នាំ ១៩៧៣ មក លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ បានធ្វើ​ឯកទេសកម្ម​ផ្នែក​ពេទ្យ​កុមារ នៅក្នុង​មន្ទីរពេទ្យ​កុមារ នាទី​ក្រុង ហ្ស៊ុ​យ​រិ​ក ។ បន្ទាប់មក គាត់​បាន​បម្រើ​ការងារ​ឱ្យ កាកបាទក្រហម របស់​ប្រទេស ស្វ៊ី​ស ហើយ​ត្រូវបាន​បញ្ជូន​ឱ្យមក​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ ១៩៧៤ នៅក្នុង​មន្ទីរពេទ្យ គន្ធបុប្ផា ។ លុះដល់​ឆ្នាំ ១៩៧៥ នៅពេលដែល​ខ្មែរក្រហម​ចូលកាន់​អំណាច​នៅ​កម្ពុជា លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ ត្រូវបាន​បង្ខំ​ឱ្យ​ត្រឡប់​ទៅ​ប្រទេស ស្វ៊ី​ស ហើយ​គាត់​បាន​បន្តការងារ​រ​បស់​គាត់​នៅ​មន្ទីរពេទ្យ​កុមារ នាទី​ក្រុង ហ្ស៊ុ​យ​រិ​ក វិញ ។​
​ទីទៃ​ពី​មាន​អាជីព​ជា​វេជ្ជបណ្ឌិត​ទៅ លោក បេ​អាត រិច​ឈ្នឺ​រ ក៏​ស្រឡាញ់​តន្ត្រី​ផងដែរ ដូច្នេះ​គាត់​ក៏បាន​ហ្វឹកហាត់​រហូត​ក្លាយជា​អ្នក​ស្ទាត់ជំនាញ​ខាង​ឧបករណ៍ Cello ។ ហេតុនេះហើយ ទើប​គាត់​ត្រូវបាន​គេ​ប្រគល់​រហសនាម​ថា Beatocello ។​

​ត្រឡប់មក​កម្ពុជា​វិញ​
​នៅ​ខែ ធ្នូ ឆ្នាំ ១៩៩១ លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​ម្តងទៀត​ជា​ពេលដែល​ប្រទេស​កម្ពុជា​កំពុង​រង​ភាព​ខ្ទេចខ្ទាំ​យ៉ាងខ្លាំង​បន្សល់ទុក​ពី​របប​ខ្មែរក្រហម និង ដោយសារ​ជម្លោះ​រវាង​ខ្មែរក្រហម និង កងទ័ព​វៀតណាម ។​
​គាត់​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​ព្រះករុណា​ព្រះបាទ​សម្តេច នរោត្តម សីហនុ ស្នើ​សុំឱ្យ​ស្ថាបនា​មន្ទីរពេទ្យ​គន្ធបុប្ផា ឡើងវិញ ។ ទទួលបាន​សំណើ​នេះ​ភ្លាម លោក បេ​អាត រិច​ឈ្នឺ​រ បាន​បោះបង់​អ្វីៗ​ទាំងអស់​របស់គាត់​ដែល​មាននៅ​ប្រទេស ស្វ៊ី​ស ហើយ​បាន​បង្កើត​មូលនិធិ គន្ធបុប្ផា នៅ​ខែ មីនា ឆ្នាំ ១៩៩២ ហើយ​គាត់​ក៏បាន​ត្រឡប់មក​កម្ពុជា ជា​ជា​ផ្លូវការ ហើយ​បានចាប់ផ្តើម​ជួសជុល​ស្ថាបនា​មន្ទីរពេទ្យ​គន្ធបុប្ផា​ឡើងវិញ ។​

​ក្រោម​កិច្ចខិតខំ​យ៉ាង​ឥត​សំចៃ​របស់គាត់ និង មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​ស​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ផង​នោះ មន្ទីរពេទ្យ​គន្ធបុប្ផា ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ​ឡើងវិញ​នៅ​ខែ តុលា ឆ្នាំ ១៩៩២ ។ ចាប់ពីពេលនោះ​មក មូលនិធិ គន្ធបុប្ផា បានផ្តល់​មូលនិធិ ដើម្បី ចំណាយ​របស់​មន្ទីរពេទ្យ​កុមារ គន្ធបុប្ផា សរុប​មន្ទីរពេទ្យ​ចំនួន ៥ ។​

