ភ្នំពេញ : មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាជាង ១៧០នាក់បានទទួលការ បណ្តុះបណ្តាលជាចម្បងលើទិដ្ឋភាព ពាក់ព័ន្ធជាមួយសុវត្ថិភាពគីមី ក្នុងរយៈពេល ២សប្តាហ៍នៅក្នុងក្របខណ្ឌនៃមជ្ឈមណ្ឌលកាត់បន្ថយ ហានិភ័យគីមី, ជីវសាស្ត្រ, វិទ្យុសកម្ម និងនុយក្លេអ៊ែរ (CBRN) នៃ គំនិតផ្តួចផ្តើមសំរាប់ ឧត្តមភាព (CoE) របស់សហភាពអឺរ៉ុប ។
សិក្ខាកាមមួយក្រុមត្រូវបានជ្រើសរើស និងទទួលបានការបណ្តុះបណ្តាលឲ្យក្លាយជាគ្រូបង្គោល ដើម្បីពួកគេអាចផ្តល់នូវការបណ្តុះបណ្តាល និងការអនុវត្តល្អៗបន្ត ដល់សិក្ខាកាមផ្សេងៗ ទៀត នៅ ទូទាំងប្រទេសកម្ពុជា ផងដែរ។
នៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលនេះ មានអ្នកជំនាញនានា អញ្ជើញមកពីវិស័យសុខាភិបាល សាធារណៈនៃប្រទេសអង់គ្លេស វិទ្យាស្ថានសន្តិសុខអន្តរជាតិ និងការគ្រប់គ្រងគ្រោះអាសន្ន (ISEMI) នៃប្រទេសស្លូវ៉ាគី និង អង្គការដំណោះស្រាយយុត្តិធម៌ព្រហ្មទណ្ឌប្រកបដោយចីរភាព (Sustainable Criminal Justice Solutions) ដែលជាអង្គការមិនរកប្រាក់ចំណូលអឺរ៉ុប បានដឹកនាំ សិក្ខាសាលាពាក់ព័ន្ធជាមួយប្រធានបទជាច្រើន ដូចជាការ លុបបំបាត់សារធាតុគីមី ការស្តារឡើង វិញ ការកំណត់សំណាកនិងការកំណត់អត្តសញ្ញាណ និងការគ្រប់គ្រងហានិភ័យគីមីជាដើម។
ប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានសំដែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាល កម្ពុជា ដែលមានការចាប់អារម្មណ៍ ក្នុងការលើកកម្ពស់សុវត្ថិភាពគីមី និងសន្តិសុខគីមី នៅក្នុង ប្រទេស កម្ពុជា និងទីកន្លែងផ្សេងទៀតក្រៅពីប្រទេសកម្ពុជា។
អាជ្ញាធរជាតិហាមឃាត់អាវុធគីមី, ជីវសាស្ត្រ, វិទ្យុសកម្ម និងនុយក្លេអ៊ែរ (NACW) របស់កម្ពុជា ដើរតួជា យន្តការ CBRN ថ្នាក់ជាតិជាអ្នកសម្របសម្រួលសកម្មភាពនៃវគ្គបណ្តុះបណ្តាលជាមួយ CBRN CoE អនុវត្តគម្រោងលេខ ៦១ ស្តីពីការគ្រប់គ្រងសារធាតុគីមី និងកាកសំណល់ពាក់ព័ន្ធ ជាមួយ សារធាតុគីមីឲ្យបានត្រឹមត្រូវនៅអាស៊ីអគ្នេយ៍ (SEACHEM) របស់សហភាពអឺរ៉ុប។
គម្រោងនេះ គ្របដណ្តប់លើប្រទេសចំនួន ១០ នៅអាស៊ីអគ្នេយ៍ និងមានគោលបំណងជួយដោះ ស្រាយបញ្ហាពាក់ព័ន្ធជាមួយសុវត្ថិភាព និងសន្តិសុខគីមីនៅក្នុងវិស័យច្បាប់/លិខិតបទដ្ឋានគតិយុត្តិ ការទប់ស្កាត់ និងបង្កា ការរាវរក ការត្រៀមបម្រុង និងការឆ្លើយតបចំពោះហេតុកាណ៍ ពាក់ព័ន្ធ នឹងសារធាតុគីមីនេះ។
គម្រោងកាត់បន្ថយហានិភ័យគីមី, ជីវសាស្ត្រ, វិទ្យុសកម្ម និងនុយក្លេអ៊ែររបស់សហភាពអឺរ៉ុប បាន ទទួលការ ឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប ហើយគម្រោងនេះត្រូវបានអនុវត្តរួមគ្នា ដោយវិទ្យាស្ថាន ស្រាវជ្រាវយុត្តិធម៌ និង ឧក្រិដ្ឋកម្មអន្តរតំបន់របស់អង្គការសហប្រជាជាតិ (UNICRI) និងមជ្ឈ មណ្ឌល ស្រាវជ្រាវរួម (JRC) របស់គណៈកម្មាធិការ អឺរ៉ុប។ គម្រោងនេះត្រូវបានរៀបចំ ដោយ មានការជួយគាំទ្របច្ចេកទេសពីអង្គការអន្តរជាតិ និងតំបន់ រដ្ឋសមាជិករបស់សហភាពអឺរ៉ុប និងដៃ គូពាក់ព័ន្ធផ្សេងទៀត តាមរយៈសហប្រតិបត្តិការស្អិតរមួត និងមាន ប្រសិទ្ធិភាពនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ គម្រោងនេះ មានការចូលរួមពីប្រទេសដៃគូចំនួន ៦១ នៅក្នុងតំបន់ និងពិភពលោក ៕