ភ្នំពេញ ៖ នៅចុងខែមករា ឆ្នាំ២០១៩ នេះ កម្ពុជានឹងបញ្ជូនកងវិស្វកម្មកម្លាំងមួកខៀវលេខ៦៩៣ ចំនួន ១៨៤នាក់ ចេញទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋលីបង់ ដើម្បីធ្វើការប្តូរវេន កម្លាំងចាស់ក្នុងបំណងស្វែងរកសន្តិភាពសំរាប់ប្រទេសមួយនេះ។
ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងវិស្វកម្មនៅថ្ងៃទី៩ ខែមករា នេះ នៅសាលាបណ្តុះ បណ្តាលកងកម្លាំងរក្សាសន្តិភាពពហុជាតិ នាខេត្តកំពង់ស្ពឺ លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបញ្ជូនកងកម្លាំងចេញទៅបំពេញ បេសក កម្មអង្គការសហប្រជាជាតិ បានថ្លែងថា “នេះជាលើកទី៩ហើយដែលកម្ពុជានឹងបញ្ជូនកម្លាំង ទៅកាន់សាធារណរដ្ឋលីបង់ ដើម្បីស្វែងរក សន្តិភាពជូនប្រទេសនេះ។ កម្លាំងមួកខៀវកម្ពុជាចេញទៅបំពេញបេសកកម្មនេះ គឺបញ្ជូនទៅដើម្បីប្តូរ កម្លាំងចាស់ដែលនឹងបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ នៅខែមករា ខាងមុខនេះ”។
លោកថ្លែងថាទៀតថា អំឡុងពេល២៦ឆ្នាំមុន កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ត្រូវបានបញ្ជូនមកកាន់កម្ពុជា ប៉ុន្តែចាប់ពីតាំងពីឆ្នាំ២០០៦មកដល់បច្ចុប្បន្ន មានរយៈពេល១៣ឆ្នាំ ដែលកម្ពុជា បានក្លាយជាប្រទេសមួយ បញ្ជូនកងកម្លាំងរបស់ខ្លួន អោយពាក់មួកខៀវ ទៅចូលរួម បំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការ សហប្រជាជាតិ ដែលរហូតមកដល់ពេលនេះ មានកងទ័ព មួកខៀវកម្ពុជាជាច្រើនពាន់នាក់ បានចេញបេសកកម្មនៅប្រទេសជាច្រើនលើពិភពលោក។
កងវិស្វកម្មទាំង១៨៤នាក់ត្រូវចេញទៅបំពេញបេសកកម្មនេះ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព មានប្រសាសន៍ថា “ ក៏មានអមដោយកម្លាំងដោះមីនផងដែរ គឺជាកម្លាំងបាន ទទួលវគ្គហ្វឹកហ្វឺន ជំនាញ ត្រឹមត្រូវតាមស្តង់ដាររបស់អង្គការសហប្រជាជាតិ ដែលកម្លាំងទាំងនោះមានមកពីស្ថាប័ន ចំណុះផ្ទាល់ ក្រសួងការពារជាតិ កម្លាំងចំណុះមជ្ឈមណ្ឌលជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានទ័ពជើងទឹក បញ្ជាការ ដ្ឋានកងទ័ពអាកាស បញ្ជាការដ្ឋានជាតិប្រឆាំងភេវរកម្ម និងពីស្ថាប័នទ័ពមួយចំនួនទៀត។
លោក អគ្គនាយក បញ្ជាក់ថា កម្លាំងកំពុងបំពេញបេសកកម្ម អង្គការសហប្រជាជាតិ នៅប្រទេស លីបង់ គឺមានចំនួន១៨៤នាក់ ទាំងកម្លាំងវិស្វកកម្ម និងកម្លាំងដោះមីន។ ការដែលប្រតិបត្តិការរាល់ ថ្ងៃគឺដោះមីន ដើម្បីសាងសង់ព្រំដែនសីមា រវាងប្រទេសអ៊ីស្រាអែល និងលីបង់។
លោក Hubert Staberhoter តំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ធ្លាប់បាន ថ្លែងថា “កម្ពុជាបានបញ្ជូនកម្លាំងទាំង១៨៤នាក់ទៅកាន់ប្រទេសលីបង់ គឺកម្ពុជាបានបង្ហាញអំពីការ ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការគាំទ្រដល់ប្រតិបត្តិការសន្តិភាព របស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយជម្លោះ ដ៏ស្មុគស្មាញ និងការពារជនស៊ីវិល ដែលជាភារកិច្ចដ៏សំខាន់បំផុត និងជាសក្ខី ភាពជាក់ស្តែងផងដែរ។ លោកបានបន្ថែមថា ព្រឹតិ្តការណ៍ប្រមាណ២៣ឆ្នាំមុន កងរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិបញ្ជូនមកកាន់កម្ពុជា។ តែបច្ចុប្បន្នកម្ពុជាបានប្រែក្លាយជាប្រទេស មួយ បញ្ជូន កងកម្លាំង និងក្រុមជំនាញចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្នុងនាមមនុស្សធម៌ ទៅកាន់ប្រទេស ចំនួន៨រួចមកហើយ។
សូមបញ្ជាក់អោយដឹងដែរថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំង ចំនួនសរុបជាង៥៧៨៣ នាក់ ក្នុងនោះមានស្ត្រីចំនួនជាង២៧៧នាក់ ទៅចូលរួមបេសកកម្មរបស់ អង្គការ សហប្រជាជាតិ។ ដែលបច្ចុប្បន្នកម្ពុជាមានកម្លាំងចំនួនជិត១០០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅ ប្រទេសចំនួន៥ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលី ហើយ កម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើអោយប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាព ច្រើន ជាងគេលំដាប់ទី២នៅក្នុងតំបន់អាស៊ាន៕