​ដោយមាន​ជំនាញ​ខាង​តន្ត្រី​ស្រាប់​ផង លោក បេ​អាត រិច​ឈ្នឺ​រ តែងតែ​រៀបចំ​កម្មវិធី​សប្បុរសធម៌ នៅ​ទីកន្លែង​នានា ទាំង​ក្នុង និង ក្រៅប្រទេស ដូចជា នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ឬ មន្ទីរពេទ្យ​ជ័យវរ្ម័ន ទី ៧ ខេត្តសៀមរាប​ជាដើម ដើម្បី ប្រមូល​ថវិកា​ទៅ​ដាក់​ក្នុង​មូលនិធិ គន្ធបុប្ផា សម្រាប់​គ្រប់គ្រង​លើ​ការចំណាយ​របស់​មន្ទីរ​ពេទ្យ​គុន្ធបុប្ផា ។​

​នៅក្នុង​កម្មវិធី​ទាំងនោះ គាត់​ជា​អ្នកលេង Cello គាត់​និយាយ​អំពី​បញ្ហា​វិបត្តិ​សុខភាព​នៅ​កម្ពុជា ហើយ​គាត់​ត្រូវបាន​គេ​ដឹងថា គឺជា​មនុស្ស​ដែល​មិនដែល​មាន​ទំនោរ​នយោបាយ​ឡើយ ។ កម្មវិធី​ទាំងនោះ បាន​ទាក់ទាញ​មនុស្សម្នា​ជាច្រើន​ទៅ​ចូលរួម ។ គាត់​តែងតែ​ពន្យល់ និង សុំឱ្យ​ពួកគេ​បរិច្ចាគ​ឈាម ឬ ថវិកា សម្រាប់​ជួយសង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា ។​

​ដោយសារតែ​មន្ទីរពេទ្យ​គន្ធបុប្ផា ផ្តល់​ការព្យាបាល​ដោយ​ឥត​បង់ប្រាក់​សម្រាប់​កុមារ​ទាំងអស់ ហើយ​មាន​ប្រសិទ្ធ​ភាពខ្លាំង​ផង​នោះ មាតាបិតា​អាណាព្យាបាល​កុមារ​ច្រើន​ទៅៗ បាន​នាំ​កុមារ​ទៅ​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ទាំងនោះ កកកុញ ទើប​មូ​លិ​និ​ធិ​គន្ធបុប្ផា របស់លោក បេ​អាត រិច​ឈ្នឺ​រ ពង្រីក​មន្ទីរពេទ្យ​នេះ​ដល់​ទៅ ៥ សាខា គឺ គន្ធបុប្ផា នៅ​ភ្នំពេញ និង នៅក្នុង​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី ៧ ខេត្តសៀមរាប ។ ឆ្នាំ ២០០៦ មាន​របាយការណ៍​ថា ចំណាយ​របស់​មន្ទីរពេទ្យ​ក្នុង ១ ឆ្នាំ ប្រមាណ​ជា ១៧ លាន​ដុល្លារ​អាមេរិក ។ តាំងពី​បាន​បង្កើត​កាលពី​ឆ្នាំ ១៩៩១ មក មូលនិធិ គន្ធបុប្ផា របស់លោក បេ​អាត រិច​ឈ្នឺ​រ បាន​ប្រមែប្រមូល​ថវិកា​ប្រមាណ​ជា ៣៧០ លាន​ដុល្លារ​អាមេរិក​សម្រាប់​ជួយសង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា ។​

