ភ្នំពេញ ៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ កាលពីល្ងាចថ្ងៃទី១០ កញ្ញា ម្សិលមិញ ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា បានឲ្យដឹងថា គ្រោះទឹកជំនន់ ៨ខែ ដើមឆ្នាំ២០១៨នេះបានប៉ះពាល់ដល់ ២២ រាជធានី ខេត្ត ប្រជាជនរង គ្រោះមានចំនួន ១២១ពាន់ ៧២០គ្រួសារ ស្មើនឹងមនុស្សចំនួន ៥២៧ពាន់ ៤៨៩នាក់ ប្រជាជន ជម្លៀសចំនួន ១១ពាន់ ២៤៦គ្រួសារ ស្មើនឹងមនុស្សចំនួន ៥០ពាន់ ៦០៧នាក់ និងមានអ្នក ស្លាប់ចំនួន ៤៤នាក់។ ដោយឡែកដំណាំស្រូវប៉ះពាល់ប្រមាណ ៨២ពាន់ ២៤១ហិកតា ខូចខាតប្រមាណ ៣៧ពាន់ ៤៤៩ហិកតា ប៉ះពាល់ដំណាំរួមផ្សំ ១០ពាន់ ១៣៩ហិកតា ខូចខាត ប្រមាណ ៥ពាន់ ៦១០ហិកតា និងផ្លូវលំជនបទលិចទឹកប្រមាណ ១ពាន់ ៣១៧ គ.ម។
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា គ្រោះមហន្តរាយឆ្នាំនេះបានកើតឡើងខុសប្លែកពីឆ្នាំមុនៗបន្តិច សំខាន់គឺបញ្ហាធម្មជាតិដែល មានខ្យល់កន្ត្រាក់រហូតដល់ ១៦៦លើក សម្លាប់មនុស្សចំនួន ៦នាក់ និងរន្ទះបាញ់បានសម្លាប់ មនុស្សចំនួន ៨៨នាក់ ពោលគឺករណីនៃគ្រោះធម្មជាតិទាំងពីរនេះបានសម្លាប់ប្រជាជនកម្ពុជា ជិត ១០០នាក់ ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០១៨នេះ ហើយចំពោះករណីនៃគ្រោះទឹកជំនន់ បានចាប់ផ្តើមតាំងពីក្រោយចូលឆ្នាំខ្មែរមក រហូតដល់ជិតយុទ្ធនាការបោះឆ្នោតក៏កើតមាននូវ ជំនន់ទឹកភ្លៀងប៉ែកខាងលិចប្រទេសដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និង ខេត្តកំពង់ស្ពឺជាដើម។ រីឯខេត្តតាមមាត់សមុទ្រមាន ខេត្តព្រះសីហនុ កោះកុង និងខេត្តកំពតក៏ រងនូវផលប៉ះពាល់ពីទឹកជំនន់ផងដែរ។
លោកបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ កញ្ញានេះ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ បើពុំមានព្យុះ ឬសម្ពាធផ្សេងៗកើតឡើងទេនោះ មានន័យថាយើងទទួលបានសុវត្ថិភាព។ ផ្ទុយទៅវិញប្រសិនបើមានព្យុះ ឬសម្ពាធផ្សេងៗកើតឡើងនោះទឹកអាចឡើងម្តងទៀត ដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវតាមដានដោយយកចិត្តទុក
ដាក់ខ្ពស់បំផុត។ ឯកឧត្តមថា រីឯការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនៅក្រោយទឹកជំនន់ នឹងត្រូវចំណាយថវិកាច្រើន៕