ខេត្តព្រះសីហនុ ៖ គម្រោងអភិវឌ្ឍន៍ដ៏ធំមួយនៅខេត្តព្រះសីហនុត្រូវបានប្រកាសបើកឲ្យដំណើរការជាផ្លូវការរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុន Z.Q អន្ដរជាតិ នូវផ្ទៃដីទំហំ ៦២៨៥ ហិចតា ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ខេត្តព្រះសីហនុ ដើម្បីធ្វើការអភិវឌ្ឍន៍ប្រែក្លាយទៅជាទីក្រុងរណបដ៍ស្រស់ស្អាតរបស់ខេត្តជាប់មាត់សមុទ្រមួយនេះនៅថ្ងៃអនាគត ដែលមាន ឈ្មោះថា តំបន់អភិវឌ្ឍន៍ឆ្នេរមាស ឆ្នេរប្រាក់ ដោយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ម្សិលមិញ លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ បានអញ្ជើញបញ្ចុះបឋមសិលា ដើម្បីបើកឲ្យដំណើរអនុវត្តន៍ គម្រោងមួយនេះជាផ្លូវការ។
មានប្រសាសន៍ក្នុងពិធីនេះលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា បានគូសបញ្ជាក់ ថា ខេត្តព្រះសីហនុ គឺជាប៉ូលនៃសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ហើយថា ខេត្តជាប់មាត់ សមុទ្រមួយនេះបាន និងកំពុងក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិ អន្តរជាតិមកកម្សាន្ត ដែលចាំបាច់ត្រូវតែមានការអភិវឌ្ឍនូវរាល់ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បី ឆ្លើយតបទៅនឹងនិន្នាការកើនឡើងនូវវិស័យសេដ្ឋកិច្ច និងទេសចរណ៍របស់ប្រទេស ហើយបើ និយាយអំពីវិស័យទេសចរណ៍នេះវិញ យើងត្រូវសម្រេចឲ្យបានគោលដៅទេសចរណ៍
ប្រកបដោយភាពទាក់ទាញ និងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាមាសបៃតង ដោយហេតុថា វិស័យនេះផ្ដល់កាលានុវត្តភាពការងារ បន្ថែម និងរួមចំណែកដល់ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន និងកាត់បន្ថយ ភាពក្រីក្រ តាមរយៈការបង្កើនប្រាក់ចំណូល រួមនិងការទាក់ទាញការវិនិយោគពីបរទេសថែម ទៀតផង។
លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា បានលើកទឹកចិត្តដល់វិនិយោគិនក្នុង និង ក្រៅប្រទេសឲ្យបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត ដើម្បីបានជាការរួមចំណែក ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ខណៈដែលកម្ពុជាមានបរិយាកាសនៃការវិនិយោគយ៉ាងល្អ ប្រសើរ រួមនិងកត្តានៃសន្តិភាព និងសន្តិសុខល្អថែមទៀតនោះវិនិយោគិននឹងអាចរកប្រាក់ ចំណេញបានច្រើនពីអាជីវកម្មរបស់ខ្លួន ហើយក៏ជាការរួមចំណែកក្នុងការផ្តល់ការងារជូនពល រដ្ឋខ្មែរធ្វើនៅក្នុងស្រុក ជាជាងការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសផងដែរ៕