ខេត្តកំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា នៅក្នុងឆ្នាំ២០២០ខាងមុខនេះ គឺជាឆ្នាំយុទ្ធសាស្ត្រ នៃការអនុវត្តន៍នូវផែនការគំណែទំរង់ថ្មីមួយ ដែលគ្រប់ឃុំ-សង្កាត់ នឹងទទួលបានកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល ក្នុង១ឆ្នាំៗ អាចលើសពី ៧៣.០០០ដុល្លារ ដើម្បីធ្វើការអភិវឌ្ឍន៍ ថ្នាក់មូលដ្ឋាន ដោយមិនគិតលើកិច្ចការងាររដ្ឋបាលនោះទេ ដូច្នេះធ្វើយ៉ាងណាត្រូវចាយវាយឲ្យបានត្រឹមត្រូវ និងស្របទៅតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដើម្បីឲ្យការប្រើប្រាស់ថវិកាមានតម្លាភាព គណនេយ្យភាព ឲ្យចំគោលដៅ ហើយប្រេីឲ្យអស់ក្នុង១ឆ្នាំៗ ឆ្នាំទៀតនោះ ត្រូវទាមទារឲ្យមានការបណ្ដុះបណ្ដាល និងបើកវគ្គតំរង់ទិសមន្ត្រីរបស់យើង ជាពិសេសគឺស្មៀន និងក្រុមព្រឹក្សាឃុំ ផងដែរ។
ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែល លោក អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មវិធីវិនិយោកបីឆ្នាំរំកិល(២០២០-២០២២) នៅស្រុកកំពង់សៀម នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ។
ថ្លែងក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានលើកឡើងថា សិក្ខាសាលានេះ ជាសូចនាករមួយបង្ហាញពីការចូលរួមក្នុងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការវិវត្តនៃកិច្ចដំណើរការ កំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ប្រកបដោយការជឿជាក់យ៉ាងខ្លាំងចំពោះតួនាទីដ៏មានសារៈសំខាន់ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅតាមមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកការបន្ថយភាពក្រីក្រ ប្រកបដោយប្រសិទ្ធភាព។
លោកអភិបាលខេត្ត បានបន្តថា ផ្តើមចេញពីឆន្ទៈ និងជំនឿជឿជាក់នេះ ក្នុងអំឡុងជិត២ទសវត្សរ៍ កន្លងមកនេះ រាជរដ្ឋាភិបាលបានជំរុញ និងគាំទ្រយ៉ាងសកម្មដល់ការរៀបចំ និងការអនុវត្តកម្មវិធីកំណែទម្រង់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ក្នុងន័យនេះ រដ្ឋបាលឃុំ-សង្កាត់បានក្លាយទៅជា រដ្ឋបាលថ្នាក់មូលដ្ឋានដែលមានមុខងារសំខាន់ ក្នុងការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច នៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការអភិវឌ្ឍន៍របស់រដ្ឋបាលឃុំ-សង្កាត់ដែលបានរៀបចំ និងអនុវត្តនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការសាងសង់ផ្លូវលំ ស្ពាន អណ្តូងទឹក ប្រឡាយទឹក អគារសាលារៀន និងគម្រោងផ្តល់សេវាផ្សេងៗទៀតពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការផ្សព្វផ្សាយព័ត៌មានអំពីបញ្ហាសុខភាព និងអនាម័យតាមជនបទ ការផ្សព្វផ្សាយចំណេះដឹងអំពីបញ្ហាយេនឌ័រ ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ដោយប្រើប្រាស់មូលនិធិឃុំ-សង្កាត់ និងធនធានពីប្រភពផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពនានា របស់ប្រជាជននៅតាមមូលដ្ឋាន។
ដោយបច្ចុប្បន្ននេះរាជធានី និងគ្រប់ខេត្តនៅទូទាំងប្រទេស កំពុងតែសកម្មប្រយុទ្ធយ៉ាងក្លៀវក្លា ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ប៉ែន សុផល