ភ្នំពេញ ៖ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅស្រុកក្រគរ ខេត្តពោធិ៏សាត់នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបញ្ជាក់ជូនប្រជាពលរដ្ឋ ទូទាំងប្រទេសថា ត្បិតកម្ពុជាកំពុងមានខ្វះខាតអគ្គិសនីប្រើប្រាស់ក្តី ប៉ុន្តែតម្លៃ អគ្គិសនីនឹងមិនត្រូវតម្លើងថ្លៃនោះទេ។ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា និងក្រុមបច្ចេកទេស នឹងធ្វើដំណើរទៅតួរគីដើម្បីចរចារទិញអគ្គិសនី ដោយប្រើនាវាផ្ទុកអគ្គិសនី ប្រមាណ២០០មេហ្គាវ៉ាត់ ដើម្បីផ្គត់ផ្គង់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈថា ការផ្គត់ផ្គង់អគ្គិសនី នឹងមិនត្រូវបង់ថ្លៃបន្ថែមនោះទេ បើទោះបីជា កម្ពុជាខ្វះខាតអគ្គិសនីប្រើប្រាស់យ៉ាងណាក្តី។ បើតាមសម្តេចតេជោ មន្ត្រីអគ្គិសនីកម្ពុជា នឹងចេញទៅប្រទេសតួរគីក្នុងពេលឆាប់ៗខាងមុខ ដើម្បីចរចារទិញអគ្គិសនីតាមរយៈការបញ្ជូននាវាផលិតអគ្គិសនីពីតួរគីចំនួនពីរគ្រឿងមកកម្ពុ ជា ដើម្បីបំពេញសេចក្តីត្រូវការអគ្គិសនីនៅកម្ពុជា។ សម្តេចតេជោ បានប្រាប់ ប្រជាពលរដ្ឋកុំឲ្យបារម្ភពីតម្លើងថ្លៃអគ្គិសនី គ្រាដែលកម្ពុជាបានដាក់ចេញ ផែនការក្នុងការបញ្ចុះតម្លៃអគ្គិសនីសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេសរួច ទៅហើយនោះ។ តម្រូវការអគ្គិសនីនៅកម្ពុជាកាន់តែកើនឡើងខ្ពស់ គ្រាដែល ការវិនិយោគលើវិស័យសំណង់បានកើនឡើងដល់ជាង៧០០ភាគរយក្នុងរយៈ ពេលចុងក្រោយនេះ ស្របពេលដែលការប្រែប្រួលអាកាសធាតុបានធ្វើឲ្យវារី អគ្គិសនីនៅខេត្តកោះកុង កំពង់ស្ពឺ និងកំពត មិនអាចផលិតថាមពលអគ្គិសនី បានគ្រប់គ្រាន់។
លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា នឹងក្រុមគណៈកម្មការចម្រុះ នឹងធ្វើដំណើរទៅតួកគី ដើម្បីចរចាទិញ អគ្គិសនី២០០មេហ្គាវ៉ាត់ តាមរយៈការបញ្ជូននាវាផលិតអគ្គិសនីពីតួកគីមកកម្ពុជា។ តែទោះយ៉ាងណា លោក កែវ រតនៈបានពន្យល់ថា ក្រោយការចរចារបាន ជោគជ័យ ក៏ត្រូវការពេលយ៉ាងហោចណាស់ចំនួនពីរខែដែរ ដើម្បីធ្វើការចល័ត កប៉ាល់នោះពីមកកម្ពុជា។ បើតាម លោក កែវ រតនៈ បើការចរចារជាមួយតួកគី បានជោគជ័យនោះ តួកគីនឹងបញ្ជូនកប៉ាល់ចំនួនពីរគ្រឿងមកកម្ពុជា ដោយ មួយគ្រឿងដាក់នៅរាជធានីភ្នំពេញ និងមួយគ្រឿងទៀត នឹងដាក់នៅខេត្តព្រះ សីហនុ ដោយផលិតអគ្គិសនីប្រមាណ២០០មេហ្គាវ៉ាត់។
គួរបញ្ជាក់ដែរ ប្រឈមទៅនឹងការខ្វះខាត អគ្គិសនីប្រើប្រាស់នេះ ជាវិធានការ បន្ទាន់រាជរដ្ឋាភិបាលបានធ្វើការស្នើសុំទៅរដ្ឋាភិបាលវៀតណាម រដ្ឋាភិបាល ថៃ និងឡាវ បន្ថែមការផ្គត់ផ្គត់អគ្គិសនីដល់កម្ពុជា។ ជាលទ្ធផលប្រទេសថៃបានជួយបង្កើនការផ្គត់ផ្គង់បន្ថែម ៨០ MW ប្រទេសឡាវបន្ថែម ១០MW និងប្រទេសវៀតណាមបានជួយរក្សាការផ្គត់ផ្គង់អគ្គិសនីឲ្យនៅដដែល ទោះបីជាភាគខាងត្បូងរបស់ប្រទេសវៀតណាមកំពុងជួបបញ្ហាខ្វះខាតអគ្គិសនីដូចគ្នាក្តី។ នេះបើតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជាចុះថ្ងៃទី១៨ ខែមីនាកន្លងទៅនេះ។ ទោះបីយ៉ាងនេះក៏ដោយ កម្ពុជានៅមានកង្វះថាមពលប្រមាណ១៣ភាគរយ ដែលតម្រូវឲ្យអគ្គិសនីកម្ពុជាធ្វើការកាត់បន្ថយការផ្គត់ផ្គង់ខ្លះរហូតដល់រដូវវស្សាមកដល់។ វិធានការកាត់បន្ថយការផ្គត់ផ្គង់នេះ ធ្វើនៅពេលថ្ងៃតាមកន្លែងឆ្លាស់គ្នា ដើម្បីរក្សាការផ្គត់ផ្គង់នៅពេលយប់ ដែលជាពេលប្រជាពលរដ្ឋត្រូវការប្រើប្រាស់ចាំបាច់។
ជាមួយគ្នានោះក៏បានគិតគូរឲ្យអស់លទ្ធភាពផ្ដុំគ្នាជាមួយការជួយដំណើរការម៉ាស៊ីនភ្លើងផ្ទាល់ខ្លួននៅក្នុងការផ្គត់ផ្គង់ពេលថ្ងៃសម្រាប់ដំណើរការផ្នែកឧស្សាហកម្មការ ការកិនស្រូវអង្ករសម្រាប់នាំចេញ មន្ទីរពេទ្យ រដ្ឋាករទឹកស្ថានទូតនិងស្ថាប័នរាជរដ្ឋាភិបាល។
ក្នុងរយៈពេលដែលមានការលំបាក ៧២ថ្ងៃរហូតដល់ចុងខែឧសភាដោយឡែកថ្ងៃបុណ្យជាតិរួមនិងថ្ងៃអាទិត្យដែលជាថ្ងៃសម្រាកសរុប២៣ថ្ងៃអគ្គិសនីកម្ពុជានឹងរក្សាការផ្គត់ផ្គង់ឲ្យមានជាធម្មតា។ បើតាម អគ្គិសនីកម្ពុជាបើសិនមានភ្លៀងធ្លាក់មកមុនចុងខែឧសភា ការផ្គត់ផ្គង់និងមានជាប្រក្រតីឡើងវិញ៕