ព្រះវិហារ ៖ អាជ្ញាធរស្រុកជាំក្សាន្ត (កម្ពុជា) ស្នើឲ្យអាជ្ញាធរថៃ ពិនិត្យឡើងវិញ ទៅលើសំណើសុំផ្អាកហាមឃាត់មិនឲ្យនាំចូលដំណាំកសិផលប្រមាណជាង១០មុខ របស់កម្ពុជាចូលទឹកដីថៃ តាមច្រកអានសេះ ជាច្រកតំបន់ ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ មិនមែនតែពលរដ្ឋកម្ពុជានោះទេ។ ព្រោះថាបច្ចុប្បន្ននេះការនាំកសិផលចេញចូលរបស់ពលរដ្ឋ នៃប្រទេសទាំងពីរ ភាគច្រើនគឺនាំចូលមកតែពីប្រទេសថៃ។
លោកថាបើអាជ្ញាធរថៃហាមឃាត់មិនឲ្យនាំកសិផលជាង១០មុខ របស់កម្ពុជាចូលទឹកដីថៃបានទេ នោះកម្ពុជាក៏មិនអនុញ្ញាតឲ្យកសិផលថៃជាង១០មុខ ចូលមកទឹកដីកម្ពុជាបានវិញនោះដែរ។
ការស្នើនេះបានធ្វើឡើងនៅក្នុង កិច្ចប្រជុំប្រចាំខែរួមគ្នា៤ស្រុក រវាងស្រុកជាប់ព្រំដែន នៃខេត្តឧប៊ុនរាជធានី ព្រះរាជាណាចក្រថៃ ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក ប្រាជួប មូលប្រដាប់ ប្រធានទំនាក់ទំនងព្រំដែនយោធភូមិភាគទី៤ ទិសទី១ នៃកងកម្លាំងសុរៈនារីថៃ និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អ ក្នុងការរួមគ្នាទប់ស្កាត់បង្ក្រាបរាល់បទល្មើសឆ្លងដែនខុសច្បាប់នានា។
នាព្រឹកថ្ងៃច័ន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅច្រកព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ជា គឹមសេង អភិបាល នៃគណៈអភិបាលស្រុកជាំក្សាន្ត បានលើកឡើងទៀតថាកន្លងមក ថៃបានស្នើឲ្យកម្ពុជាផ្អាកនាំកសិផលផ្លែល្ពៅ ចូលទៅទឹកដីថៃតាមច្រកតំបន់នេះ ប៉ុន្តែកម្ពុជាក៏បានស្នើទៅភាគីថៃមិនឲ្យនាំផ្លែល្ពៅពីប្រទេសថៃ ចូលមកកម្ពុជាវិញផងដែរ។
លោកបន្តថា បើច្រកតំបន់នេះក្លាយទៅជាច្រកអន្តរជាតិនោះ ថ្នាក់ដឹកនាំនឹងធ្វើទៅតាមច្បាប់ដែលប្រទេសទាំងពីរបានកំណត់ ប៉ុន្តែបច្ចុប្បន្នច្រកតំបន់នេះ នៅមិនទាន់ក្លាយទៅជាច្រកអន្តរជាតិនោះនៅឡើយទេ។
ដូច្នេះកម្ពុជាស្នើឲ្យអាជ្ញាធរថៃពិចារណា ព្រោះថាបើអាជ្ញាធរថៃ នៅតែធ្វើការផ្អាកកសិផលរបស់កម្ពុជា គឺប្រៀបបីដូចជាកាត់ប្រយោជន៍របស់ប្រទេសថៃប្រមាណជាង១០មុខដូច្នេះដែរ។
លោកអភិបាលស្រុកបន្ថែមថា ចំពោះរឿងនេះលោកនិងដាក់ជូនទៅឯកឧត្តមអភិបាលខេត្តព្រះវិហារ ដើម្បីសម្រាចថាតើយកតាម ការស្នើរសុំរបស់អាជ្ញាធរថៃ រឺសយ៉ាងណា៕ ដោយ ៖ ស.ស.