ភ្នំពេញ ៖ ប្រទេសកម្ពុជា បង់ក្លាដេស និងប៉ាគីស្ថាន នាព្រឹកថ្ងៃទី១៧ តុលា ឆ្នាំ២០១៨នេះ បានសហការគ្នា រៀបចំសិក្ខាសាលាមួយ ចែករំលែកនូវ ព័ត៌មាន បទពិសោធន៍ល្អៗ និង ការអនុវត្តថ្មីៗ ក្នុងប្រព័ន្ធអធិការកិច្ចការងារ និងធានារ៉ាប់រងគ្រោះថ្នាក់ការងារ ក្រោមគម្រោង បទដ្ឋានសង្គម និងការងារ ក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី ដើម្បីស្វែងរកដំណោះស្រាយ និងអភិវឌ្ឍទៅលើក្របខណ្ឌ នៃវិស័យការងារ។
នៅក្រោយពិធីបើកសិក្ខាសាលា ស្តីពី ប្រព័ន្ធអធិការកិច្ចការងារ និងធានារ៉ាប់រងគ្រោះថ្នាក់ការងារ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងការងារ និងមុខរបរបង់ក្លាដេស និងនាយកដ្ឋានការងារ និងអភិវឌ្ឍធនធានមនុស្ស នៃខេត្តពុនយ៉ាប ប្រទេសប៉ាគីស្ថាន នៅក្រុងភ្នំពេញ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ក្រុមអ្នកសារព័តមានថា “ក្នុងក្របខ័ណ្ឌកំណែទម្រង់ប្រព័ន្ធអធិការកិច្ចការងារ ក្រសួងបានកែសម្រួលបញ្ជីត្រួតពិនិត្យ សម្រាប់ចុះធ្វើអធិការកិច្ចការងារ និងការតាក់តែងសៀវភៅណែនាំសម្រាប់អធិការការងារ ចុះធ្វើអធិការកិច្ច តាមរយៈប្រព័ន្ធអធិការកិច្ចការងារតែមួយ ដោយបានសិក្សាប្រៀបធៀប និងបញ្ចូលការអនុវត្តល្អ របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សំដៅពង្រឹងគុណភាពអធិការកិច្ចការងាររបស់អធិការការងារ ក៏ដូចជាពង្រឹងនូវការគោរពលក្ខខណ្ឌការងារ ស្របទៅនឹងបទប្បញ្ញត្តិច្បាប់ជាធរមាន។
លោក ម៉ាក ប៊ែកម៉េន (Marc Beckmann) ប្រធានគម្រោងបទដ្ឋានសង្គម និងការងារក្នុងវិស័យវាយនភណ្ឌនិងកាត់ដេរនៅទ្វីបអាស៊ី បានលើកឡើងថា ដើម្បីធានា និងលើកកម្ពស់លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិតឲ្យកាន់តែប្រសើរឡើង កម្ពុជាគួរផ្តោតលើសសរស្តម្ភពីរ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។
សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦មក ក្នុងគោលបំណងពង្រឹង ភាពអនុលោម តាមបទដ្ឋានសង្គម និងការងារ ដូចមានចែងក្នុងច្បាប់ ស្ដីពី ការងារកម្ពុជា ឆ្នាំ១៩៩៧ ដោយមានការជឿទុកចិត្ត ពីសាធារណជនសំដៅលើកកម្ពស់លក្ខខណ្ឌការងារ និងដំណើរការល្អ នៃឧស្សាហកម្ម វាយនភណ្ឌ និងកាត់ដេរនៅកម្ពុជា ដែលស្របតាមគោលនយោបាយ ស្ដីពី មុខរបរ និងការងារ និងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឱ្យមាននិរន្តរភាព៕