សម្តេច ហ៊ុន សែន ប្រតិកម្មចំពោះការនាំយករបាំព្រះរាជទ្រព្យទៅសំដែងនៅសិង្ហបូរី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 March, 2020 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញប្រតិកម្ម និងបង្ហាញនូវការសោកស្តាយ ចំពោះការយករបាំព្រះរាជទ្រព្យរបស់ខ្មែរ ទៅសម្តែងនៅប្រទេសសិង្ហបុរី ដែលធ្វើឱ្យខុសនឹងវប្បធម៌ ប្រពៃណីខ្មែរ ហើយជាការប្រមាថដល់វប្បធម៌ខ្មែរ រាជវង្សានុវង្ស និងអង្គព្រះមហាក្សត្រ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រតិកម្មខ្លាំង ដោយប្រកាសថា មិនអាចទទួលយកបានចំពោះការយករបាំព្រះរាជទ្រព្យរបស់ខ្មែរទៅសំដែងខុសទំរង់នៅក្នុងកម្មវិធីមួយនៅសិង្ហបុរី។ ខុសទម្រង់ ដោយសារការសំដែងរបាំព្រះរាជទ្រព្យធ្វើនៅពីក្រោយគ្រូហុងស៊ុយជនជាតិម៉ាឡេស៊ី ដែលទើបចូលសញ្ជាតិសឹង្ហបុរ។ ធ្ងន់ធ្ងរ រហូតធ្វើឲ្យសម្តេច មិនអាចទទួលយកបាន បុរសជាគ្រូអូមអាមរូបនេះ បានបន្តុះបង្អាប់ និងវាយប្រហារព្រះបរមរាជវាំងយ៉ាងធ្ងន់ធ្ងរ»។

កាលពីសប្តាហ៏មុន ប្រតិភូមួយក្រុមដឹកនាំដោយលោក យាង វណ្ឌី ប្រធានក្រុមព្រះសូរិយា បាននាំក្រុមរបាំកម្ពុជា មានទាំងរបាំអប្សរា របាំក្ងោក និងរបាំព្រះរាជទ្រព្យ ទៅសំដែងនៅសឹង្ហបុរី។ លោក យាង វណ្ឌី កាលពីថ្ងៃទី១ ខែមីនា កន្លងទៅ ត្រូវបានសម្តេចតេជោ ចេញអនុក្រិតបញ្ចប់តំណែងពីជំនួយការរបស់ ឯ.ឧ ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទំនងដោយសាររឿងរ៉ាវពាក់ព័ន្ធនឹងនេះដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ហាមជនបរទេសរូបនេះ កុំឱ្យចូលក្នុងប្រទេសកម្ពុជា បើសិនបរទេសរូបនេះមិនធ្វើការសុំទោសជាសាធារណៈទេនោះ។ សម្តេចសង្កត់ធ្ងន់ថា ក្នុងឋានៈជាប្រមុខ នៃរាជរដ្ឋាភិបាល មិនអាចទទួលយកបានទេនូវការធ្វើឱ្យអាប់ឱននូវមរតកដូនតាដែលបានបន្សល់ទុកជាពិសេស គឺរបាំព្រះរាជទ្រព្យ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា របាំព្រះរាជទ្រព្យជារបស់ជាតិខ្មែរទាំងមូល ដូច្នេះត្រូវរកឱ្យឃើញ បើទោះបីអ្នកដែលនាំរបាំព្រះរាជទ្រព្យ ទៅសម្តែងនៅសិង្ហបុរី ជាព្រះរាជវង្សានុវង្ស ក៏ត្រូវតែយាងព្រះរាជវង្សានុវង្សនោះ ឱ្យក្រសួងវប្បធម៌ ដើម្បីឱ្យក្រសួងធ្វើការណែនាំ ហើយមិនអាចតាំងខ្លួនជាព្រះរាជវង្សានុវង្ស នាំរបាំងសិល្បៈខ្មែរទៅបំផ្លាញនោះទេ។ សិល្បៈនេះ គឺជារបស់ប្រជាជាតិកម្ពុជា មិនមែនជារបស់សែរាជវង្សអង្គណាមួយនោះទេ ហើយអង្គព្រះមហាក្សត្រ ទ្រង់មិនដែលទុករបាំណាមួយជារបស់ទ្រង់ផ្តាច់មុខនោះដែរ។

នាយករដ្ឋមន្រ្តីកម្ពុជា ក៏ដាក់បទបញ្ជាដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យពង្រឹងវិន័យដល់អ្នកសិល្បៈការគោរពវិស័យសិល្បៈជាតិខ្មែរឱ្យបានហ្មត់ចត់ ហើយសម្តេចគាំទ្រឱ្យយក សិល្បៈកម្ពុជា ទៅសម្តែងនៅក្រៅប្រទេស ប៉ុន្តែមិនមែនយកទៅធ្វើឱ្យអាប់ឱននោះទេ។

សូមជម្រាបថា របាំព្រះរាជទ្រព្យ មានប្រវត្តិក្នុងព្រះរាជាណាចក្រកម្ពុជារាប់ពាន់ឆ្នាំមកហើយ និងបន្តវត្តមានរហូតមកដល់សព្វថ្ងៃ។ របាំព្រះរាជទ្រព្យ ជាស្នាដៃឯកតែមួយគត់គ្មានពីរ ឬវិសេសវិសាលចំពោះប្រពៃណីវប្បធម៌ អរិយធម៌ និងបំពេញគ្រប់លក្ខខណ្ឌជាច្រើនទៀត ទើបអាចជាប់ឈ្មោះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ក្នុងឆ្នាំ២០០៣។ ចំពោះកម្ពុជា សរុបមកទល់បច្ចុប្បន្នមានសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអស់៥ ដែលក្នុងនោះចែកជាសម្បត្តិវប្បធម៌រូបី២ និងសម្បត្តិវប្បធម៌អរូបី៣៕