ខេត្តកំពត ៖ រោងចក្រផលិតស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ស្ថិតនៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ដែលមានតម្លៃជាង១០០លានដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៤ វិច្ឆិកានេះ។ សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា វត្តមាននៅរោងចក្រស៊ីម៉ងត៍ចំនួន៥ នៅកម្ពុជា បានធ្វើឲ្យកម្ពុជាចំណេញប្រាក់ជាង ៥០០ លានដុល្លារអាមេរិក ពីការនាំចូលស៊ីម៉ង់ក្រៅប្រ ទេស។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិតស៊ីម៉ងត៍ ថៃប៊ុនរ៉ុង នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា វត្តមានរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជាទាំង៥ នឹងអាចបំពេញសេចក្តីត្រូវការផ្នែកស៊ីម៉ង់ត៍នៅកម្ពុជាបាន១០០ភាគរយ គ្រាដែលវិស័យសំណង់របស់កម្ពុជាកំពុងមានសន្ទុះខ្លាំង។
បើតាមសម្តេចតេជោ កម្ពុជានឹងចំណេញថវិកា៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ពីការកាត់បន្ថយការចូលស៊ីម៉ងត៍ពីក្រៅប្រទេស។ នេះជាគោលនយោបាយរបស់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងការបង្កើនផលិតភាពផលិតផលរបស់ជាតិក្នុងការជំរុញកាត់បន្ថយការនាំចូលផលិតផលពីបរទេសដើម្បីបំពេញសេចក្តីត្រូវការនៅក្នុងស្រុក។ ទៅយ៉ាងណា កម្ពុជានៅតែខ្វះវត្ថុធាតុដើម ថ្មកំបោរសម្រាប់ជាស៊ីម៉ងត៍បាន ពោលគឺមានតែខេត្តកំពត បាត់ដំបង និងបន្ទាយមានជ័យមួយចំនួនប៉ុណ្ណោះ។ មកដល់ពេលបច្ចុប្បន្ននេះកម្ពុជាត្រូវការដោនដើម្បីប្រើប្រាស់នៅទីផ្សារសំណង់នៅក្នុងប្រទេសកម្ពុជា។ ក្រៅក្រៅតែពីចំណេញខាងសេដ្ឋកិច្ច និងការផ្គត់ផ្គង់ស៊ីម៉ងត៍នៅប្រទេសកម្ពុជា រោងចក្រស៊ីម៉ង់ត៍ទាំង៥ ក៏បានផ្ដល់ឱកាសការងាររាប់ពាន់កន្លែងដោយផ្ទាល់ដល់កម្មករផងដែរ។ ពិសេសបានផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងដែលកំពុងបម្រើការងារនៅក្នុងវិស័យសំណង់។
បើតាមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានបញ្ជាក់ថា រោងចក្រផលិតស៊ីម៉ង់តិ៍ ថៃប៊ុងរ៉ុង សាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតា បំពាក់ដោយឧបករណ៍បច្ចេកទេសទំនើប ហើយមានសមត្ថភាពផលិតស៊ីម៉ង់បានប្រមាណ ២,៥០០តោនក្នុងមួយថ្ងៃ ស្មើនឹងជិត១លានតោនក្នុងមួយឆ្នាំ និងផ្តល់ការងារអចិន្ត្រៃយ៍ដល់បុគ្គលិកប្រមាណ ៣៣៥នាក់ ក្នុងនោះមានជនជាតិបរទេសប្រមាណ៣៥នាក់។ រោងចក្រស៊ីម៉ងតិ៍ថៃ ប៊ុនរ៉ុង គឺជាការវិនិយោគរួមគ្នារបស់វិនិយោគរបស់ខ្មែរ និងវិនិយោគចិន។ គិតមកទល់ចុងឆ្នាំ២០១៩ នេះកម្ពុជា មានរោងចក្រ ផលិតស៊ីម៉ងត៍ចំនួន៥ ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ៨តោនក្នុងមួយឆ្នាំ និងមានទុនវិនិយោគសរុបប្រមាណ ៨០០ លានដុល្លាអាមេរិក។ ក្នុងឆ្នាំ២០១៧ និង២០១៨ កម្ពុជាអាចបំពេញតម្រូវការស៊ីម៉ងត៍ នៅក្នុងស្រុក បានតាមសេចក្តីត្រូវការទាំង ស្រុង ។ ប៉ុន្តែដោយ សារកំណើននៃការសាងសង់សំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធកម្ពុជាមិនអាចផ្គត់ផ្គង់គ្រប់តាមតម្រូវការទីផ្សារ ធ្វើឲ្យមាននាំចូលផលតាមផ្សារ ឲ្យការនាំចូលផលិតផលស៊ីម៉ង់ត៍ពីបរទេសបន្ថែម។ តាមការព្យាករណ៍របស់ក្រុមហ៊ុនជីបម៉ុងអ៊ិនស៊ី បានឲ្យដឹងថានៅឆ្នាំ ២០២០ កម្ពុជានឹងអាចផលិតស៊ីម៉ងត៍បានប្រមាណ៩ លានតោននៅក្នុងឆ្នាំ ដែលនឹងអាចផ្គត់ផ្គង់ទាំងស្រុងដោយមិនបាច់មានការនាំចូល៕