ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ស្ដីពី ចីរភាពបំណុលសម្រាប់ចីរភាពកំណើន: ចីរភាពហិរញ្ញប្ប ទានសម្រាប់ការអភិវឌ្ឍ និងកិច្ចប្រជុំពាក់ព័ន្ធ នាទីក្រុងប៉ារីស ប្រទេសបារាំង ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាធារណរដ្ឋបារាំង និងមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទេសាភិបាលធនាគារកណ្តាល ថ្នាក់ដឹកនាំស្ថាប័នហិរញ្ញវត្ថុអន្តរ ជាតិ, ស្ថាប័នសិក្សាស្រាវជ្រាវ និងតំណាងស្ថាប័នហិរញ្ញវត្ថុឯកជនធំៗ មកពីតាមបណ្តាប្រទេសអភិវឌ្ឍន៍ ក៏ដូចជាកំពុងអភិវឌ្ឍន៍ប្រមាណ ៦៥ ប្រទេស ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានស្នើឲ្យមានការ ចូលរួម និងគាំទ្របន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត តាមរយៈការដាក់ចេញនូវវិធានវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាសកលសមស្រប ដើម្បី ធានាបាននូវគុណភាពហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តល្អប្រសើរ និងចីរភាព។
បើតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា ក្នុងឱកាស នៃកិច្ចប្រជុំជាន់ខ្ពស់នេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចូលរួមពិភាក្សាដោយផ្ទាល់ក្នុងកិច្ចប្រជុំជាក្រុម ស្តីអំពីហិរញ្ញប្បទានសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយយុត្តិធម៌ និងចីរភាព ដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលកម្ពុជា ដោយបានដាក់ចេញនូវវិធានការមុតស្រួចកែទម្រង់លើគ្រប់វិស័យ ពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ដើម្បីឲ្យកម្ពុជាអាចសម្រេចបានតាមគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព បើទោះបីជាហិរញ្ញប្បទានសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ របស់កម្ពុជានៅមានកំរិតនៅឡើយក៏ដោយចុះ។
សូមជម្រាបជូនថា៖ ចំពោះប្រធានបទស្តីពី ចីរភាពបំណុលសម្រាប់ចីរភាពកំណើន: ចីរភាព ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ កិច្ចប្រជុំបានផ្តោតការពិភាក្សាលើយុទ្ធសាស្រ្តក្នុងការ បំពេញតម្រូវការហិរញ្ញប្បទាន សម្រាប់ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់ប្រទេស នីមួយៗ ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាលទ្ធផល គណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានចូលរួមពិភាក្សាអំពីហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, តម្រូវការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ វិធី សាស្រ្តដែលប្រទេសនីមួយៗយកទៅអនុវត្ត ដែលអាចទទួលបានហិរញ្ញប្បទានអភិវឌ្ឍន៍ដែល ជៀសវាងបាននូវការជំពាក់បំណុលច្រើនហួសហេតុ, ការប្រើប្រាស់ហិរញ្ញប្បទានដោយត្រឹមត្រូវ មានតម្លាភាព និងការទទួលខុសត្រូវ ក៏ដូចជាអាចធានាបាននូវគុណភាពហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការលើកម្ពស់ភាពជាម្ចាស់ក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ សំដៅចូលរួម ចំណែកពង្រឹងនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាព៕