កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០ នឹង​អនុម័ត​លើ​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 October, 2018 ក+ ក-

 

​ភ្នំពេញ ៖ ខណៈ​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា កំពុង​ស្ថិតនៅ​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​ប្រទេស​មេគង្គ​-​ជប៉ុន​លើក​ទី​១០ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក ស៊ិន ហ្ស៊ូ​អា​បេ ដែលជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ និង​អញ្ជើញ​ចូលរួម​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​, លោក​បណ្ឌិត ថង​លួ​ន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ​, លោកស្រី អ៊ុង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សហភាព​មី​យ៉ាន់​ម៉ា​, លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​នៃ​ថៃ លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​។​

​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​ថ្មី​មេគង្គ​-​ជប៉ុន ឬ យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មី ដែល​ផ្តោតលើ​សសរស្តម្ភ​ធំ​បី​៖ ការផ្សាភ្ជាប់​, ប្រជា​ជា​ជន និង​បរិស្ថាន នឹងត្រូវ​អនុម័ត​ដោយ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​មេគង្គ និង​ជប៉ុន​នា​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី ១០ នេះ​។​

​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០ បាន​ប្រារព្ធ​បើក​ជា​ផ្លូវការ​ចាប់ផ្តើម​ពី​ព្រឹក​ថ្ងៃទី ៩ ខែ តុលា ម្សិលមិញ នេះ នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។ មេដឹកនាំ​មេគង្គ កម្ពុជា​, វៀតណាម​, ឡាវ​, ថៃ និង​មី​យ៉ាន់​ម៉ា បូក​ជាមួយ​ជប៉ុន និង​ជួបគ្នា​រយៈពេល​ពីថ្ងៃ​ដើម្បី​ពិភាក្សា​ទៅលើ​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​ថ្មី​មេគង្គ​-​ជប៉ុន ដែល​ផ្តោតលើ​សសរស្តម្ភ​ធំ​បី​៖​ការផ្សាភ្ជាប់​,​ប្រជា​ជា​ជន​និង បរិស្ថាន ដែល​នឹងត្រូវ​អនុម័ត​ដោយ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​មេគង្គ​និង​ជប៉ុន​នា​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០​។​នេះ​បើ​យោងតាម​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី​ហ្ស៊ី​ន​សូ អា​បេ នៅ ក្នុង​ពិធី ជប់លៀង​ជូន​មេដឹកនាំ​បណ្តា​ប្រទេស​មេគង្គ​កាលពីរ​ល្ងាច​ថ្ងៃទី ៨ ខែតុលា​នៅ​ទីក្រុង​តូ​ក្យូ ។​

​សូម​រំលឹកថា នៅ​ថ្ងៃទី​៧ ខែតុលា ខណៈ​សម្តេច​តេ​ជោ និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា បាន​ទៅ​ទស្សនា​គម្រោង​អភិវឌ្ឍន៍​តំបន់ មីណា​តូ មី​រ៉ា​យ (Minato Mirai)​ពីលើ Landmark Tower កំពស់​២០០​ម៉ែត្រ នៃ​សណ្ឋាគារ​ឡែ​ន​ម៉ាក ក្នុង​ទីក្រុង​យូ​កូ​ហា​ម៉ា ប្រទេស​ជប៉ុន សម្តេច​បាន​លើកសរសើរ​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​ផងដែរ​។​

​ ​គួរ​បញ្ជាក់ថា តំបន់​មេគង្គ​ដែលមាន​ប្រទេស​សមាជិក​ប្រាំ​មានដូចជា​កម្ពុជា វៀតណាម ឡាវ ថៃ​និង​មី​យ៉ាន់​ម៉ា ត្រូវបាន​គេ​ចាត់ទុកថា​ជា​តំបន់​ដែល​មា​ការ​លូត លាស់​រហ័ស​បំផុត​មួយ​ក្នុង​តំបន់​អាស៊ី ។ តំបន់​នេះ​ក៏មាន​ប្រជាជន​ប្រមាណ ៣៥៦ លាន​នាក់​ហើយ​បើតាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ផលិតផល​ក្នុងស្រុក​សរុប​នៃ​តំបន់​នេះ​មាន​ទំហំ ៧៥៧ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ឆ្នាំ ២០១៧៕                               ដោយ ៖ ភិ​រ៉ា​ន​