ព្រះវិហារ៖រយៈពេលពេញមួយព្រឹកនៅ លើប្រាសាទព្រះវិហារ អាជ្ញាធរខេត្តបានប្រារព្ធពិធីអបអរសាទរខួបលើកទី៧(០៧ កក្កដា ២០០៨ – ០៧ កក្កដា ២០១៥)នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ខណះនៅរាជធានីភ្នំពេញមិនឃើញអាជ្ញាធររៀបចំពិធីអ្វីទាក់ទិនទៅនឹងនិយមន័យខាងលើនេះទេ។
អ្នកឆ្លើយឆ្លងព័ត៌មានបានរាយការណ៍ថា នៅថ្ងៃទី៧កក្កដានេះ បើទោះបីជានៅទូទាំងប្រទេសកម្ពុជាមិនបានរៀបចំពិធីរំលឹកខួបនៃការបញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកយ៉ាងណាក្តី ក៏នៅខេត្តព្រះវិហារអាជ្ញាធរបានរៀបចំពិធីអបអរមួយដែលមិនសូវគគ្រឹកគគ្រេងដូចឆ្នាំមុនៗទេ ដោយមានការចូលរួមពីប្រជាពលរដ្ឋ សិស្សានុសិស្ស ជាង១ពាន់៥រយនាក់ ព្រមទាំងមានការចូលរួមពី លោក ឧបនាយករដ្ឋមន្ត្រីសុខអានផងដែរ។ នេះបើតាមប្រសាសន៍របស់ លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្ត ព្រះវិហារ។
គួរជម្រាបថា ប្រាសាទព្រះវិហារត្រូវបានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោកកាលពីថ្ងៃទី៧កក្កដាឆ្នាំ២០០៨ដោយអង្គការយូណេស្កូ។ ការចុះបញ្ជីប្រាសាទព្រះវិហារដែលមានប្រទេសកម្ពុជាជាម្ចាស់កម្មសិទ្ធិ បានធ្វើឲ្យរដ្ឋាភិបាលថៃខឹងសម្បារ។ មួយសប្តាហ៍ក្រោយមក ពោលគឺនៅថ្ងៃទី ១៥ កក្កដាឆ្នាំ ២០០៨ កងទ័ពថៃបានបង្កហេតុរហូតដល់ផ្ទុះសង្គ្រាមនៅតាមជាយដែន។
គេនៅចាំបានទៀតថា ជម្លោះតានតឹងស្តីពីប្រាសាទព្រះវិហារដែលបង្កឡើងភាគីថៃ បានបង្ខំឲ្យកម្ពុជាដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេសុំឲ្យតុលាការនេះចាត់វិធានការបន្ទាន់ដើម្បីការពារប្រាសាទចេញពីគ្រោះថ្នាក់ដោយគ្រាប់កាំភ្លើងរបស់ទាហានថៃ។គឺកម្ពុជាក៏សុំឲ្យតុលាការក្រុងឡាអេបកស្រាយឡើងវិញនូវសាលក្រម ឆ្នាំ១៩៦២ ដែលតុលាការនេះបានកាត់ក្តីឲ្យកម្ពុជាឈ្នះភាគីថៃផងដែរ។ ឆ្លើយតបនឹងបណ្តឹងនេះ តុលាការយុត្តិធម៌អន្តរជាតិក៏បានចេញសាលដីកាកាលពីថ្ងៃទី១៨កក្កដា ឆ្នាំ២០១១ ដោយតម្រូវឲ្យភាគីទាំងពីរដកទ័ពចេញពីតំបន់មានជម្លោះតំបន់ជុំវិញប្រាសាទព្រះវិហារ។ ប្រាសាទព្រះវិហារបានក្លាយជាមោទនភាពជាតិខ្មែរកាន់តែខ្លាំងឡើង បន្ទាប់ពីប្រាសាទនេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករយៈពេល៧ឆ្នាំកន្លងទៅនេះ។
ទោះបីជាយ៉ាងនេះក៏ដោយ ក៏រហូតមកដល់ពេលនេះមានរយៈពេល៥ឆ្នាំហើយ ដែលភាគីថៃនៅមិនទាន់បានអនុវត្តតាមសាលដីការបស់តុលាការ អន្តរជាតិក្រុងឡាអេនោះឡើយ៕
ពលរដ្ឋជាអ្នកទេសចរណ៍នៅប្រាសាទព្រះវិហារ នាពេលកន្លងទៅ