ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបញ្ជាក់ថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយបញ្ជាក់ពីស្ថានភាពវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នៅក្នុងប្រទេសកម្ពុជា ដោយសារការខ្វះខាតវត្ថុធាតុដើមក្នុងការផលិត។
ដោយសារតែការផ្ទុះវីរុសកូរ៉ូណានៅក្នុងប្រទេសចិន រោងចក្រផលិតវត្ថុធាតុដើម និងក្រុមហ៊ុនផ្តល់សេវាជាច្រើនបានបិទដំណើរការបណ្តោះអាសន្ន ហើយរហូតដល់ចុងខែនេះ ទើបអាចចាប់ផ្តើមដំណើរការឡើងវិញបាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
បញ្ហានេះនឹងបង្កឱ្យមានផលប៉ះពាល់ចង្វាក់ផ្គត់ផ្គង់ដល់រោងចក្រនៅកម្ពុជា ខណៈបច្ចុបន្ននេះ វត្ថុធាតុដើមប្រហែលជាង៦០% សម្រាប់បម្រើឱ្យផលិតកម្មក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជា ត្រូវបាននាំចូលពីប្រទេសចិន។
សម្រាប់រោងចក្រមួយចំនួន វត្ថុធាតុដើមនៅក្នុងស្តុកសម្រាប់ផលិតកម្មអាចនឹងអស់នៅត្រឹមសប្តាហ៍ក្រោយ ឬសប្តាហ៍បន្ទាប់ ហើយការបិទរោងចក្របណ្តោះអាសន្ននៅប្រទេសចិន អាចនឹងធ្វើឱ្យរោងចក្រមួយចំនួនខ្វះវត្ថុធាតុដើមនៅចុងខែនេះ និងក្នុងខែមីនាខាងមុខ។ ប្រឈមនឹងបញ្ហានេះ រោងចក្រគ្មានជម្រើសអ្វីក្រៅពីការផ្អាកប្រតិបត្តិការផលិតកម្មជាបណ្តោះអាសន្ន ដែលអាចមានរយៈពេល ១ខែពេញ ឬដល់ ២ខែ។
ប្រភពដដែលអះអាងថា «ការផ្អាកបណ្តោះអាសន្នរយៈពេលខ្លីដែលយើងអាចរំពឹងទុកថា នឹងកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ មិនមានអ្វីពាក់ព័ន្ធនឹងដំណើរការនៃការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) របស់សហភាពអឺរ៉ុបមកលើប្រទេសកម្ពុជាទេ។ ការសម្រេចចិត្តណាមួយរបស់សហភាពអឺរ៉ុប នឹងត្រូវចូលជាធរមាននៅក្នុងរយៈពេលមិនតិចជាង ៦ខែខាងមុខនេះទៅនឹងបញ្ហា EBA មិនមែនជាការត្រឹមត្រូវទេ»៕