ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន បញ្ជាក់ថា កម្ពុជាកំពុងរៀបចំច្បាប់វិនិយោគ ដើម្បីជាការលើកទឹកចិត្ត បើកចំហ និងផ្តល់សិទ្ធិដល់វិនិយោគិនបរទេសធ្វើការវិនិយោគនៅកម្ពុជា។ សម្តេចតេជោ សង្ឃឹមថា ពិពរណ៏ផលិតផលខ្មែរ នឹងជួយបង្កើនការវិនិយោគលើកែច្នៃផលិតផលកម្ពុជា សម្រាប់នាំចេញទៅក្រៅប្រទេស។
ថ្លែងនៅក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជានៅរសៀលថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបចំច្បាប់វិនិយោគ និងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេស ក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្ត ដែលបើកចំហមានតម្លាភាព ដើម្បីទាក់ទាញវិនិយោគិនពីក្រៅប្រទេសបន្ថែមទៀត។ បើតាម សម្តេចតេជោ ក្របខ័ណ្ឌច្បាប់ដែលបានចែងខាងលើនេះគឺជាការលើកទឹកចិត្តប្រកបដោយតម្លាភាព គ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែងស្មើភាពដល់ការការពារនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន។ សម្តេចតេជោ បញ្ជាក់ថា ពិពរណ៏ផលិតផលខ្មែរ និងទំនិញនាំចេញ នាំចូលកម្ពុជា បានឆ្លុះបញ្ចាំងពីបរិយាកាសធុរកិច្ច និងវិនិយោគដ៏មានសក្តានុពលរបស់កម្ពុជា តាមរយៈការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពសង្គម និងកំណើនសេដ្ឋកិច្ចខ្ពស់ និងការរីកចំរើនលើគ្រប់វិស័យ ដែលផ្តល់ឱកាសដល់ធុរជនកម្ពុជា និងបរទេសទាំងអស់បានជួបពិភាក្សាគ្នា ដើម្បីជំរុញការធ្វើធុរកិច្ច និងការវិនិយោគជាដើម។
តាមរយៈ ព្រឹត្តិការណ៍នេះ ក៏ជាកាលានុវត្តភាពក្នុងការជួយកម្ពុជាលើការផ្សព្វផ្សាយអំពីសក្តានុពល វិនិយោគរបស់កម្ពុជា ជាឱកាសស្វែងរកទីផ្សារនាំចេញ ការផ្សព្វផ្សាយវប្បធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀតជាមួយបណ្ដាប្រទេសដៃគូនៅក្នុងតំបន់និងពិភពលោក។ គួរកត់សំគាល់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយបើកចំហរដល់ធុរជនទាំងអស់ ដើម្បីចូលមកវិនិយោគនៅកម្ពុជានឹងបង្កើតធុរកិច្ចនៅកម្ពុជា។ ការហូរចូលរបស់វិនិយោគទុនបរទេសមកកាន់កម្ពុជា បានធ្វើឲ្យកម្ពុជា ទទួលបាននូវធនធានហិរញ្ញវត្ថុ បច្ទេកវិទ្យា ជំនាញ ចំណេះដឹងនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប បទពិសោធន៍ សហគ្រិន និងការបង្កើតការងារថ្មីសម្រាប់ប្រជាជន ការពង្រីកផលិតកម្មក្នុងស្រុកកាន់តែទូលំទូលាយថែមទៀត។
លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ពិព័រណ៍ផលិតផលខ្មែរនិងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៤ កម្រិតអន្តរជាតិឆ្នាំ២០១៩ មានការចូលរួមពី ប្រទេសចិន ជប៉ុន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម និងប្រទេសឡាវ ព្រមទាំងមន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករ អង្គការ សមាគមអាជីវកម្ម ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។ ពិព័រណ៍នេះមានស្ដង់សរុបចំនួន៣៧២ស្ដង់ ហើយទំនិញ និងសេវាជាច្រើនប្រភេទ ត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្ដិការណ៍ពាណិជ្ជកម្មនេះ រួមមាន៖ ផលិតផលកសិកម្ម កសិ-ពាណិជ្ជកម្ម ផលិតផលសិប្បកម្ម ផលិតផលធ្វើពីសូត្រអង្ករ ម្រេច ដំឡូងមី វត្ថុអនុស្សាវរីយ៍សម្ភារៈការិយាល័យ ក្រណាត់ និងសម្លៀកបំពាក់សម្ភារៈប្រើប្រាស់ទូទៅផលិតផលសម្រាប់តុបតែងក្នុងគេហដ្ឋាន គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ។ ក្នុងនោះក៏មានផលិតផលឱសថបរិក្ខារពេទ្យ និងគ្រឿងសម្អាង ម្ហូបអាហារកែច្នៃនិងភេសជ្ជៈ គ្រឿងឧបភោគ-បរិភោគ ផលិតផលបា្លស្ទីក គ្រឿងអេឡិចត្រូនិកគ្រឿងបន្លាស់ គ្រឿងសង្ហារិមផលិតផលពាក់ព័ន្ធវិស័យទូរគមនាគមន៍ និងព័ត៌មានវិទ្យា គ្រឿងម៉ាស៊ីន សម្ភារៈសំណង់ ផលិត ផលបម្រើឲ្យសេវាសណ្ឋាគារទេសចរណ៍ សេវាអប់រំសេវាធនាគារ និងគម្រោងវិនិយោគ ជាដើម។ល។
លោក ប៉ាន សូរស័ក្តិ បានឱ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មនេះគឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិប្រចាំឆ្នាំរបស់កម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម បង្កើតឱកាសទីផ្សារ បង្ហាញពីបរិយាកាសធុរកិច្ច និងសក្ដានុពលវិនិយោគដ៏ល្អប្រសើរ ព្រមទាំងបង្ហាញអំពីគោលនយោបាយគាំពារវិនិយោគ និងធុរកិច្ចនៅកម្ពុជា៕