ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានបញ្ជាក់នូវជំហរតាំងចិត្ត នឹងត្រូវធ្វើការអភិវឌ្ឍន៍ និងពង្រីកកិច្ចគាំទ្ររបស់ខ្លួន ចំពោះវិស័យកសិកម្មក្នុងប្រទេសកម្ពុជា ដើម្បីជួយដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងទាក់ទាញឱ្យមានការចូលរួមកាន់តែច្រើនពីវិស័យឯកជន ដើម្បីបំពេញតម្រូវការរបស់ប្រជាជន ដែលកំពុងមានចំនួនកើនឡើងនៅតំបន់ទីក្រុង ក៏ដូចជាកាត់បន្ថយភាពក្រីក្រ។
មន្រ្តីជាន់ខ្ពស់ ADB បានបញ្ជាក់ដូចនេះ នៅក្នុងឱកាសបង្ហាញលទ្ធផលនៃការវាយតម្លៃឯករាជ្យ ពីធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០១៩នេះនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។
ធនាគារ ADB បានគត់ស្គាល់ឃើញថា បើទោះបីជាកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកក៏ដោយ ប៉ុន្តែការផ្តល់អាទិភាពលើវិស័យកសិកម្ម ដែលបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ហាក់ដូចជានៅមានកម្រិតបើធៀបទៅនឹង វិស័យទេសចរណ៍ និងឧស្សាហកម្មកាត់ដេរ។
កម្ពុជា គឺជាករណីសិក្សាមួយក្នុងចំណោមករណីសិក្សាចំនួន៤ ដែលរួមមានជាអាទិ៍ ប្រទេសបង់ក្លាដេស ចិន និង តាជីគីស្ថាន នៅក្នុងការវាយតម្លៃទៅលើកិច្ចគាំទ្ររបស់ ADB ដែលមានថវិកាសរុបចំនួន ១២.២ពាន់លានដុល្លារ ដែលផ្តល់សម្រាប់វិស័យកសិកម្ម ធនធានធម្មជាតិ និងការអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ ២០០៥-២០១៧។ ប្រទេសទាំងនេះ មានចំណែកច្រើនគួរឱ្យកត់សម្គាល់ នៅក្នុងប្រតិបត្តិការ តាមវិស័យរបស់ ADB ក្នុងអំឡុងពេលនៃការវាយតម្លៃ។
លោក អ៊ុក នីដា មន្រ្តីគម្រោងជាន់ខ្ពស់ធនាគារ ADB ប្រចាំកម្ពុជា បានលើកឡើងថា តាមរយៈការវាយតម្លៃ នេះ វិស័យកសិកម្ម ធនធានធម្មជាតិ និង អភិវឌ្ឍន៍បទនៅកម្ពុជាគឺជាអទិភាពមួយនៃកិច្ចគាំទ្ររបស់ អេឌីប៊ីក្នុងការកែលំអរផលិតភាព ការធ្វើពិពិដ្ឋកម្ម និងការធ្វើពាណិជ្ជកម្មផងដែរ។
លោក អាន់ត្រូ ព្រូបែកគើ (Andrew Brubaker) ប្រធានក្រុមវាយតម្លៃបានថ្លែងឱ្យដឹងថា កិច្ចខិតខំរបស់ អេឌីប៊ីក្នុងការពង្រឹងខ្សែសង្វាក់តម្លៃកសិកម្មរបស់កម្ពុជា តាមរយៈកំណែទម្រង់គោលនយោបាយ គឺជាសកម្មភាពមួយ ដែលមានសក្តានុពល។ លោកថា ការវាយតម្លៃកត់សម្គាល់ថា កម្ពុជាវិនិយោគមិនទាន់គ្រប់គ្រាន់នៅឡើយ ក្នុងការស្រាវជ្រាវលើកវិស័យកសិកម្ម ដែលការខ្វះខាតនេះ ក៏កើតមានផងដែរ នៅក្នុងប្រទេសមួយចំនួនទៀតនៅអាស៊ី។
មន្រ្តីវាយតម្លៃឯករាជ្យបានបញ្ជាក់ថា គម្រោងកសិកម្មដែលបានទទួលកិច្ចគាំទ្រពីអេឌីប៊ីនៅកម្ពុជា ផ្តោតទូលំទូលាយលើការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍ជនបទ ដោយផ្តោតលើការស្តារប្រព័ន្ធធារាសាស្រ្ត ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គ្រប់គ្រងទឹកជំនន់ ការគាំទ្រកសិករខ្នាតតូច និងការកសាងភាពធនទៅនិងការប្រែប្រួលអាកាសធាតុ៕