ហូឡង់ ៖ លោក Christian Poulsen ដែលជាគ្រូជំនួយផ្នែកបច្ចេកទេសនៅក្នុងក្លឹបហូឡង់ Ajax ត្រូវបានគេរកឃើញថា កំពុងផ្ទុកវីរុសកូរ៉ូណា ឬ COVID-19 ខណៈដែលអ្នកនាំពាក្យរបស់ក្លឹបជើងឯកលីគកំពូលហូឡង់ លោក Miel Brinkhuis បានបំភ្លឺថា អ្វីៗក្នុងក្លឹបគឺល្អប្រសើរ ហើយពួកគេកំពុងស្ថិតក្នុងតាមដាននឹងពិនិត្យអាការៈយ៉ាងដឹតដល់ជាទីបំផុត។
យោងតាមប្រភពដែលចុះផ្សាយដោយសារព័ត៌មានហូឡង់ De Telegraaf បានរៀបរាប់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ជំនួយការគ្រូបង្វឹកលោក Erik ten Hag រូបនេះបានទៅចូលរួមពិធីជប់លៀងនៅថ្ងៃខួបកំណើតមួយកន្លែង ខណៈក្នុងចំណោមមនុស្សដែលនៅទីនោះ រកឃើញថា មានអ្នកផ្ទុកវីរុសដ៏កាចសាហាវ COVID-19។
ប្រភពដដែលបន្ថែមទៀតថា អតីតកីឡាករ Ajax រូបនេះបានជួបសួរសុខទុក្ខលោក Thomas Kahlenberg អតីតកីឡាករឆ្នើមរបស់ដាណឺម៉ាក ដែលបានហោះមក Amsterdam ទាំងកំពុងផ្ទុកវីរុស ហើយក៏ឆ្លងគ្នាតែម្តង។
Christian ព្រមជាមួយនឹងអ្នករួមអាជីព២រូបទៀតដែលធ្វើការនៅក្លឹបជើងឯកលីគកំពូលហូឡង់ ត្រូវបានដាក់ឲ្យនៅដាច់ឡែករយៈពេលយ៉ាងតិច១៤ថ្ងៃ នៅផ្ទះរហូតដល់ថ្ងៃទី១៣ ខែមីនាឆ្នាំ ២០២០។
សម្រាប់គ្រូបង្វឹកលោក Erik ten Hag មានសុខភាពល្អជាប្រក្រតី ប៉ុន្តែលោកនឹងត្រូវធ្វើការម្នាក់ឯង ដោយគ្មានជំនួយការដទៃដូចជា គ្រូជំនួយផ្នែកកាយសម្បទាលោក Alessandro Schoenmaker, គ្រូជំនួយផ្នែកបច្ចេកទេស Christian និងគ្រូជំនួយផ្នែកកាយសម្បទា ម្នាក់ទៀត (physiotherapist )៕