ភ្នំពេញ ៖ សហភាពអឺរ៉ុប នៅពេលថ្មីៗនេះ បានរៀបចំពិនិត្យដំណើរការនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជា ខណៈនោះ សហភាពអឺរ៉ុបក៏បានបង្ហាញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយវៀតណាម តែតម្រូវឲ្យមានការពិនិត្យឡើងវិញនូវអ្វីដែលសហភាពអឺរ៉ុបចាត់ទុកថា ប្រទេសសមាជិកក្នុងអាស៊ាន វៀតណាមជាប្រទេសមានបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរមួយ។
តាមអនុស្សរណៈនៃកិច្ចព្រមព្រៀងបានឲ្យដឹងថាកាលពីថ្ងៃពុធ សប្តាហ៍កន្លងទៅនេះ គណៈកម្មាធិការសហភាពអឺរ៉ុប បានបង្ហាញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគរវាងអឺរ៉ុប និងវៀតណាម សម្រាប់ការចុះហត្ថលេខា និងការសម្រេចហើយពេលចូលជាធរមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះនឹងលុបបំបាត់ពន្ធលើទំនិញ ៩៩ ភាគរយហើយនឹងលុបផ្នែកខ្លះតាមអត្រាពន្ធកូតា (TRQs)។
ក្រុមអ្នកជំនាញបានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) គឺខុសគ្នាពីប្រព័ន្ធអនុគ្រោះពន្ធ Everything But Arms (EBA) ដោយសារវាមានអត្ថប្រយោជន៍សម្រាប់ភាគីទាំង ២ ហើយក្រោយមកគឺការទទួលផលពីប្រព័ន្ធអនុគ្រោះពន្ធ (EBA)។
ប៉ុន្តែកិច្ចព្រមព្រៀងទាំង ២ នេះមានលក្ខណៈភ្ជាប់គ្នាគឺដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងអ្នកទទួលបានប្រព័ន្ធអនុគ្រោះពន្ធ (EBA) ត្រូវតែគោរពសិទ្ធិមនុស្ស។
អ្នកជំនាញពីបញ្ហាសិទ្ធិមនុស្សលោក Phil Robertson អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការ Human Rights Watch ប្រចាំអាស៊ីបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា «ច្បាស់ណាស់វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងក្នុងតំបន់អាស៊ានដែលរំលោភសិទ្ធិមនុស្សខ្លាំងក្លាបំផុត។
យ៉ាងណាក៏ដោយ លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយ បានសង្កេតឃើញថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់វៀតណាមជាមួយ EU និងការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាគឺមានលក្ខណៈខុសគ្នា។
លោកថ្លែងថា៖ «អ្វីដែលយើងអាចនិយាយបានគឺថាប្រទេសកម្ពុជាជិតនឹងបាត់បង់ប្រព័ន្ធអនុគ្រោះបន្ត EBA នេះហើយ ខណៈដែលប្រទេសវៀតណាមជិតនឹងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)»។លោកថា ប្រទេសវៀតណាមនឹងមិនងាយទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុបទេ ពីព្រោះពួកគេត្រូវតែគោរពសិទិ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យឲ្យបានពេញលេញនោះ៕
( លោក Phil Robertson អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការ Human Rights Watch ប្រចាំអាស៊ី)