សមត្ថកិច្ច​បង្ហាញ​ព័ត៌មាន​លំអិត​ជុំវិញ​ការបង្ក្រាប​ឱសថ​ក្លែងក្លាយ​ជាង​៤០​តោន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2018 ក+ ក-

​ភ្នំពេញ ៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បានធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឱសថ​ក្លែងក្លាយ​-​ខុសច្បាប់ ដែល​ទើប​បង្ក្រាបបាន​នាពេល​ថ្មីៗ​នេះ ។ សន្និសីទ​នេះ ប្រព្រឹត្តទៅ​កាលពី​វេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​នាំចូល រក្សាទុក​ឱសថ​ខុសច្បាប់ និង​ក្រោម​គុណភាព ចំនួន​១​ករណី ដោយបាន​ដកហូត​ជា​បណ្ដោះអាសន្ន​នូវ​ផលិតផល​ឱសថ ចំនួន​៧៥០០​កេស ដែលមាន​ទំងន់​ប្រហែល​៤០​តោន ។ យ៉ាងណាក៏ដោយ នៅក្នុង​សេចក្តីប្រកាស​ដដែល​នេះ ពុំទាន់​បានបញ្ជាក់​ពី​ឈ្មោះ ឱសថ​ខុសច្បាប់ និង ក្រុមហ៊ុន​នាំចូល​នៅឡើយ​ទេ ។​

​ក្រសួងសុខាភិបាល កំពុង​បន្ត​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល និង​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល 2016 -2020 ព្រមទាំង​ផែនការ​អនុវត្ត​រួមគ្នា​រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួងសុខាភិបាល ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូម​រំ​ឮ​ក​ដែរ​ថា កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើក​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​ស្តីពី “​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​” សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​បង្ហាញ​ពី​ក្តីកង្វល់​ចំពោះ​ឱសថ​ក្លែងក្លាយ ដែល​កំពុង​ចរាចរ​យ៉ាងសកម្ម ក្នុងនោះ​រួមទាំង តាម​ទីផ្សារ​អន​ឡាញ​ផងដែរ​។ ការប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ឱសថ​ក្លែងក្លាយ​នេះ មិនអាច​ប្រទេស​ណាមួយ​ធ្វើ​តែឯង ហើយ​ទទួលបាន​ជោគជ័យ​នោះទេ គឺ​ត្រូវ​មានការ​រួមសហការ​គ្នា​ជា​ចាំបាច់​។ ជាមួយគ្នានេះ​សម្តេច​តេ​ជោ បាន​ណែនាំ​ឲ្យ​ផ្តន្ទាទោស ឲ្យ​បាន​ធ្ងន់ធ្ងរ ដល់​ជនល្មើស ដែល​ចរាចរណ៍​ឱសថ​ក្លែងក្លាយ​។​

​សម្តេច​តេ​ជោ បាន​ថ្លែងថា សម្តេច​នឹង​លើក​ពី​បញ្ហា​ឱសថ​នេះ ក្នុង​កិច្ចប្រជុំ​អាស៊ាន និង​ស្នើ​ឲ្យ​ដាក់បញ្ចូល​ប្រធានបទ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ទៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ខណៈ​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​២០២០​ខាងមុខ ព្រមទាំង​ស្នើ​បញ្ចូល​ទៅក្នុង​ក្របខណ្ឌ​អាស៊ាន​ផងដែរ​នៅពេល​ប្រទេស​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាស៊ាន នៅ​ឆ្នាំ​២០១៩​។​

​សម្តេច​តេ​ជោ​បន្តថា ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​គឺជា​ឃាតករ​លាក់​មុខ​បំផុត​ដែល​អាច​បំផ្លាញ​ប្រជាជន​ក្រីក្រ ហើយក៏​បង្ក​ការរាំងស្ទះ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ផងដែរ​៕