ភ្នំពេញ ៖ ក្នុងរយៈ ពេល៩ខែ ឆ្នាំ២០១៨ កម្ពុជាមានជំងឺឆ្លងផ្តាសាយបក្សី A (H1N1) ចំនួន៤ករណី គឺនៅក្នុងខេត្តមណ្ឌលគីរី ព្រៃវែង ត្បូងឃ្មុំ និងរាជធានីភ្នំពេញ ដែលក្នុងនេះមានសត្វមាន់ និងទាបានងាប់ និងបានកម្ទេចចោល ដោយមានកិច្ចសហការទាន់ពេលវេលាពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋានរងគ្រោះរួមមាន ការបាញ់ថ្នាំសម្លាប់មេរោគតាមកសិដ្ឋាន និងលំនៅដ្ឋាន ការផ្សព្វផ្សាយអប់រំ ការបិទ និងចែក ប័ណ្ណផ្សព្វផ្សាយ អំពីការការពារជំងឺផ្តាសាយបក្សីផងដែរ។ នេះបើតាមកការបញ្ជាក់ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានគូសបញ្ជាក់ថា វិធានការដើម្បីការពារជំងឺគ្រុនឈាម ត្រូវបានក្រសួងសុខាភិបាល ដាក់ចេញចាប់តាំងពីដើម ឆ្នាំ២០១៨ មក ដោយសារឆ្នាំនេះជាវដ្តនៃការផ្ទុះជំងឺរាតត្បាត នឹងកើតមានទៅលើមនុស្សគ្រប់វ័យ និងតម្រូវឲ្យមានកិច្ចសហការទាំងក្នុងគ្រួសារ និងសហគមន៍ក្នុងការកំចាត់ដង្កូវទឹក មូសខ្លា តាមរយៈការបំបាត់ចោលនូវវត្ថុដែលអាចដក់ទឹក និងការដាក់ថ្នាំ អាបេត នៅតាមអាង និងពាងទឹកក្នុងគ្រួសារនីមួយៗ ដែលក្នុងនោះ ក្រសួងសុខាភិបាលបានធ្វើការចែកចាយថ្នាំ អាបេត ទៅតាមបណ្តាខេត្តទូទាំងប្រទេសចំនួន ៣៥០តោន និងថ្នាំបាញ់មូសចំនួន ៥.៦០៩លីត្រ។
ក្នុងរបាយការណ៍ដដែលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ អត្រាឈឺដោយជំងឺ គ្រុនឈាមមាន ៧.១២៣ ករណី និងការទទួលរងគ្រោះដល់ស្លាប់ចំនួន១១នាក់៕