ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន និងលើកទិសដៅការងារបន្តឆ្នាំ២០១៩ ដែលបានប្រព្រឹត្តធ្វើឡើងពេញ១ថ្ងៃ ក្រោមអធិបតីភាពឯកឧត្តម-ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្នងការរងទាំងអស់ ព្រមទាំងអស់លោក-លោកស្រី អធិការ-អធិការរង នាយ-នាយរងប៉ុសិ៍តរដ្ឋបាល សរុប២៥០នាក់។
នៅក្នុងអង្គសន្និបាតនេះផងដែរ ក៏បានតម្រូវឲ្យមន្ត្រីនគរបាល និងនាយការិយាល័យជំនាញនិមួយៗឡើងរាយការណ៍អំពីបទល្មើស និងការបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន។ ក្នុងនោះផងដែរ នាយការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានលើកឡើងនៅក្នុងអង្គសន្និបាតនេះថា បានរកឃើញស្រាវជ្រាវទីតាំងពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀនតាមបណ្តាក្លឹបកំសាន្ត និងបារបារាំងមានចំនួន១២៩៥កន្លែង។
ក្នុងនោះជាង១ពាន់កន្លែងបានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន។ លោកបន្តថា ដោយឡែកបញ្ហាប្រឈមទៅនឹងការ ចែកចាយនៅតាមសំណង់មិនរៀបរយ ហើយបើតាមរបាយការណ៍នៅតាមប៉ុសិ៍តរដ្ឋបាលឃើញថាមាន៥គោលដៅដូចជា៖ តំបន់បឹងឈូក និងគោលដៅផ្សេងៗទៀតក្នុងខណ្ឌទាំង១២ នៅបឹងកក់ សង្កាត់ស្រះចក ក្នុងខណ្ឌដូនពេញ ហើយមើលទៅការចែកចាយមិនជាការលក់ដូរធំដុំនោះទេ តែវាជាករណីចែកចាយយ៉ាងសកម្ម ហើយក្នុងការ លក់ជួញដូរនេះគឺភាគច្រើនគេប្រើប្រាស់លើកុមារតូចៗ ក្មេងតូចៗ ដែលមិនគ្រប់អាយុត្រឹម១២ឬ១៣ឆ្នាំប៉ុណ្ណោះឬ អាចជនពិការផងដែរក៏មាន។ មនុស្សទើបចេញពីពន្ធនាគារ គឺគេធ្វើសកម្មភាពនៅតំបន់មិនរៀបរយនេះ។ ក្នុងនោះ បានសង្កេតឃើញថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញបានចុះធ្វើរដ្ឋបាលហើយបានរុះរើផ្ទះតូចៗនៅតាមបណ្តោយផ្លូវរថភ្លើង សង្កេតឃើញថាមានការថមថយបន្តិចដែរ។
ដោយឡែកពាក់ព័ន្ធនិងករណីបទល្មើសព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនព្រហ្មទណ្ឌក៏បានលើកឡើងឲ្យដឹងដែរថា បញ្ហាប្រឈមបទល្មើសឆក់ឃើញថាការធ្វើផែនការ និងយុទ្ធនាការឃើញថាធ្វើបានល្អ ក៏ប៉ុន្តែការធ្វើសកម្មភាពជាក់ស្តែងនៅមានកំរិតទាប។ ការទប់ស្កាត់នៅមិនទាន់បទល្មើសឆក់។
លោកឧត្តមសេនីយ៍ទោ សុង លី បានស្តីបន្ទោសថា សមត្ថកិច្ចបង្ក្រាបបានតែបទល្មើសដែលស្រាវជ្រាវ ហើយករណីជាក់ស្តែងបង្ក្រាបបានតិចតួច ភាគច្រើនប្រជាពលរដ្ឋជាអ្នកចាប់ ឬដេញចាប់ជនសង្ស័យមកប្រគល់ឲ្យសមត្ថកិច្ចទៅវិញ ឬជនសង្ស័យខ្លួនរត់គេចខ្លួនហើយជួបគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ការរីករាយដាលគ្រឿងញៀនក៏ជាបញ្ហាកើតមានបទល្មើសឆក់កើតឡើង និងបញ្ហាល្បែងស៊ីសងក៏ជាកត្តាជម្រុញឲ្យកើតមានបទល្មើសឆក់ផងដែរ។
យោងតាមរបាយការណ៍ និងការវាយតម្លៃសន្និដ្ឋានឃើញថា កិច្ចប្រតិបតិ្តការប្រយុទ្ធប្រឆាំងបទល្មើសព្រហ្ម ទណ្ឌ ជារួមទោះបីបទល្មើសកើនឡើង៨.៩៥% ប៉ុន្តែកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសទទួលបានលទ្ធផលខ្ពស់រហូតដល់៩០.៨២% នឹងការបង្ក្រាបគ្រឿងញៀនខុសច្បាប់លើកទី៣ ត្រូវបានជម្រុញខ្លាំងក្លាដោយបង្ក្រាបបាន២.០២៤ករណី ឃាត់ខ្លួនបាន៣.៦៧០នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយក៏ត្រូវបានក្រសួងមហាផ្ទៃលើកសសើរ និងជូនរង្វាន់ចំពោះបុគ្គលនិងអង្គភាពដែលមានស្នាដៃកិច្ចប្រតិបតិ្តការបង្ក្រាបបទល្មើសនេះ។
គួរកត់សម្គាល់ផងដែរថា បទល្មើសព្រហ្មទណ្ឌបានកើនឡើងខ្ពស់នៅក្នុងខែមករា មិថុនា កក្កដា និងខែសី ហាក្នុងពេលដែលសមត្ថកិច្ចកំពុងជាបើដៃការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សម្រាប់ពិធីបុណ្យធំៗ និងក្នុងពេលដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក្នុងរាជធានីភ្នំពេញ៕