ភ្នំពេញ ៖ ក្នុងឆមាសទី២ ឆ្នាំ ២០១៨ អាកាសធាតុមានការប្រែប្រួលច្រើនទាំងក្នុងតំបន់ ទាំងក្នុងភូមិសាស្ត្រប្រទេសកម្ពុជា ដោយសារព្យុះក្នុងតំបន់កើតមានច្រើននៅពាក់កណ្តាលរដូវវស្សាខុសពីធម្មតា និងបង្កឲ្យមាន ជាព្យុះទឹកជំនន់ និងការបាក់ដីនៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់។ នេះបើតាមរបាយការណ៍ស្តីពីការងារគ្រប់គ្រងគ្រោះមហន្តរាយ រយៈពេល ៩ខែ ឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ដោយឡែកកម្ពុជា បានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងជាបន្តបន្ទាប់នៅតាមតំបន់ជាច្រើន ជំនន់ទន្លេមេគង្គ មានចលនាឡើងចុះចំនួន ៣ដង និងឡើងដល់កម្រិតប្រុងប្រយ័ត្ននៅតាមដងទន្លេនេះ រួមទាំង ទន្លេបាសាក់បន្ទាប់ពីបានអាក់ខានអស់រយៈពេល ៤ឆ្នាំចុងក្រោយនេះ។
ក្នុងរបាយការណ៍ដដែលបានបង្ហាញអំពីស្ថានការណ៍គ្រោះមហន្តរាយរួមមានៈ ការខ្វះ ខាតទឹក,ជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ,ការបាក់ច្រាំងទន្លេ ស្ទឹង,ខ្យល់កន្ត្រាក់,ជំងឺឆ្លង និងអគ្គីភ័យជាដើម។ ជាមួយគ្នានេះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានធ្វើ សេចក្តីសន្និដ្ឋានថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៨នេះ ព្យុះក្នុងតំបន់បានកើតមានចំនួន ២៥លើក ហើយទោះបីជាមិនទទួលរងឥទ្ធិពលផ្ទាល់ក៏ដោយចុះ ក៏កម្ពុជាបានទទួលរងនូវ ឥទ្ធិពលបន្ទាប់ ដែលធ្វើឲ្យអាកាសធាតុមានការប្រែប្រួលច្រើននៅពាក់កណ្តាលរដូវវស្សា និង បង្កឲ្យមានភ្លៀងធ្លាក់ជោកជាំក្នុងកម្រិតដែលមិនធ្លាប់មាននៅតាមបណ្តាខេត្តមួយចំនួន ។
ការបង្កឲ្យកើតមានជំនន់ទឹកភ្លៀង ជំនន់ទន្លេមេគង្គចាប់ពីពាក់កណ្តាលខែកក្កដា មក ក្នុងនោះ តំបន់មួយចំនួនមានបរិមាណទឹកភ្លៀងធ្លាក់ខ្សោយនៅដំណាច់ខែកក្កដា ធ្វើឲ្យផលដំណាំមួយ ចំនួនធំរងផលប៉ះពាល់ និងខូចខាតដូចជានៅខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ស្វាយរៀង ព្រៃវែងជាដើម ដែលស្ថានភាពបែបនេះធ្វើឲ្យប្រជាកសិករប្រឈមនឹងការខ្វះខាត ទាំងផ្នែកជីវភាព សុខភាពក្នុងគ្រួសារ និងសហគមន៍ ដែលចាំបាច់ត្រូវមានការស្តារឡើងវិញ ក្នុងរយៈពេលវែង ក្នុងវិស័យកសិកម្ម សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាដើម៕