​កិច្ចការ​មនុស្សធម៌រ​បស់​គាត់​ត្រូវបាន​គេ​ចងក្រង​ជា​ភាពយន្ត​ឯកសារ​ចំនួន ៥ ដែលមាន​ឈ្មោះថា Bach at the Pagoda (1997), the Beat Goes On (1999), Depardieu goes for Beatocello (2002), Money or Blood (2004), “15 Years of Kantha Bopha” (2007) និង “Beatocello’s Umbrella” (2012) ។ ឆ្នាំ ២០០៦ ភាពយន្ត​ឯកសារ​ឈ្មោះថា Dr Beat and The Passive Genocide of Children ត្រូវបាន​ផលិតឡើង​ដោយ​ផលិតករ​ភាពយន្ត Janine Hosking ផលិតឡើង ។​
​លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ ត្រូវបាន​ប្រគល់​នាម​ថា Swiss of the Year ( ស្វ៊ី​ស ប្រចាំឆ្នាំ ) នៅ​ឆ្នាំ ២០០២ ។​

​មរណភាព​របស់លោក បេ​អាត រិច​ឈ្នឺ​រ​
​រហូតដល់​ឆ្នាំ ២០១៧ លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ ដែល​ប្រជាពលរដ្ឋ​ខ្មែរ ហៅ​ជា​ញឹកញាប់​ថា ” ព្រោះ​រស់ ” ឬ ” ពេទ្យ​ទេព ” បាន​មាន​បញ្ហា​សុខភាព ហើយ​ក៏បាន​ត្រឡប់​ទៅ​ប្រទេស ស្វ៊ី​ស របស់គាត់​វិញ ហើយ​បានធ្វើ​មរណភាព​នៅវេលា​ម៉ោង ២: ៤៥ ព្រឹក នៅ​ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៨ ក្នុង​ជន្មាយុ ៧១ ឆ្នាំ នាទី​ក្រុង ហ្ស៊ុ​យ​រិ​ក ប្រទេស ស្វ៊ី​ស ដែលជា​មាតុប្រទេស​របស់លោក ។​

​មរណភាព​របស់លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ បាន​អង្រន់​បេះដូង​នៅ​មនុស្ស​នៅ​កម្ពុជា​ឱ្យ​រំជើបរំជួល​ក្តុកក្តួល​ពាសពេញ​ផ្ទៃ​ប្រទេស ទាំង​ថ្នាក់ដឹកនាំ និង ប្រជាពលរដ្ឋ ដោយសារ​ក្នុង​ជីវិត​ការងារ​ស្ទើរ​ទាំងអស់​របស់គាត់ គឺ​បានធ្វើ​ដើម្បី​កុមារ និង វិស័យ​សុខាភិបាល​នៅ​កម្ពុជា ។​
​មន្ទីរពេទ្យ​គន្ធបុប្ផា និង ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ថ្លែងទុក្ខ​រៀងៗ​ខ្លួន ហើយ​បានរៀបចំ​ពិធី​គោរព​វិ​ញ្ជា​ណ​ក្ខ​ន្ធ​របស់លោក​វេជ្ជបណ្ឌិត នៅ​ទីតាំង​រៀងៗ​ខ្លួន នា​រសៀល​ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ ។​

​ក្រសួង​ល​សុខាភិបាល​បាន​បង្ហោះ​សារ​របស់ខ្លួន​ថា ៖ ការសោកស្តាយ​ជា​អនេក និង ការចូលរួម​មរណទុក្ខ​របស់​ក្រសួងសុខាភិបាល​ចំពោះ​ការបាត់បង់​ឥស្សរជន​មនុស្ស​ធ៌​ម​ដ៏​ឆ្នើម​ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា​ពី​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ ដែល​នេះ​មិន​ត្រឹមតែ​ជាការ​បាត់បង់​នូវ​ឥស្សរជន​ជួយ​សុខភាព​កុមារ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាការ​បាត់បង់​ដ៏​ធំធេង​សម្រាប់​វិស័យ​សុខាភិបាល​កម្ពុជា​និង​ជាការ​បាត់បង់​លោកគ្រូ​ពេទ្យ​ដ៏​ឆ្នើម​កម្រ​រកបាន​ដែរ​។​

