ខេត្តព្រៃវែង ៖ ក្រុមហ៊ុន តៃខាខេមបូឌា ខបភើរេសិន របស់ប្រទេសជប៉ុន ដែលកំពុងវិនិយោគនៅកម្ពុជា បានកសាងតារាងបាល់ទាត់ហ្វូតសាល (Futsal) និងជួយបង្កើត និងឧបត្ថម្ភក្រុមបាល់ទាត់ស្រី្ត ជូនដល់វិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន នៅខេត្តព្រៃវែង ដើម្បីលើកទឹកចិត្តសិស្សចូលរួមលេងកីឡា ប្រយោជន៏ ដល់សុខភាព និងចៀសឆ្ងាយពីគ្រឿងញៀន។
ពិធីប្រគល់ និងទទួលតារាងបាល់ទាត់ជូនវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន ស្ថិតក្នុងឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង មានវត្តមានចូលរួមពី ឯ.ឧ មីកាមិ ម៉ាស្សាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងក្រុមហ៊ុន តៃខាខេមបូឌា ខបភើរេសិន ។
លោក ស៊ូហ្ស៊ូគី ថៃតូ នាយកប្រតិបត្តិក្រុមហ៊ុន តៃខា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ រយះពេល៦ឆ្នាំ ដែលក្រុមហ៊ុនរបស់លោក បានប្រតិបត្តិសាជីវកម្មនៅកម្ពុជាប្រកបដោយជោគជ័យ។ ដោយសារការជោគជ័យ និងទំនាក់ទំនងល្អរវាងរដ្ឋាភិបាលប្រទេសទាំង២ លោក ស៊ូហ្ស៊ូគី ថៃតូ មានគំនិតផ្តួវផ្តើមជួយឧបត្ថម្ភសាងសង់តារាងបាល់ទាត់មួយនៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន ជាតំបន់ជនបទ ដើម្បីឱ្យសិស្សានុសិស្សចេះស្រលាញ់សុខភាព សាមគ្គីភាព និងលើកកម្ពស់វិស័យកីឡាបាល់ទាត់។ លោក ស៊ូហ្ស៊ូគី ថៃតូ បន្តថា បច្ចុប្បន្ននេះនៅក្រុមហ៊ុនរបស់លោកមាននិយោជិកជាស្រ្តីភាគច្រើន បានចូលរួមលើកកម្ពស់សុខភាពរបស់ស្រ្តីតាមរយះការបង្កើតក្រុមកីឡាបាល់ទាត់នារីដែលមានតាំងពីឆ្នាំ២០១៧។
លោក គង់ វន ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសាលា បានសម្តែងការពេញចិត្តជាខ្លាំងក្រោយទទួលបាននូវតារាងបាល់ទាត់ហ្វូតសាលតាមរយះអំណោយក្រុមហ៊ុន តៃខា គឺជាផ្នែកមួយលើកទឹកចិត្តដល់សិស្សានុសិស្ស ឲ្យចូលរួមលេងកីឡា ដើម្បីសុខភាព និងជៀសឆ្ងាយពីគ្រឿងញៀន និងឧបាយមុខផ្សេងៗ។ ក្រៅពីនេះក៏នឹងជំរុញអោយសិស្សានុសិស្ស ក្លាយជាកីឡាករជំរើសថ្នាក់ជាតិចេញពីវិទ្យាល័យមិត្តភាព-កម្ពុជាជប៉ុន។
លោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង សង្ឃឹមថានៅឆ្នាំក្រោយក្រុមកីឡាបាលទាត់ក្នុងសាលាវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន នឹងដណ្ដើមបានជោគជ័យ ក្នុងការប្រកួតជ្រើសរើសជើងឯក សិស្សថ្នាក់ខេត្ត ក៏ដូចជ្រើសរើសជើងឯកថ្នាក់ជាតិ ជាក់ជាមិនខាន៕