ភ្នំពេញ ៖ លើកឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងអាណត្តិទី៥នៃរាជរដ្ឋាភិបាលកម្ពុជា និងលើកទិសដៅការងារសម្រាប់អាណត្តិទី៦ របស់អាជ្ញាធរអគ្គិសនី កម្ពុជា នាព្រឹកថ្ងៃទី២៣ មករានេះ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា លោក យឹម វិសិដ្ឋ បានឲ្យដឹងថា បរិមាណអគ្គិសនីដែលកម្ពុជានាំចូលពីប្រទេសជិតខាងបានថយចុះពី ៤០,០៦% នៅឆ្នាំ២០១៤ មកនៅត្រឹម១៤,៥៥% នៅឆ្នាំ២០១៨ ហើយថា នៅក្នុងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា បច្ចុប្បន្ន ប្រភពអគ្គិសនីដែលយើងមាន និងអាចប្រើប្រាស់បានមាន២ប្រភេទគឺ ប្រភព អគ្គិសនីដែលអភិវឌ្ឍក្នុងស្រុក និងប្រភពអគ្គិសនីដែលទិញពីប្រទេសជិតខាង។
លោក យឹម វិសិដ្ឋ បានបន្តថា ចំពោះប្រភពអគ្គិសនីដែលបានអភិវឌ្ឍក្នុងស្រុក សំរាប់អាណត្តិទី៥ នៃរាជរដ្ឋាភិបាលកន្លងមកយើងបានដាក់ឲ្យដំណើរការប្រភពអគ្គិសនីថ្មីៗ បន្ថែមសរុបចំនួន ១០៩៩.២ មេហ្កាវ៉ាត់ ជាមួយនឹងការបញ្ឈប់ដំណើរការប្រភពអគ្គិសនីប្រើ ប្រេងខ្មៅចំនួន ៥២.៧ មេហ្កាវ៉ាត់ និងលុបចោលការផលិតអគ្គិសនីប្រើម៉ាស៊ីនម៉ាស៊ូតតូចៗ តាមតំបន់នានាចំនួន ៣៦.២៣ មេហ្កាវ៉ាត់ ធ្វើឲ្យអនុភាពសរុបនៃប្រភពអគ្គិសនីក្នុងស្រុកបាន កើនឡើងពី ១០២៥.១៩ មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០១៤ មក ២២០៧.៧៦ មេហ្កាវ៉ាត់ នៅចុង ឆ្នាំ២០១៨ គឺកើនឡើង ២.១៥ដង។ ដោយឡែកបរិមាណថាមពលអគ្គិសនីដែលកម្ពុជាបាន ប្រើប្រាស់ចេញពីប្រភពអគ្គិសនីដែលមានខាងលើបានកើនឡើងពី ៤៨៧៣.០៧ លានគីឡូ វ៉ាត់ម៉ោង នៅឆ្នាំ២០១៤ មក ៨៥,៤៥% នៅឆ្នាំ២០១៨ ធ្វើឲ្យបរិមាណអគ្គិសនីដែលកម្ពុជានាំ ចូលពីប្រទេសជិតខាងបានថយចុះពី ៤០,០៦% នៅឆ្នាំ២០១៤ មកនៅត្រឹម ១៤,៥៥% នៅ ឆ្នាំ២០១៨។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម មានប្រសាសន៍ថា គោលដៅទី១ នៃការអភិវឌ្ឍប្រព័ន្ធសម្រាប់កម្ពុជា គឺការអភិវឌ្ឍ ប្រភពអគ្គិសនីជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាង ណាឲ្យកម្ពុជាមានខ្សែបញ្ជូនអគ្គិសនីធំៗ និងអនុស្ថានីយកាន់តែច្រើនតភ្ជាប់ការផ្គត់ផ្គង់អគ្គិស នីទូទាំងប្រទេស និងអាចប្រទាក់គ្នាកាន់តែរឹងមាំ ពង្រឹងស្ថិរភាពផ្គត់ផ្គង់ឲ្យកាន់តែខ្ពស់ក្លាយជា ឆ្អឹងខ្នងនៃការផ្គត់ផ្គង់ដែលប្រមូលផ្តុំប្រភពអគ្គិសនីដែលបានអភិវឌ្ឍទាំងអស់បញ្ចូលគ្នា រួចធ្វើ ការបែងចែក និងបញ្ជូនល្បាយប្រភពអគ្គិនីទៅឲ្យអនុស្ថានីយតាមបណ្តារាជធានី/ខេត្តនីមួយៗ ហើយថា ជាមួយនឹងការអភិវឌ្ឍប្រភពអគ្គិសនី និងប្រព័ន្ធបណ្តាញជាតិខាងលើ យើងក៏ត្រូវ ធ្វើការអភិវឌ្ឍបណ្តាញបញ្ជូនរងដើម្បីបញ្ជូនប្រភពអគ្គិសនីពីអនុបណ្តាញជាតិទៅឲ្យតំបន់ ចែកចាយនានា ដែលជាអ្នកចែកចាយតាមតំបន់ចែកចាយនីមួយៗទាំងរដ្ឋ និងទាំងឯកជន ត្រូវមានកាតព្វកិច្ចធ្វើការអភិវឌ្ឍបណ្តាញចែកចាយអគ្គិសនីឲ្យបានគ្រប់ភូមិក្នុងតំបន់ចែកចាយ របស់ខ្លួន ដើម្បីអាចផ្គត់ផ្គង់អគ្គិសនីរាយឲ្យគ្រប់អ្នកប្រើប្រាស់ក្នុងតំបន់របស់ខ្លួន ដើម្បីធានាថា គ្រប់ភូមិទាំងអស់ក្នុងប្រទេសកម្ពុជាមានអគ្គិសនីប្រើប្រាស់ត្រឹមឆ្នាំ២០២០៕