ភ្នំពេញ ៖ កម្ពុជាប្តេជ្ញាខិតខំកសាងអគារសិក្សាថ្មីៗជាច្រើនបន្ថែមទៀត នៅគ្រប់ច្រកល្ហកនៅទូទាំងប្រទេសពិសេសនៅតាមតំបន់ព្រំដែន និងតំបន់ជួបការលំបាក ដើម្បីបង្ខិតសាលារៀនឱ្យទៅជិតលំនៅឋានរបស់ប្រជាពលរដ្ឋ។
លោក បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាមានប្រសាសន៍ថា ការកសាងអគារសិក្សាថ្មីៗបន្ថែមនេះ គឺដើម្បីឆ្លើយតបទៅនឹងចំនួនសិស្សដែលមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈបច្ចុប្បន្នមានសិស្សជាង៣លាន៥សែន នៅគ្រប់ភូមិសិក្សាសាធារណៈ និងឯកជនចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា។
ការពង្រីកការសាងសង់អគារសិក្សាថ្មីនេះ ដោយសារតែបច្ចុប្បន្ននៅតាមតំបន់ដាច់ស្រយាល នៅតាមបណ្តាខេត្តមួយចំនួនមិនមានសាលារៀនគ្រប់គ្រាន់ទេ ព្រោះតែបញ្ហាផ្លូវគមនាគមន៍ ដែលធ្វើឲ្យកុមារបង្ខំចិត្តទៅរៀននៅតំបន់ឆ្ងាយៗ ពីលំនៅដ្ឋាន និងខ្លះទៀតរៀននៅក្រោមដើមឈើជាដើម។
ថ្លែងនៅក្នុងពិធីបើកសន្និបាតបូក សរុបការងារអប់រំយុវជន និង កីឡា ឆ្នាំសិក្សា២០១៨ ២០១៩ នៅព្រឹកថ្ងៃទី២៥ មីនា នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ឯ.ឧ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន បានបន្តថា ការមានសាលារៀនគ្រប់គ្រាន់ នឹងជួយធ្វើឲ្យសិស្សានុសិស្សអាចមានលទ្ធភាពទទួលបាននូវការសិក្សាគ្រប់ៗគ្នានិងពេញមួយជីវិតស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំយុវជននិងកីឡា។
លោក រដ្ឋមន្ត្រីបានបន្ថែមទៀតថាបច្ចុប្បន្ននេះនៅទូទាំងប្រទេសមានសាលាមត្តេយ្យសិក្សានិងសាលារៀនចំណេះទូទៅទាំងសាធារណៈនិងឯកជនសរុបជាង១ម៉ឺន៤ពាន់ ក្នុងនោះមានសាលាមត្តេយ្យសិក្សាជិត៥ពាន់សាលាបឋមសិក្សាជាង៧ពាន់៧រយសាលា អនុវិទ្យាល័យជាង១ពាន់៣រយសាលានិង វិទ្យាល័យមានជិត៧រយសាលា គ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមាន ១២៥ ក្នុងនោះ គ្រឹះស្ពានឧត្តមសិក្សារដ្ឋ និងឯកជន ៧ដែលមាននិស្សិតសរុបជាង២១ម៉ឺននាក់ ស្រីជិត១ម៉ឺនស្មើនឹង៤៦,៣% ។
លោក រដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ក្រៅពីកាសាងសង់អគារសិក្សាក្រសួង ក៏មានការផ្តល់គ្រូបង្រៀន ការផ្តល់ថវិកាដំណើរការសាលារៀន ការផ្តល់អាហារូបករណ៍ដល់សិស្សមកពីគ្រួសារក្រីក្រដើម្បីបង្កលក្ខណៈឱ្យកុមាមានល ទ្ធភាពកាន់តែច្រើនក្នុងការទទួលបានការអប់រំផងដែរ។
លោក កិត្តិនីតិកោសល បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋ មន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានស្វាគមន៍ ចំពោះលទ្ធផល ដែលក្រសួងអប់រំយុវជននិងកីឡា ទទួលបាននាពេលកន្លងមកក្រោយកិច្ចខិតខំប្រឹងប្រែងរបស់លោករដ្ឋមន្ត្រីក្នុងការកែលម្អគុណភាពអប់រំនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពល្អពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។
គួរបញ្ជាក់ថា សន្និបាតអប់រំយុវជន និងកីឡានេះផ្តោតសំខាន់ទៅលើការអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំយុជននិងកីឡាក្នុងនោះរួមមាន ការគ្រប់គ្រងតាមសាលារៀន ការលើកកម្ពស់ប្រសិទ្ធភាពគុណភាពអប់រំ វិធានការអនុវត្តវិធីសាស្រ្តបង្រៀនក្នុងបរិបទថ្មី ការប្រែក្លាយមជ្ឈមណ្ឌលសិក្សាសហគមន៍ទៅជាមជ្ឈមណ្ឌលសិក្សាពេ ញមួយជីវិត យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិតនិងការឈានឆ្ពោះទៅកាន់កីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ៕