២៥​ឆ្នាំ​កន្លងទៅនេះ ឯកឧត្តម​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ បាន​បង្កើត​ស្នាដៃ​មនុស្សធម៌​ដ៏​ធំធេង​នៅក្នុង​ប្រវត្តិ​នៃ​ការអភិវឌ្ឍ​ន៌​វិ​ស៏​យ​សុខាភិបាល​កម្ពុជា​ក្រោយ​ពីថ្ងៃ​រំដោះ ៧ មករា ១៩៧៩​មក គឺ​ការបង្កើត ពង្រីក និង​អភិវឌ្ឍ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​រាជធានី​ភ្នំពេញ​និង​នៅ​ទី​រួម​ខេត្តសៀមរាប ហើយ​ឯកឧត្តម​សាស្ត្រាចារ្យ បេ​អាត រិច​ឈ្នឺ​រ បាន​បង្ហាត់បង្ហាញ​ដឹកនាំ​ការពិនិត្យ​ព្យាបាល​ជំងឺ​កុមារ​នៅ​កម្ពុជា ទោះជា​ស្ថិតនៅក្នុង​ដំណើរ​ដ៏​លំបាកលំបិន​ក៏ដោយ ក៏ ឯកឧត្តម​សាស្ត្រាចារ្យ មិន​រួញរា ថែមទាំង​បាន​លះបង់​ទាំង​កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី តម្រិះ​វេជ្ជសាស្ត្រ និង​សន្តាន​ចិត្ត​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ ព្រមទាំង​ស្វែងរក​និង​ប្រមូល​វិភាគទាន​សម្រាប់​ប្រតិបត្តិការ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​កម្ពុជា​ដោយ​កម្លាំង​ផ្ទាល់ខ្លួន​ដោយ​មិនមាន​ការនឿយហត់ ដើម្បី​សុខភាព​កុមារ​កម្ពុជា ។​

​ក្រសួងសុខាភិបាល​បាន​បន្តថា ៖ ទង្វើ​ខាងលើ​របស់​ឯកឧត្តម​សាស្ត្រាចារ្យ បេ​អាត រិច​ឈ្នឺ​រ គឺ​ពិតជា​គំរូ​វីរភាព​ដែល​យើងទាំងអស់គ្នា​មិនអាច​បំភ្លេច​បានឡើយ ហើយ​សមិទ្ធផល​ដែល​បានកើត​ចេញពី​ស្នាដៃ​របស់​ឯកឧត្តម​សាស្ត្រាចារ្យ បេ​អាត រិច​ឈ្នឺ​រ នៅលើ​ទឹកដី​កម្ពុជា​នេះ និង​ពិតជា​បាន​បន្សល់ទុក​ឲ្យ​ជា​ផល​ប្រ​យោ​ជ​ន៌ សម្រាប់​កុមារ​កម្ពុជា​ជា​បន្ត និង​នៅ​ស្ថិតស្ថេរ​ជា​និរន្ត​ន៍ ។ យើង​និង​ខិតខំ​បន្ត​នូវ​បេសកកម្ម​មនុស្សធម៌​រប​ស់​ឯកឧត្តម​សាស្ត្រាចារ្យ បេ​អាត រិច​ឈ្នឺ​រ ជា​បន្តទៀត ដើម្បី​សុខភាព​កុមារ​កម្ពុជា មិន​ឲ្យ​សាបសូន្យ​ឡើយ​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​សំដែង​នូវ​ក្តី​សោកស្តាយ​ជាខ្លាំង​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​ឡើយ​។ យើងខ្ញុំ​ទាំងអស់គ្នា សូម​ចូលរួម​មរណ​:​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទីបំផុត​ជាមួយ​ក្រុមគ្រួសារ​សព​ឯកឧត្តម​សាស្ត្រាចារ្យ បេ​អាត រិច​ឈ្នឺ​រ ហើយ​យើងខ្ញុំ​ទាំងអស់គ្នា សូម​លើកដៃ​ប្រណំ​បួងសួង​ជូន​វិញ្ញាណ​ខ័​ន្ទ​ឯកឧត្តម​សាស្ត្រាចារ្យ បេ​អាត រិច​ឈ្នឺ​រ បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