អង្គការ​អន្តរជាតិ​ទទូច​ឲ្យ​កម្ពុជា​បញ្ឈប់​ការចាប់​បញ្ជូន​ម៉ុង​តា​ញ៉ា​ទៅ​វៀតណាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 June, 2015 ក+ ក-

រតនគិរី​៖​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch) ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការចាប់​បញ្ជូន​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា វៀតណាម ត្រឡប់​ទៅកាន់​ប្រទេស​វៀតណាម វិញ​។ ការអំពាវនាវ​នេះ ធ្វើឡើង​នៅក្នុង​របាយការណ៍​រប​ស់​ខ្លួន ចេញផ្សាយ​នៅ​ថ្ងៃទី​២៦ ខែមិថុនា ហើយ​ដែល​បានលើកឡើង​ពី​ការ​ធ្វើទុក្ខបុកម្នេញ​រប​ស់​អាជ្ញាធរ​វៀតណាម ទៅលើ​ជនជាតិភាគតិច​ម៉ុង​តា​ញ៉ា វៀតណាម​។​

“​ក្នុងនាម​ជា​ប្រទេស​ភាគី​នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ជនភៀសខ្លួន កម្ពុជា​គួរ​គោរព​ទៅតាម​គោលការណ៍​អន្តរជាតិ ស្ដីពី​ការមិន​ចាប់បញ្ជូន​ជនភៀសខ្លួន​ត្រឡប់​ទៅកាន់​ទីកន្លែង​ដែល​ពួកគេ អាច​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​នៅ​ទីនោះ​”​។ នេះ​គឺជា​ការលើកឡើង​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ នៅក្នុង​របាយការណ៍រ​បស់​ខ្លួន​មាន​ចំណងជើង​ថា «​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជំនឿ​សាសនា​ដោយ​មធ្យោបាយ​ព្រៃផ្សៃ​៖ ការរំលោភបំពាន​លើ​ជនជាតិភាគតិច​ម៉ុង​តា​ញ៉ា នៅ​ប្រទេស​វៀតណាម​»​។​

របាយការណ៍​កម្រាស់ ៣៣​ទំព័រ ដែល យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ បានធ្វើការ​សិក្សា​ដោយ​ផ្អែកលើ​សេចក្ដីរាយការណ៍​នៅតាម​បណ្ដាញសារព័ត៌មាន ផ្លូវការ​វៀតណាម និង​តាមរយៈ​បទសម្ភាសន៍​ជាមួយ​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា វៀតណាម ដែល​រត់គេចខ្លួន​ទៅ​ក្រៅប្រទេស បាន​រៀបរាប់​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ជំនឿ​សាសនា​ទៅលើ​ជនជាតិភាគតិច​ទាំងនោះ ក្នុងនោះ​រួមមាន ការតាមដាន​ឃ្លាំមើល​សកម្មភាព ការ​សម្លុត​បំភ័យ គំរាមកំហែង ការចាប់ខ្លួន​ដោយ​បំពាន និង​ការ​ធ្វើបាប​ក្នុងពេល​ឃុំខ្លួន​ជាដើម​។​

​នេះ​គឺជា​របាយការណ៍​លើកដំបូង​របស់ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ ចាប់តាំងពី​មាន​ជនជាតិភាគតិច​ម៉ុង​តា​ញ៉ា វៀតណាម ជិត ២០០​នាក់ បាន​រត់គេច​ចេញពី​ការធ្វើ​បាប​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ចូលមក​កាន់​ទឹកដី​នៃ​ប្រទេស​កម្ពុជា កាលពី​ចុងឆ្នាំ​២០១៤ មក ហើយ​ដែល​រហូត​មកទល់ពេលនេះ មាន​ជនជាតិភាគតិច​ម៉ុង​តា​ញ៉ា វៀតណាម ជាង ៥០​នាក់​ហើយ ត្រូវបាន​អាជ្ញាធរ​ខ្មែរ​ចាប់បញ្ជូន​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម​។​

យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ លើកឡើងថា រដ្ឋាភិបាល​កម្ពុជា មិន​ត្រឹមតែ​ចៀសវាង​ការចាប់​បញ្ជូន​ខ្លួន​ពួកគេ​ត្រឡប់​ទៅកាន់​ប្រទេស វៀតណាម វិញ​នោះទេ តែ​រដ្ឋាភិបាល​គួរផ្ដល់​ឲ្យ​ជនជាតិភាគតិច​ម៉ុង​តា​ញ៉ា​វៀតណាម ទាំងអស់នោះ នូវ​ឱកាស​ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅក្រៅ ប្រទេស​ប្រកបដោយ​ភាពយុត្តិធម៌​។ បន្ថែម​ពីលើ​នេះ​ទៀត រដ្ឋាភិបាល​ក៏​គួរតែ​សហការ​ជាមួយ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួល បន្ទុក​ជនភៀសខ្លួន ដើម្បី​ជួយ​ពួកគេ​ក្នុង​ដំណើរ​ចុះឈ្មោះ​ក្នុងការ​កំណត់​ឋានៈ​ជា ជនភៀសខ្លួន និង​ក្នុង​ការថែទាំ​ពួកគេ​ជាដើម​។​

យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ អះអាង​ដែរ​ថា កន្លងមក​រដ្ឋាភិបាល​វៀតណាម ក៏បាន​ដាក់​សម្ពាធ​ទៅលើ​អាជ្ញាធរ​កម្ពុជា ឲ្យ​បង្កើន​ការឃ្លាំមើល​តាម​ព្រំដែន និង​ឲ្យ​បដិសេធ​នូវ​សិទ្ធិ​ស្វែងរក​ទីជ្រកកោន​របស់​ជនជាតិ​ភាគតិច ម៉ុង​តា​ញ៉ា វៀតណាម ដែល​បាន​លួច​គេចខ្លួន​ចូល​កម្ពុជា​។​

​ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៤ រហូត​បច្ចុប្បន្ន មាន​ម៉ុង​តា​ញ៉ា ជាង ១១០​នាក់ កំពុង​ឋិត​ក្រោម ការ​ទំនុកបម្រុង​ពី​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួល បន្ទុក​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ភ្នំពេញ​។ ក្នុងនោះ​ម៉ុង​តា​ញ៉ា ១៣​នាក់ ត្រូវបាន​នាយកដ្ឋាន​ជនភៀសខ្លួន​ក្រសួងមហាផ្ទៃ ទទួល​ចុះបញ្ជី​កំណត់​អត្តសញ្ញាណ​ជនភៀសខ្លួន​រួចហើយ​។​

​ប្រធាន​នាយកដ្ឋាន​ជនភៀសខ្លួន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង មហាផ្ទៃ លោក គឹម សារិន មានប្រសាសន៍​នៅ​ថ្ងៃទី​២៦ ខែមិថុនា ថា រហូតមកទល់​ពេលនេះ ក្រៅតែពី​ម៉ុង​តា​ញ៉ា ១៣​នាក់​ដែល​ទទួលបាន​ឋានៈ​រួចហើយ មិនទាន់មាន​ម៉ុង​តា​ញ៉ា ណា​ផ្សេងទៀត បានដាក់​ពាក្យស្នើសុំ​មកកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅឡើយ​ទេ​។ លោក​ថា ចំណែក​ដំណើរការ​នៃ​ការផ្តល់​ឋានៈ​នោះ គឺធ្វើឡើង​គ្រប់ពេល​ឲ្យ​តែមាន​ការដាក់​ពាក្យស្នើសុំ​។​

លោក​ថា ចំណែក​ការសម្រេចចិត្ត​បញ្ជូន ឬ​មិន​បញ្ជូន​ជនភៀសខ្លួន​ណា​ម្នាក់​ទៅកាន់​កន្លែង​ដើម​វិញ​នោះ គឺ​វា​អាស្រ័យទៅលើ​ការពិនិត្យ​លក្ខន្តិកៈ​របស់​អ្នកដាក់ពាក្យ​ស្នើសុំ ជាមុនសិន ហើយ​ថា បើ​ជន​នោះ​មាន​លក្ខណៈ​គ្រប់គ្រាន់ គេ​នឹង​ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន​ឲ្យ​ជន​នោះ​។​

​ជនជាតិភាគតិច​ម៉ុង​តា​ញ៉ា វៀតណាម ឬ​វៀតណាម​ហៅថា ងើយ ទឿ​ង (người Thượng) គឺជា​ក្រុម​ជនជាតិភាគតិច​រស់នៅ​ក្នុង​តំបន់ភ្នំ​ក្នុង​ខេត្ត​យ៉ា​ឡាយ (Gia Lai) ខេត្ត​ដាក់​ឡាក់ (Dak Lak) និង​ខេត្ត កន ទុម (Kon Tum) ដែល​ឋិត​នៅ​ប៉ែក​កណ្ដាល​ប្រទេស​វៀតណាម ជាប់​ព្រំប្រទល់​ខេត្តរតនគិរី និង​មណ្ឌលគិរី របស់​កម្ពុជា​។​

​យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ អះអាងថា ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិភាគតិច​ម៉ុង​តា​ញ៉ា វៀតណាម គឺជា​គោលនយោបាយ​ជាតិ​របស់​រដ្ឋ​វៀតណាម នៅក្នុង​ការលុបបំបាត់​ការប្រតិបត្តិ​ជំនឿ​សាសនា​របស់​ពួកគេ​តែម្ដង​។ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​វៀតណាម បញ្ចប់​នូវ​ផ្នត់គំនិត​នយោបាយ​សង្គ្រាម​ត្រជាក់ ដែល​ចាត់ទុក​មនុស្ស​មាន​ជំនឿ​សាសនា​ខុសពី​ខ្លួន​ថា ជាស​ត្រូវ​របស់ខ្លួន​នោះ​។​

​ទោះជា​យ៉ាងណា វិទ្យុ​អាស៊ីសេរី មិនអាច​ស្វែងរក​ការឆ្លើយតប​ពី​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា បានទេ ចំពោះ​ការចោទប្រកាន់​នេះ​។​

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លើកឡើងថា ការធ្វើ​បាប​លើ​ជនជាតិភាគតិច​ដូចជា ម៉ុង​តា​ញ៉ា នៅ​វៀតណាម គឺជា​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ការរំលោភបំពាន​សិទ្ធិមនុស្ស​លក្ខណៈ ទូលំទូលាយ​ទៅលើ​ការប្រតិបត្តិ​ជំនឿ​សាសនា​របស់​ជនជាតិភាគតិច​នានា​នៅ ក្នុងប្រទេស​កុ​ម្មុយ​និ​ស្ត​មួយ​នេះ​៕ (ប្រភព៖អែអេហ្វអា)

mknzx

​ជនជាតិដើម​ភាគតិច​ម៉ុង​តា​ញ៉ា​-​វៀតណាម ចំនួន ៨​នាក់ ជួប​មន្ត្រី​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា នា​ខេត្តរតនគិរី នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៤​។
RFA/Ratha Visal