កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលប្រឈមនឹងគ្រោះមហន្តរាយខ្ពស់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2019 ក+ ក-

ដោយ៖ សុត្ថារ៉ា

ភ្នំពេញ ៖ កម្ពុជា ជាប្រទេសស្ថិត នៅក្នុងចំណោមប្រទេសដែលប្រឈមហានិភ័យគ្រោះមហន្តរាយខ្ពស់ ដោយឈរនៅលំដាប់ទី៤ នៅ ទ្វីបអាស៊ី និងទី១២ នៅទូទាំងពិភពលោក។ យោងតាមរបាយការណ៍ហានិភ័យពិភពលោកឆ្នាំ២០១៨។

តាមការលើកឡើងរបស់លោកស្រី ហ៊ុន បូរមី នាយិកាប្រចាំប្រទេសនៃអង្គការអាក់សិនអេតកម្ពុជា ក្នុងសិក្ខាសាលាអន្តរវិស័យថ្នាក់ជាតិស្តីពីការ លើកកម្ពស់សុវត្ថិភាពស្ត្រី និងការបញ្ជ្រាបយេនឌ័រនៅក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិគ្រងគ្រង គ្រោះមហន្តរាយ នាព្រឹកថ្ងៃទី២០ មិថុនានេះ។

លោកស្រី ហ៊ុន បូរមី បានគូសបញ្ជាក់ថា ទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះ ជាគ្រោះមហន្តរាយចម្បងនៅកម្ពុជា ដែលគ្រោះមហន្តរាយទាំងនេះបានធ្វើឱ្យប៉ះពាល់ទៅលើជីវភាពរស់នៅ និង ស្ថានភាពសេដ្ឋកិច្ចរបស់សហគមន៍ ជាពិសេសចំពោះស្ត្រី និងកុមារ។ លោកស្រីថា យោងតាមការ សិក្សារបស់វិទ្យាស្ថានសេដ្ឋកិច្ចទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស បានរកឃើញថា ស្ត្រី និងកុមារងាយ រងគ្រោះពីការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរជាងបុរសដល់ទៅ ១៤ដង ក្រោមកត្តាអវិជ្ជមានមួយចំនួន រួមមាន គំនាបសង្គម ភាពក្រីក្រ ការពុំបានទទួលព័ត៍មានគ្រប់គ្រាន់ និងការអប់រំសម្រាប់ស្ត្រីនៅមាន កម្រិតជាដើម។

នាយិកាប្រចាំប្រទេសនៃអង្គការអាក់សិនអេតកម្ពុជា លោកស្រី ហ៊ុន បូរមី បានកត់ សម្គាល់ពីសារៈសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមឆ្លើយតបទៅនឹងការគម្រាមកំហែងនេះ តាមរយៈការបញ្ជ្រាបយេនឌ័រទៅក្នុងផែនការយុទ្ធសាស្ត្រជាតិ គោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ ផ្សេងទៀត។

លោកបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយមានប្រសាសន៍ថា ជាការពិតស្ត្រី និងកុមារ តែងតែជាអ្នកទទួលរងគ្រោះធ្ងន់ធ្ងរជាង បុរសពីគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ និងដោយមនុស្ស។ ឯកឧត្តមថា កម្ពុជាធ្លាប់ ទទួលរងគ្រោះដោយសារគ្រោះធម្មជាតិធ្ងន់ធ្ងរបំផុតកាលពីឆ្នាំ១៩៧៨ ហើយក៏ជាឆ្នាំដែលពលរដ្ឋ កម្ពុជាកំពុងរងគ្រោះមហន្តរាយដែលបង្កឡើងដោយមនុស្សផងដែរ នោះគឺការកាប់សម្លាប់មកលើពល រដ្ឋខ្មែរស្លូតត្រង់ដោយបនប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាអ្នកទទួលខុសត្រូវចំពោះការកាប់ សម្លាប់ដ៏យង់ឃ្នងមកលើពូជសាសន៍ឯងប្រហែល ៣លាននាក់ ក្នុងអំឡុងពេលដែលពួកគេកាន់កាប់ ប្រទេសកម្ពុជាទាំងស្រុងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដោយក្នុងគ្រានោះមានស្ត្រី និងកុមារបានស្លាប់ ច្រើនជាងគេ។

លោកបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានបន្តថា ជាការពិត រាជរដ្ឋាភិបាលកម្ពុជាតែង បានយកចិត្តទុកដាក់ខ្ពស់ទៅលើស្ត្រី តាមរយៈការគិតគូអំពីបញ្ហាយេនឌ័រ ដែលជាការឱ្យតម្លៃស្មើគ្នា រវាងបុរស និងស្ត្រី ដោយយើងបានផ្តល់ឱកាសដល់ស្ត្រីក្នុងការកសាងសមត្ថភាពស្ត្រី ការផ្តល់តួនាទី ដល់ស្ត្រីជាដើម ដើម្បីឱ្យពួកគាត់បានចូលរួមក្នុងគ្រប់កិច្ចការរបស់សង្គម ដោយបានបិទបញ្ចប់នូវពាក្យ ថា ស្ត្រីវិលចង្ក្រានមិនជុំ៕