ភ្នំពេញ ៖ ក្បាលរថភ្លើងប្រភេទ DMU និងទូរថភ្លើងចំនួន ៤ ត្រូវត្រូវបានរាជរដ្ឋាភិបាលថៃប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដើម្បីបម្រើដល់ការដឹកជញ្ជូន និងវិស័យផ្លូវដែករវាងប្រទេសទាំងពីរ និងអាចបន្តដឹកជញ្ជូនទៅ មក រហូតដល់ប្រទេស ម៉ាឡេស៊ី និងសិង្ហបូរី ផងដែរ។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានជិះរថភ្លើងរួមគ្នាពីស្ថានីយ ខ្លងលឹក ប្រទេសថៃ មកកាន់ស្ថានីយ៍រថភ្លើងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ទៀតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បន្ទាប់ពីការដឹកជញ្ជូនផ្លូវដែក មួយនេះត្រូវបានអាក់ខានរយៈពេលជាង ៤៥ឆ្នាំកន្លងមក ដោយសារបញ្ហាសង្គ្រាម។
ពិធីប្រគល់-ទទួល ក្បាលរថភ្លើងដែលភ្ជាប់ដោយទូចំនួន៤ ត្រូវបានធ្វើឡើងនៅស្ថានីយ ខ្លងលឹក នៅខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ក្រោមវត្តមានប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងរដ្ឋមន្ត្រីគមនាគមន៍ជាណាចក្រថៃ។ នៅព្រឹកនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានស្នើភាគីថៃ នូវផ្លូវដែកដែលថៃលែងប្រើប្រាស់មកឲ្យកម្ពុជា ប្រវែងប្រហែល ១៤០គ.ម. ដើម្បីពង្រីកដល់ការដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា។ បើតាមសម្តេចនាយករដ្ឋមន្ត្រីថៃ បានឆ្លើយតបជាវិជ្ជមានលើសំណើនេះរួចហើយ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានឲ្យដឹងថា រថភ្លើងដែលជាអំណោយរបស់ថៃ នាពេលនេះ មានភ្ជាប់ជាមួយទូអ្នកដំណើរចំនួន៤ ដែលអាចផ្ទុកអ្នកដំណើរបានដល់ ៨០នាក់ក្នុងទូនីមួយៗ សរុបប្រមាណ៣២០នាក់។ រថភ្លើងដឹកអ្នកដំណើរ ជាប្រភេទ DMU (Diesel Multiple Unit) ផលិតដោយក្រុមហ៊ុន Hitachi របស់ជប៉ុន។
គួរបញ្ពាក់ថា ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ មានប្រវែង ៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងនៅអំឡុងឆ្នាំ១៩២៩ ដល់១៩៤២ ក្នុងសម័យអាណានិគមបារាំង។ កំណាត់ផ្លូវដែកមកកាន់ក្រុងប៉ោយប៉ែតត្រូវបានកាត់ផ្តាច់ក្នុងពេលកម្ពុជាធ្លាក់ក្នុងអន្លង់ភ្លើងសង្គ្រាមនាឆ្នាំ១៩៧៣។ ផ្លូវដែកមួយខ្សែនេះ ត្រូវបានស្តារឡើងវិញជាបន្តបន្ទាប់រហូតរួចរាល់ជាស្ថាពរ និងដាក់សម្ពោធដាក់ឱ្យដំណើរការឡើងវិញ កាលពីខែមេសា ឆ្នាំ២០១៨ មុនពេលចូលឆ្នាំថ្មីកន្លងទៅ ហើយបានដាក់ដំណើរការជាផ្លូវការនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នេះ ដោយចំណាយថវិកាជិត ៨៤លានដុល្លារអាមេរិក៕