ភ្នំពេញ ៖ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៨ នេះ មានអនីតិជនចំនួន ១.៥៥៨នាក់ ក្នុងនោះមានស្ត្រីចំនួន ៨៩នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារទាំង ២៨កន្លែង នៅទូទាំងប្រទេសកម្ពុជា។ ក្នុងចំណោមអ្នកទាំង នេះមានអនីតិជនជាទណ្ឌិតចំនួន ១៥២នាក់ ហើយពន្ធនាគារដែលឃុំឃាំងអនីតិជនច្រើនជាង គេមាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបន្ទាយ មានជ័យ។
នេះជាការបង្ហើបឲ្យដឹង ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ កាលពីរសៀល ថ្ងៃទី២១ ខែធ្នូ ក្នុងពិធីប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិដើម្បីអនុវត្ត ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលក្រសួងសង្គមកិច្ច អតីតយុទ្ ធជន និងយុវនីតសម្បទា និង ក្រសួងយុត្តិធម៌ រួមគ្នារៀបចំផែនការនេះឡើង ដែលមានរយៈ ពេល ៣ឆ្នាំ ២០១៨-២០២០។
សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីថា ភូមិសាស្ត្រទាំងបីខាងលើនេះអាចចាត់ទុក ជាវិញ្ញាសារអនុវត្តសម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការពិនិត្យ សិក្សា និងវាយតម្លៃ ដើម្បីធ្វើយ៉ាងណាបង្កើនការផ្តល់សេវាសមស្រប ដោយអនុលោមតាម ច្បាប់ និងផែនការដែលបានបង្កើតឡើងនេះ សំដៅធានាដល់សិទ្ធិ និងផលប្រយោជន៍របស់ អនីតិជន។ សម្តេចបានគូសបញ្ជាក់ថា ជាការពិតណាស់ យើងមិនដែលចង់ឲ្យមានការឃុំ ឃាំងណាមួយនោះទេ ទោះបីអនីតិជនក្តី ឬនីតិជនក្តី ដោយបច្ចុប្បន្ននេះកម្ពុជាកំពុងខិតខំ ជំរុញការអនុវត្តយន្តការដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវចំនួនជនជាប់ឃុំក្នុងពន្ធនា គារ ហើយដូចគ្នានេះដែរចំពោះអនីតិជនការបង្កើតឡើងនូវផែនការយុទ្ធសាស្ត្រ និងផែន ការប្រតិ បត្តិនាពេលនេះ ពិតជាមានសារសំខាន់ ចាំបាច់ និងសមស្រប ដើម្បីអនុវត្តកម្មវិធីបង្វែរពីការ ឃុំខ្លួន និងកម្មវិធីស្តារនីតិសម្បទាឲ្យអស់លទ្ធភាព។
ពិតណាស់ថា រាល់ការឃុំខ្លួនវាមិនសុទ្ធ តែផ្តល់ផលជាវិជ្ជមាននោះទេ ព្រោះថាកង្វះហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ កម្មវិធីស្តារនីតិ សម្បទាមិនទាន់មានគុណភាព និងបញ្ហាបរិស្ថានក្នុងពន្ធនាគារ អាចបង្កផលប៉ះពាល់ដល់ សុខភាពផ្លូវចិត្ត និងធ្វើឲ្យអនីតិជនមិនរាងចាល ហើយបែរជាប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរជាងមុន ដោយសារពួកគេទទួលឥទ្ធិពលមិនល្អពីជនល្មើសដទៃទៀតនៅក្នុងពន្ធនាគារ ហើយម្យ៉ាង វិញទៀតភាពចង្អៀតណែនក្នុងពន្ធនាគារនាពេលបច្ចុប្បន្ននេះក៏ពុំផ្តល់លក្ខណៈអំណោយផល និង លក្ខ័ណ្ឌសមរម្យដល់ការស្តារនីតិសម្បទាអនីតិជនទំនាស់នឹងច្បាប់នោះផងដែរ។ នេះជា ការបញ្ជាក់បន្ថែមរបស់សម្តេចក្រឡាហោម ស ខេង ដោយសម្តេចសង្ឃឹម និងជឿជាក់ថា ការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិដើម្បីអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន នេះក៏នឹងជួយកាត់បន្ថយចំនួនអនីតិជនក្នុងពន្ធនាគារ និងក៏ធ្វើឲ្យប្រព្រឹត្តិកម្មទៅនឹងអនីតិជន កាន់តែមានភាពល្អប្រសើរ និងមានការគិតគូរវែងឆ្ងាយដល់អនាគតនៃយុវជនជំនាន់ក្រោយ ដោយផ្តល់ឱកាសសមស្របដល់ពួកគេក្នុងការកែប្រែគំនិត និងទទួលបានសេវាអប់រំ ការ ប្រឹក្សាយោបល់ ដើម្បីក្លាយជាធនធានដ៏មានតម្លៃ និងមានប្រយោជន៍សម្រាប់ក្រុមគ្រួសារ និង សង្គមជាតិ។
នាឱកាសនេះដែររដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា លោក វង សូត និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា សុទ្ធតែបានលើកឡើងថា កុមារ ឬហៅថាអនីតិជន គឺជាធនធានដ៏សំខាន់សម្រាប់បន្តវេនអភិវឌ្ឍប្រទេសជាតិនាថ្ងៃអនាគត ហើយកុមារក៏ជាជនដែលអាចនឹងងាយរងគ្រោះផងដែរ។ ហេតុនេះហើយ ការគិតគូរអំពីការ ធានា ការការពារសិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ គឺជាកាតព្វកិច្ចមួយ ក្នុងចំណោមកាតព្វ កិច្ចចម្បងនានាជាច្រើនរបស់រដ្ឋ៕