ខេត្តសៀមរាប ៖ អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាសហការជាមួយសាកលវិទ្យាល័យហាវ៉ៃសហរដ្ឋអាមេរិកធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុក ដែលមានទីតាំងស្ថិតនៅខាងលិចប្រាសាទវត្តអធ្វា ស្ថិតក្នុងភូមិទ្រាក សង្កាត់/ខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នឹងបញ្ចប់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។
លោក ទិន ទីណា អនុប្រធានមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ការស្រាវជ្រាវធ្វើឡើងដើម្បីស្វែងរកភូមិបុរាណ ទីសក្ការបូជា និងសម្ភារប្រើប្រាស់នានា ដែលស្ថិតនៅក្រៅរាជធានីអង្គរ ពិសេសនៅជុំវិញខេត្តសៀមរាប។ គំហើញថ្មីៗនេះជាប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ ការយល់ដឹងពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រខ្មែរពីអតីតកាលដល់បច្ចុប្បន្ន ព្រមទាំងរួមចំណែកការពារបុរាណដ្ឋានលើតំបន់ដែលកំពុងអភិវឌ្ឍន៍។
លោក ហេង ពិភាល់ បណ្ឌិតបុរាណវិទ្យានៃសាកលវិទ្យាល័យហាវ៉ៃនិងជាប្រធានគម្រោងស្រាវជ្រាវបានឱ្យដឹងថា ក្រុមការងារបានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាចំនួន៥រណ្តៅ ទំហំ១គុណ២ម៉ែត្រ នៅលើទួលដូនប៉ុកផងនិងនៅលើគោកមនុស្សរស់នៅក្បែរទួលនេះផង។ ជាលទ្ធផល រណ្តៅកំណាយនៅទួលដូនប៉ុកបានរកឃើញគ្រឹះប្រាសាទធ្វើពីថ្មបាយក្រៀមពីខាងក្រោមនិងឥដ្ឋនៅពីខាងលើដែលកប់ក្នុងដីជម្រៅជាង១ម៉ែត្រ ដែលមានសសរពេជ្រពណ៌ផ្កាឈូក២កំណាត់និងគំនរថ្មភក់នៅក្នុងខ្ទមអ្នកតា។ តាមការសន្និដ្ឋាន ប្រាសាទគោកដូនប៉ុកបានកសាងឡើងក្នុងស.វ.ទី១០ មានអាយុប្រហាក់ប្រហែលទៅនឹងប្រាសាទបន្ទាយស្រីនិងប្រាសាទព្រះឥន្ទ្រកោសីយ៍ ដែលជាទីសក្ការៈរបស់មនុស្សនាសម័យនោះ។
លោកបណ្ឌិតបុរាណវិទ្យារូបនេះបន្តថា តាមរយៈលទ្ធផលកំណាយ ប្រាសាទឥដ្ឋនេះដួលរលំនៅរវាងស.វ.ទី១២ឬ១៣ និងលែងជាកន្លែងប្រារព្ធពិធីសាសនាធំដុំទៀតហើយ ពោលគឺនៅត្រឹមតែជាគោកអ្នកតាប៉ុណ្ណោះ។ ការផ្លាស់ប្តូរនេះ ប្រហែលជួនគ្នានឹងការកសាងវត្តអធ្វានាស.វ.ទី១២ ឬទី១៣ដែរ ដោយមនុស្សបានប្តូរទៅគោរពបូជានៅវត្តអធ្វាវិញ។ ក្រៅពីនោះ ទាំងក្នុងរណ្តៅនៅទួលដូនប៉ុកនិងគោកភូមិ ក៏ឃើញមានបំណែកកុលាលភាជន៍ចិនពីស.វ.ទី១២ដល់ទី១៧ និងភាជន៍ខ្មែរផលិតនៅតំបន់នគររាជ ភ្នំគូលែន និងជើងឯកនៅស.វ.ទី១០និង១៣ មានភាជន៍ផុយ ភាជន៍រឹងមានស្រទាប់រលោង និងគ្មានស្រទាប់រលោង រួមទាំងរបស់ប្រើប្រាស់ផ្សេងៗ។
