ភ្នំពេញ ៖ ក្នុងឱកាសជួបពិភាក្សា ការងារជាមួយលោកស្រី សាន់នីយ៉ា ឌូរ៉ានី ចាមែល នាយកតំបន់របស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឲ្យ ADB ជួយស្ថាបនាផ្លូវអមផ្លូវរថភ្លើងជាង១០គីឡូ ម៉ែត្រ ចាប់ពីក្រោយសាសាលាតិចណូ ដល់មហាវិថីវិមាន ឈ្នះ ឈ្នះ (អូឌឹម) និង ឲ្យជួយជ្រោម ជ្រែង ដល់ការដោះស្រាយបញ្ហាសំរាម ដែលនៅតែជាបញ្ហាប្រឈមនៅឡើយ ។
ក្នុងជំនួបនេះ លោក ឃួង ស្រេង បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យរាជធានីភ្នំពេញ មានការរីកចម្រើនយ៉ាងខ្លាំង ។ ទន្ទឹមនឹងការរីកចម្រើននេះ រាជធានីភ្នំពេញក៏បានប្រឈម នឹងបញ្ហាមួយចំនួន ដូចជាបញ្ហាការកកស្ទះចរាចរណ៍ និងបញ្ហាសំរាមជាដើម ។
ដើម្បីដោះស្រាយ នូវបញ្ហាប្រឈម ទៅលើការកកស្ទះចរាចរណ៍នេះ អភិបាលរាជធានី បានស្នើសុំឲ្យADB ជួយស្ថាបនាផ្លូវអមផ្លូវរថភ្លើង ចាប់ពីក្រោយសាលាតិចណូ រហូតដល់ផ្លូវវិមានឈ្នះឈ្នះ (ផ្លូវអូដឹម) ដែលមានប្រវែងជាង១០ គីឡូម៉ែត្រ ។ ខណៈផ្លូវនេះ ពិតជាមានសារសំខាន់ ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ លើបណ្តោយផ្លូវរុស្ស៊ី និងស្របពេលដែល រាជរដ្ឋាភិបាល គ្រោងនឹងបើកផ្លូវថ្មីមួយទៀត ចាប់ពីមហាវិថីឈ្នះ ឈ្នះ (អូឌឹបកប់ស្រូវ) រហូតទៅដល់ក្រុងព្រះសីហនុ ដែលជាប្រភេទផ្លូវ BOT ។
ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាសំរាម ឯកឧត្តម អភិបាលរាជធានី ក៏បានស្នើសុំឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ADB ជួយជ្រោមជ្រែងផងដែរ ខណៈដំណោះស្រាយ លើបញ្ហាសំរាម នៅតែជាបញ្ហាប្រឈមនៅឡើយ ។
ឆ្លើយតបនឹងសំណើរខាងលើ លោកស្រី សាន់នីយ៉ា ឌូរ៉ានី ចាមែល បានទទួលយកការស្នើសុំពីរដ្ឋបាលរាជធានីភ្នំពេញ ដោយរងចាំឲ្យក្រុមការងារធ្វើការសិក្សា លើបញ្ហាកកស្ទះចរាចរណ៍ ដើម្បីរកវិធានការ ដោះស្រាយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្រីបានបញ្ជាក់ថា ការដោះស្រាយជួយជ្រោមជ្រែង ទៅលើរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើឡើងជាកញ្ចប់ធំមួយ ដោយមិនអាចធ្វើឡើង ដាច់ដោយដុំនោះទេ ហើយការងារជាច្រើនខាង ADB ក៏បានជួបពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុហើយដែរ ។
ក្នុងជំនួបពិភាក្សាការងារនោះដែរ លោកស្រីបានកោតសរសើរ ចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងអំឡុងពេលចុងក្រោយនេះ ដោយមានកំណើនយានយន្ត កំណើនមនុស្ស និងកំណើនអចនទ្រព្យផងដែរ។
ជំនួបនេះធ្វើឡើង ដើម្បីពិភាក្សា និងស្នើសុំព័ត៌មាន ពាក់ព័ន្ធគម្រោងនៃការអភិវឌ្ឍសំខាន់ៗ ក្នុងរាជធានីភ្នំពេញពីឆ្នាំ២០២០-២០២២ សំរាប់ត្រៀមរៀបចំខ្លឹមសារ សេចក្តីព្រៀងក្នុងបេសកកម្ម កម្មវិធីសំរាប់ប្រទេសជំនួយ ពីធនាគារអភិវឌ្ឍន៍អាស៊ី ។
គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ កំពុងអនុវត្តគម្រោងជំនួយបច្ចេកទេស និងការផ្លាស់ប្តូរព័ត៌មាន ស្ថានភាពគមនាគមន៍ក្នុងទីក្រុង ជាមួយADB ក្នុងចំនួនទឹកប្រាក់ប្រមាណ ១លាន៥រយ៤៥ពាន់ដុល្លារ ។ មូលនិធិជប៉ុនសំរាប់កាត់បន្ថយភាពក្រីក្រ នឹងផ្តល់ចំនួន១លាន ៥រយពាន់ដុល្លារ ចាប់អនុវត្តពីថ្ងៃទី៦ មេសា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១៕