ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អះអាងថា ការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) របស់សហភាពអឺរ៉ុប មិនមានអ្វីចម្លែកនោះទេ ព្រោះកម្ពុជា ក៏នឹងត្រូវប្រឈមមុខចំពោះការដកប្រព័ន្ធអនុគ្រោះនេះ នាពេលដ៏ខ្លីខាងមុខដែរ ដោយសារតែកម្ពុជា មានកំណើនសេដ្ឋកិច្ចសរុបប្រចាំឆ្នាំរបស់ខ្លួន។
ការថ្លែងរបស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងនៅបន្ទាប់ពីសហភាពអឺរ៉ុប បានអះអានៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នេះថា សហភាពអឺរ៉ុបនឹងចាប់ផ្តើមអនុវត្តដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា តែថា នៅបើកទ្វារចំហសម្រាប់ការសន្ទនាទាក់ទងនឹងការបន្តគោលនយោបាយអនុគ្រោះពន្ធដល់កម្ពុជាក្នុងការនាំទំនិញទៅកាន់ទីផ្សារប្រទេសលោកសេរី ដោយរួចពន្ធ។
សហភាពអឺរ៉ុប ក៏បានអះអាងដែរថា ខ្លួនបានជូនដំណឹងទៅរាជរដ្ឋាភិបាលកម្ពុជា រួចរាល់ហើយ អំពីចំណាត់ការឈានទៅរកការលុបចោលប្រព័ន្ធអនុគ្រោះពន្ធឈ្មោះ «អ្វីៗទាំងអស់លើកលែងតែអាវុធ» ហៅកាត់ថា EBA ។ សហភាពអឺរ៉ុបគូសបញ្ជាក់ថា ចំណាត់ការនេះ គឺដោយសារតែ ពុំមានការកែប្រែស្ថានភាពវិបត្តិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ក្នុងរយៈកាលកន្លងមកនេះ។
គួរជម្រាបថា បើផ្អែកតាមបទបទបញ្ញត្តិរបស់សភា និងក្រុមប្រឹក្សាអឺរ៉ុប ក្រោយស្នងការអឺរ៉ុប ជូនដំណឹងទៅប្រទេសទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ EBA អំពីការអនុវត្តនីតិវិធីលុបចោលប្រព័ន្ធអនុគ្រោះពន្ធនេះ ស្នងការអឺរ៉ុបនឹងបន្តធ្វើការតាមដាន និងវាយតម្លៃស្ថានភាពក្នុងប្រទេសទទួលអត្ថប្រយោជន៍រយៈពេល ៦ខែទៀត ចាប់ពីពេលជូនដំណឹងនេះ។ ក្នុងរយៈពេល ៦ខែបន្ទាប់ពីចប់រយៈពេលខាងដើមនេះ ស្នងការអឺរ៉ុប នឹងធ្វើសេចក្ដីសម្រេចចិត្ត ថាតើគួរបញ្ឈប់នីតិវិធីលុបចោលប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្ននេះ ឬ ធ្វើការលុបចោលប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្ន នេះតែម្ដង។
ទោះជាយ៉ាងនេះក្តី លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនមានគម្រោងដើម្បីចរចាសុំឲ្យសហភាពអឺរ៉ុបស្ដារឡើងវិញនូវវិធានការរបស់ពួកគេនោះទេ ។លោក ផៃ ស៊ីផាន លើកឡើងថា កម្ពុជាអាចរស់បានដោយគ្មានការពឹងផ្អែកលើសេដ្ឋកិច្ចពីប្រទេសដទៃឡើយ។ លោក ថា «ចំពោះកម្ពុជាអាចរស់ខ្លួនឯងបានដែរតើ ដោយឈរលើកម្លាំងសេដ្ឋកិច្ច ដូច្នេះការប្រើប្រាស់ពាក្យថា ដាក់ទណ្ឌកម្ម ការប្រើប្រាស់ពាក្យថា ផលប៉ះពាល់ដល់កម្ពុជា អានេះជាភាសាម៉ាក់ងាយដល់កម្ពុជា ពីព្រោះកម្ពុជា ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ ផលិតផល សម្រាប់លក់លើទីផ្សារទូទាំងពិភពលោក មិនមែនសម្រាប់តែទីផ្សារអឺរ៉ុបទេ»៕