ទាំងនេះបញ្ជាក់ថា ទីតាំងដែលពួកគាត់រស់នៅសព្វថ្ងៃ (ទួលដូនប៉ុក) ជាភូមិចាស់តពីដូនតានិងមានមនុស្សរស់នៅតគ្នាជាង១០០០ឆ្នាំមកហើយ ពោលគឺតាំងពីស.វ.ទី១០ដែលមានសំណង់ប្រាសាទឥដ្ឋចំនួន១ និងមានគោកភូមិនៅជុំវិញប្រាសាទចំនួន៦។ ចំណែកបំណែកកុលាលភាជន៍បង្ហាញឱ្យដឹងថា វត្តមានមនុស្សរស់នៅទួលដូនប៉ុកមានយ៉ាងតិចដល់ស.វ.ទី១៨។
លោក វិទូ ភិរម្យ បុរាណវិទូនៃមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្តល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា តាមរយៈលទ្ធផលកំណាយនៅទួលដូនប៉ុក គឺបានបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងការរៀបចំភូមិកររបស់មនុស្សសម័យបុរាណនៅភាគខាងត្បូងអង្គរ ដែលប្រាសាទគឺជាមជ្ឈមណ្ឌលសំខាន់នៃសហគមន៍មួយ។ ប្រាសាទមានមនុស្សថែរក្សានិងរស់នៅជុំវិញ មានការប្រើប្រាស់សម្ភារផ្សេងៗដែលបម្រើឱ្យជីវភាពប្រចាំថ្ងៃនិងកិច្ចបូជា។ រីឯបំណែកកុលាលភាជន៍អាចឱ្យយើងស្វែងយល់ពីសេដ្ឋកិច្ចនិងការរស់នៅរបស់មនុស្សពីសម័យបុរាណ។ លើសពីនេះ យើងបានដឹងពីចលនាពាណិជ្ជកម្មនិងការប្រើប្រាស់ភាជន៍នាំចូលមកពីស្រុកចិន ដូចជាក្នុងរាជវង្សម៉េងនិងឆេង (តិចតួច) ភាជន៍បៃតងក្នុងរាជវង្សយួននិងសុង រួមទាំងប្រភេទភាជន៍រឹងផលិតក្នុងស្រុកផង។ល។
លោក ភិរម្យ បន្តថា លទ្ធផលទាំងអស់នេះនៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ ត្បិតនៅជាលទ្ធ ផលបឋម ហើយយើងក៏មានគម្រោងស្រាវជ្រាវនាពេលអនាគតដើម្បីស្វែងយល់អំពីទំហំនៃខឿនប្រាសាទដែលយើងឃើញតើវាមានទំហំប៉ុណ្ណា បើប្រៀបធៀបនឹងប្រាសាទផ្សេងៗក្នុងសម័យដំណាលគ្នានោះ? តើនេះជាប្រព័ន្ធនៃការរៀបចំភូមិករនិងប្រាសាទនាស.វ.ទី១០ឬយ៉ាងណា?
បុរាណវិទូខាងលើក៏បានឱ្យដឹងដែរ តាមរយៈកិច្ចសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ គឺជាឱកាសដ៏ល្អមួយសម្រាប់ផ្សព្វផ្សាយនិងការពារបុរាណដ្ឋានដែលស្ថិតនៅភាគខាងត្បូងអង្គរ ត្បិតតំបន់នេះសព្វថ្ងៃកំពុងអភិវឌ្ឍន៍ខ្លាំង ហើយតម្រូវការប្រើប្រាស់ដីធ្លីក៏ខ្ពស់ដែលអាចបង្កហានិភ័យខ្ពស់ដល់បុរាណដ្ឋាននៅក្នុងតំបន់នេះដែរ។ ដូច្នេះ តាមរយៈសកម្មភាពនៃការស្រាវជ្រាវតាមបែបបុរាណវិទ្យាមួយនេះ យើងអាចបង្ហាញពន្យល់ប្រជាពលរដ្ឋឱ្យយល់ពីតម្លៃនិងឱ្យចេះស្រឡាញ់ ការពារសម្បត្តិដូនតា កុំឱ្យមានការបំផ្លិចបំផ្លាញ។ លើសពីនេះទៀតអាចផ្សព្វផ្សាយឱ្យពួកគាត់ដឹងថា ទីតាំងបុរាណដ្ឋាននេះត្រូវការពារដោយអាជ្ញាធរជាតិអប្សរានិងយល់ដឹងពីសារៈសំខាន់របស់ទីទួលបុរាណដែលផ្សារភ្ជាប់ទៅនឹងតំបន់អង្គរ ព្រោះអង្គរមិនសំដៅតែលើរាជធានីដែលមានក្រុមប្រាសាទធំៗទាំងនោះតែមួយមុខទេ គឺជាការរួមផ្សំគ្នានៃប្រាសាទ និងភូមិករតូចៗទាំងអស់នេះឯង៕