សន្និសីទ​អន្តរជាតិ​ចេញ​សេចក្តីប្រកាស​រួម ស្តីពី​ការប្រឆាំង​ឱសថ​ក្លែងក្លាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រោយពី​បាន​ជួបប្រជុំគ្នា​រយៈពេល​២​ថ្ងៃ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ រាជរដ្ឋាភិបាល​កម្ពុជា ប្រតិភូ​ជាន់ខ្ពស់ តំណាងឱ្យ​ប្រទេស​កម្ពុជា ចិន ថៃ ឡាវ ភូមា វៀតណាម និង មានការ​ចូលរួម ពី​សំណាក់​ក្រុមប្រឹក្សាភិបាល វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ (IRACM) សន្និសីទ​ថ្នាក់​តំបន់​នេះ បានចេញ​សេចក្តីប្រកាស​រួមមួយ ដោយបាន​ចាត់ទុក​បញ្ហា​សុខភាព​របស់​ពលរដ្ឋ​ជា​រឿង​សំខាន់ និង​ជា​បញ្ហា​អទិភាព ដែល​ត្រូវ​គិតគូ និង​ដោះស្រាយ ដោយ​មិន​ប្រកាន់​ទីកន្លែង ភូមិសាស្ត្រ​នយោបាយ និង​ស្ថានភាព​សេដ្ឋកិច្ច របស់​ប្រទេស​ណាមួយ​ឡើយ​។​

​ជាមួយគ្នា​នោះ ក៏បាន​ទទួលស្គាល់ថា ការរីក​រាលដាល នៃ​ឱសថ​ក្លែងក្លាយ អន់​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត គឺជា​ហានិភ័យ​មួយ ដល់​សុខភាព ដែល​មិនអាច​មើលរំលង​បាន ហើយ​ដែល​អាច​បង្ករ​ផលប៉ះពាល់​ដល់​សកលលោក​ទាំងមូល មិនតែប៉ុណ្ណោះ ទំហំ​នៃ​ផលប៉ះពាល់ នេះ​ក៏​មិនអាច​ប៉ាន់ប្រមាណ​បានដែរ​។​

​ប្រកាស​រួម​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ បាន​សង្កត់ធ្ងន់​ពី​តថភាព​មួយ ដែល​មិនអាច​ប្រកែក​បាន គឺថា ការផលិត ការចែក​ចាយ ការលក់ដូរ ផ​លិ​ផល​សុខ​ភិ​បាល​ក្លែងក្លាយ អន់​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត ពិតជា​បាន​បង្ករ​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ការកសាង​និតិរដ្ឋ ដែល​ទាមទារ​ឱ្យមាន​តម្រូវការ​បន្ទាន់ ក្នុងការ​ចាត់វិធានកា​រ​។​

​នៅក្នុង​ពិធី​បិទ​សន្និសីទ​ថ្នាក់​តំបន់ នា​រសៀល​ថ្ងៃទី​៦​ខែវិច្ឆិកា​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា បច្ចុប្បន្ន​តម្រូវកា​រឱស​ថ​កំពុង មាន​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទើប​ជន​ឆ្លៀត ឱកាសនិយម​មួយចំនួន បាន​លបលួច​ផលិត ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព មក​ចរាចរ​នៅលើ​ទីផ្សារ​កម្ពុជា​។

​សន្និសីទ​ជា​អន្តរជាតិ​នាពេលនេះ ធ្វើឡើង​ស្របតាម​កាលៈទេសៈ របស់​កម្ពុជា​ទៅនឹង​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព ដែល​កំពុង​យកចិត្តទុកដាក់​ជាខ្លាំង​។​

​សម្តេច​ឧបនាយករដ្ឋមន្ត្រី​បន្តថា ដោយសារ​សុខសន្តិភាព ស្ថិរភាព​នយោបាយ បានធ្វើ​ឲ្យ​កម្ពុជា ក៏ដូចជា​ប្រទេស នៅក្នុង​តំបន់ កាន់​តែមាន​តម្រូវការ លើ​ការប្រើប្រាស់​ទំនិញ​គ្រប់​ប្រភេទ​។ ក្នុងនោះ​ឱសថ​ជា​តម្រូវ​ការសំខាន់ និង​ចាំបាច់​មិនអាច​ខ្វះ​បាន​។​

​សម្តេច ឧបនាយករដ្ឋមន្ត្រី​បន្ថែមថា ទន្ទឹង​នឹង​តម្រូវការ​ប្រើប្រាស់​ឱសថ​ទើប​ជនល្មើស​ឆ្លៀតឱកាស​ខិតខំ​ធ្វើ​ការផលិត​ចរាចរ និង​ចែកចាយ​លើ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព លើ​ទីផ្សារ ដែល​នាំ​ឲ្យ​ពលរដ្ឋ​រងគ្រោះ និង​ថែមទាំង​ខាត​ថវិកា យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​ករណីខ្លះ​បណ្តាល​ឲ្យ​ប៉ះពាល់ ដល់​អាយុជីវិត​ថែម​ទៀតផង​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អះអាងថា កម្ពុជា​បានទទួល​រង​ផងដែរ នូវ​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​ក្នុងស្ថានភាព ជា​ប្រទេស​ប្រើប្រាស់​។​

​ឯកឧត្តម មា​ជ សុផាន់​ណា ប្រធាន​គណៈកម្មការ​អន្តរក្រសួង រៀបចំ​សន្និសីទ​នេះ​បាន​លើកឡើងថា ប្រទេស​ក្នុង​តំបន់​បានរួម​គ្នា ចែករំលែក​បទពិសោធ​ន៍ និង​ស្វែងរក​ដំណោះស្រាយ ក្នុងការ​ទប់ស្កាត់ និង​លុបបំបាត់​បញ្ហា​ឱសថ​ក្លែងក្លាយ អន់​គុណភាព ដែល​បាន​រីក​រាលដាល​នៅក្នុង​តំបន់ និង​សកលលោក ។​

បញ្ហា​ឱសថ​ក្លែងក្លាយ អន់​គុណភាព ដែលជា​ការគំរាមកំហែង និង​ជា​គ្រោះមហន្តរាយ​ដ៏​ធំ​នាពេល​បច្ចុប្បន្ន ដែល​តម្រូវឱ្យមាន​កិច្ចសហការ​ក្នុង​តំបន់ និង​សកលលោក ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​សកម្មភាព នៃ​ការផលិត ការ​ចរាចរ និង​ការ​ចែកចាយ​ឱ្យមាន​ប្រសិទ្ធភាព ដែល​ប្រទេស​នីមួយៗ​ត្រូវមាន​ការប្តេជ្ញាចិត្ត ផ្នែក​នយោបាយ និង​ការអនុវត្ត​ច្បាប់ សន្ធិសញ្ញា​អន្តរជាតិ នានា​ដែល​ពាក់ព័ន្ធ​ផងដែរ​៕