ស្រូវរំដួលដែលនៅសេសសល់ពីគ្រោះរាំងស្ងួតឈ្មួញបញ្ចុះតម្លៃថោក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 December, 2019 ក+ ក-

ខេត្តបន្ទាយមានជ័យ៖ ប្រជាកសិករនៅខេត្តបន្ទាយមានជ័យមួយចំនួនកំពុងតែជួបវិបត្តិទៅនិងផលស្រូវដែលសេសសល់ពីភាពរាំងស្ងួត ឈ្មួញឲ្យតម្លៃថោក ធ្លាក់ថ្លៃប្រហែល៥០ភាគរយ បើធៀបនិងឆ្នាំ២០១៨ កន្លងទៅ។

លោកពូ ហេង ជាប្រជាកសិករ រស់នៅក្នុងភូមិគុត្តសតបញ្ជាក់យ៉ាងគ្រៀមក្រំថា៖ កាលពីអំឡុងឆ្នាំ២០១៨កន្លងទៅផលស្រូវប្រភេទនំាចេញ ប្រភេទផ្ការំដួល ក្រុមឈ្មួញបានប្រមូលទិញក្នុង១តោន តម្លៃជាង១ម៉ឺនបាតប្រាក់ថៃ តែមកដល់អំឡុងឆ្នាំ២០១៩នេះក្រុមឈ្មួញឲ្យ១តោន តម្លៃ៥៥០០បាត ខុសតំលៃគ្នាមួយគុណនឹងពីរ ហើយឈ្មួញគេប្រាប់ថា គេមិនចង់ទិញទៀតផង ដោយក្រុមឈ្មួញចាប់អារម្មណ៍តែស្រូវប្រភេទម្លិៈក្រហមតែប៉ុណ្ណោះ។

លោកបន្ថែមថា៖ មិនដឹងមូលហេតុអ្វីបានជាផលស្រូវចុះថោកបែបនេះ ម្យ៉ាងទៀតការធ្វើស្រូវឆ្នាំនេះជួបគ្រោះរាំងស្ងួតធ្វើឲ្យដំណាំស្រូវ មួយចំនួនដែលបូមទឹកដាក់មិនដល់មិនបានផលជួបបញ្ហាស្កក ចំណែកស្រែខ្លះដែលពួកគាត់បូមទឹកដាក់ដល់ហើយបានផលតិចតួចបែរជាលក់មិនចេញ ឈ្មួញឲ្យតម្លៃថោក មិនសមនិងតម្លៃពលកម្ម មិនអាចទទួលយកបាន ណាជំពាក់ប្រាក់ខ្ចីបុលពីធនាគារដើម្បីយកទិញជីបាចស្រូវពេលបានផលលក់មិនចេញសោះឡើយ។
ចំណែកលោក ជា សារុន ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំគុត្តសត ស្រុកអូរជ្រៅ បានសំដែងអារម្មណ៍ស្រដៀងគ្នាថាតម្លៃស្រូវដែលនៅសេសសល់ពីគ្រោះរាំងស្ងួត ដែលពួកគាត់ប្រឹងបាចឬបូមទឹកដាក់បានផលបន្តិចបន្តួចមកគិតពីតម្លៃស្រូវខុសតម្លៃគ្នាឆ្ងាយដោយមិនអាចទទួលយកបានមិនសមនិងកំលាំងពលកម្មឡើយ។ ពួកគាត់សូមអំពាវនាវដល់រាជរដ្ឋាភិបាលជួយដល់ប្រជាកសិករដែលប្រកបរបរកសិកម្មនេះផង បើផលស្រូវចុះថោកបែបនេះរកប្រាក់សងថ្លៃទិញជីមិនរួចនោះទេ។

លោក ប៉ាង វណ្ណាសេត ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានប្រាប់តាមទូរសព្ទថា៖ ពាក់ព័ន្ធនឹងបញ្ហានេះ វាអាចទាក់ទងទៅនឹងគុណភាពស្រូវ ដោយលោកបញ្ជាក់ថា នៅខាងស្រុកព្រះនេត្រព្រះ តម្លៃប្រភេទស្រូវរំដួល ១តោន បានតម្លៃ៨០០០បាតដែរ ហើយចំពោះស្រូវប្រជាកសិករនៅខាងស្រុកអូរជ្រៅវិញ លោកមិនទាន់បានចុះទៅពិនិត្យជាក់ស្តែងនោះទេ ហើយលោកនឹងចុះទៅពិនិត្យ។ លោកថា លោកគ្រាន់តែមានការទំនាក់ទំនងទៅប្រធានមន្ទីរពាណិជ្ជកម្មដើម្បីឲ្យក្រុមហ៊ុនបៃតងចុះមកទិញមិនមានវិធានការអ្វីជួយជាប្រាក់កាសនោះទេ ម្យ៉ាងទៀតការប្រមូលផលស្របគ្នាច្រើន ដូចជាប្រទេសថៃ វៀតណាមក៏គេប្រមូលផលបានដែរហើយកសិករយើងបង្ខំលក់គាត់មិនមានជង្រុកទុកដូច្នេះទើបជួបផលវិបាកបែបនេះ ហើយបើទុកយូរផលស្រូវវានិងឡើងតម្លៃវិញហើយ៕