វ៉ាស៊ីនតោន ៖ សហភាពអន្តរសភា (IPU) ស្នើសុំជាថ្មីឱ្យអាជ្ញាធរកម្ពុជាដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងទម្លាក់ចោលការចោទប្រកាន់នានាព្រមទាំងអនុញ្ញាតឱ្យលោកបានមកដឹកនាំគណបក្សឡើងវិញ។ នេះបើតាមចេញសេចក្តីសម្រេចមួយរបស់សហភាពអន្តរសភា (IPU) ដែលចេញ ឆ្នាំ២០១៨ នេះ។
ប្រភពព័ត៌មានពី វីអីអេ បានផ្សាយថា សេចក្តីសម្រេចដែលចេញកាលពីថ្ងៃព្រហស្បតិ៍ក៏បានច្រានចោលការដកយកអាសនៈសភាទាំង៥៥របស់អតីតគណបក្សសង្គ្រោះជាតិហើយហាមអតីតអ្នកតំណាងរាស្ត្រទាំងនោះមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំថាជា«ការដើរផ្ទុយទាំងស្រុងនឹងសិទ្ធិបុគ្គលនិងសមូហភាពក្នុងការចូលរួមបំពេញកិច្ចការសាធារណៈនិងសិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌»។
សហភាពអន្តរសភាបានបើកការប្រជុំពីថ្ងៃទី១៤ ដល់១៨ ខែតុលា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសហើយក៏មានការចូលរួមពីប្រតិភូសភារបស់កម្ពុជា ផងដែរ។
ប្រតិភូកម្ពុជាបានប្រាប់ដល់សហភាពអន្តរសភាថា បើអតីតសមាជិកក្រុមប្រឆាំង«នៅស្ងាត់ស្ងៀម»គឺពួកគេអាចនឹងធ្វើនយោបាយបានវិញក្នុងរយៈពេលបួនឆ្នាំទៀតពេលដែលបំរាមបានផុតប៉ុន្តែក្នុងពេលនេះគឺពួកគេត្រូវតែទទួលតាមការសម្រេចរបស់តុលាការ។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីសម្រេចដែលមាន១២ចំណុចនេះ។
តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិដែលជាអតីតគណបក្សប្រឆាំងកាលពីខែវិច្ឆិកាឆ្នាំ២០១៧ បន្ទាប់ពីបានចាប់ខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារដោយចោទពីបទឃុបឃិតជាមួយនឹងបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
ប៉ុន្តែសេចក្តីសម្រេចរបស់សហភាពអន្តរសភាបានហៅការចោទប្រកាន់ និងឯកសារវីដេអូ ប្រើប្រាស់ដាក់បន្ទុកនោះថា «គ្មានអ្វីដែលជាបទល្មើសព្រហ្មទណ្ឌទាល់តែសោះ»ហើយថាលោកកឹម សុខាក៏មិនបានញុះញ៉ង់ឱ្យមានអំពើហិង្សាអ្វីទេ។ សហភាពអន្តរសភាក៏បានច្រានចោលវីដេអូនោះ។
គណៈប្រតិភូសភាកម្ពុជាបានសម្តែងការ «ខកចិត្ត» ចំពោះសេចក្តីសម្រេចនោះហើយចោទថាគណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភាផ្អែកការសម្រេចចិត្តរបស់ពួកគេ«ហាក់ពុំបានធ្វើការគិតគូពិចារណាឱ្យបានម៉ត់ចត់ឡើយ»។
សេចក្តីថ្លែងការណ៍របស់គណៈប្រតិភូកម្ពុជាដែលចេញកាលពីថ្ងៃទី១៨ តុលា នោះ ដែរ បានបន្ថែមថា គណៈកម្មាធិការបានផ្អែកលើប្រភពព័ត៌មានដែលមានលក្ខណៈនយោបាយពីភាគីម្ខាងហើយ«លាបពណ៌ប្រទេសកម្ពុជាឱ្យខ្មៅងងឹត»។
លោកកឹម សុខានៅបន្តជាប់ឃុំនៅក្នុងលំនៅដ្ឋាននៅឡើយហើយការស្នើសុំជួបលោកដោយប្រតិភូសហភាពអន្តរសភាត្រូវបានអាជ្ញាធរកម្ពុជាបដិសេធជាបន្តបន្ទាប់៕